RFA | សកម្មជន​បក្ស​ប្រឆាំង​មួយ​គ្រួសារ​ភៀសខ្លួន​នៅ​​ថៃ​មាន​ជីវភាព​លំបាក​ខ្លាំង​ក្រោយ​ឆ្លង​ជំងឺ​កូវីដ១៩ | hot news

By , Comment
Share on Facebook Tweet on Twitter

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រួសារ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ មាន​ជីវភាព​លំបាក​ខ្លាំង ក្រោយពេល​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ទាំងអស់គ្នា​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​។ សព្វថ្ងៃ​ពួកគេ​ស្នាក់នៅ​ក្នុង​តង់​កៅស៊ូ​តូច​មួយ​នៅ​ជាយ​ទីក្រុង​បាងកក តាម​យថាកម្ម​ដោយ​ពុំ​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឡើយ។

សកម្មជន​គណបក្សប្រឆាំង​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​មួយ​គ្រួសារ​នេះ មាន​សមាជិក​ចំនួន​៣​នាក់ ក្នុង​នោះ​មានកូន​អាយុ​១២​ខែ​ម្នាក់​ផង ក៏​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ​ដូច​ឪពុកម្ដាយ​ដែរ។ នោះ​គឺជា​គ្រួសារ​របស់​ក្រុមប្រឹក្សា​ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មាន ឡា។ ពួកគេ​រស់នៅ​លំបាក​ជាង​ជនភៀសខ្លួន និង​ពលករ​ខ្មែរ​ដទៃទៀត​ដោយសារ​ពួកគេ​រស់នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ និង​មិនទាន់​ទទួល​បាន​សិទ្ធិ​ជា​ជនភៀសខ្លួន​។ ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បាន​អាណិត​អាសូរ​គ្រួសារ​របស់​គាត់ និង​បាន​ជម្លៀស​ពួកគាត់​ឱ្យ​នៅ​ទៅ​ក្នុង​តង់​កៅស៊ូ​តូច​មួយ​នៅ​ជាយ​ទីក្រុង​បាងកក ដើម្បី​គេច​ចេញ​ពី​ការ​ចាប់ខ្លួន​របស់​សមត្ថកិច្ច​ថៃ។

លោកស្រី មាន ឡា រៀបរាប់​ប្រាប់​អាស៊ីសេរី​ថា ចាប់តាំងពី​ពួកលោក​ស្រី​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​មក​កាល​ពី​ថ្ងៃទី​១ កក្កដា​មក ធ្វើ​ឱ្យ​គ្រួសារ​មាន​ជីវភាព​យ៉ាប់យ៉ឺន​ខ្លាំង ដោយសារ​មិនអាច​ចេញ​ទៅ​ធ្វើ​ការងារ​បាន​ឡើយ​។ ស្ត្រី​វ័យ​៣១​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា សព្វថ្ងៃ​នេះ​ពួក​លោក​ស្រី​ហូបចុក​អាហារ​ក្រៀមក្រោះ រួមមាន​ត្រីខកំប៉ុង និង​ពងមាន់​ជាមួយ​ទឹកត្រី ដែល​ពលករ​ខ្មែរ​នៅ​ទីនោះ​ផ្ដល់​ជូន​ពួកគាត់​ចែក​គ្នា​រស់​ប៉ុណ្ណោះ។ លោកស្រី ព្រួយបារម្ភ​ខ្លាច​ការ​ហូបចុក​បែបនេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ជាពិសេស​កូន​របស់​លោក​ស្រី​អាយុ​១២​ខែ ដែល​ជា​វ័យ​កំពុង​លូតលាស់ ប៉ុន្តែ​គ្មាន​អាហារ​បំប៉ន៖ «ខ្ញុំ​អាណិត​កូន​ខ្លោចចិត្ត ខ្ញុំ​មាន​បញ្ហា​សុខភាព​ក៏​អាណិតកូន កើត​មក​រត់​ជាមួយ​ខ្ញុំ​រហូត កូនតូច​គាត់​ត្រូវការ​ដែល​មាន​បរិយាកាស​ល្អ ដល់ពេល​កន្លែង​ខ្ញុំ​នៅ​ក្នុង​តង់​ហប់​ជិត​ចេញ​ដើរ​ក៏​អត់​ហ៊ាន​ចេញ​ដើរ ខ្លាច​ប៉ូលិស​ចាប់។ អាហារ​ក៏​គ្មាន​ហូប​ដែរ ពេលខ្លះ​ក៏​បន្ទោស​ខ្លួនឯង ដោយសារតែ​ខ្ញុំ​បាន​កូន​មក​អីចឹង តែ​ពេលខ្លះ​អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​ជាតិ និង​ប្រយោជន៍​រួម​។ គាត់​អត់​ដឹង​អី​សោះ​ជាប់គុក​ក៏​ជាប់គុក​ជាមួយ​ខ្ញុំ ដល់​ពេល​រត់​ក៏​រត់​មក​ជា​មួយ​ខ្ញុំ»

លោកស្រី​បន្តទៀត​ថា កូន​របស់​លោកស្រី​ចាប់តាំងពី​កើតមក មិនទាន់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​របស់​កុមារ​នៅ​ឡើយ​ទេ ដោយសារ​គ្មាន​ឯកសារ​ស្របច្បាប់ ដើម្បី​នាំ​កូន​ទៅ​ចាក់​ថ្នាំ។

អ្នក​ភៀសខ្លួន​នយោបាយ​មួយ​គ្រួសារ​នេះ​បាន​ស្នើសុំ​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​(UNHCR) ប្រចាំ​នៅ​ទីក្រុង​បាងកក ឱ្យ​ជួយ​ការពារ​សិទ្ធិ​រស់នៅ​របស់​ពួកគាត់​ប្រហែល​១០​ខែ​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេលនេះ​ពួកគាត់​មិនទាន់​ទទួល​បាន​ឋានៈ​ជា​ជនភៀសខ្លួន​នៅ​ឡើយ​ទេ​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​រក​សេវា​ផ្នែក​សង្គម​ផ្សេងៗ​នៅក្នុង​ប្រទេស​ថៃ​បាន​ឡើយ ហើយ​អំឡុង​ពេល​អាជ្ញាធរ​ថៃ​បិទ​ខ្ទប់​ការដ្ឋាន​សំណង់​នៅ​ទីក្រុង​បាងកក ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ធ្វើ​ឱ្យ​ពួកគាត់​កាន់តែ​លំបាក​ខ្លាំង។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្ដី​របស់​លោកស្រី មាន ឡាន គឺ​លោក ចក់ ហួរ ប្រាប់​ថា កាលពី​មិន​ទាន់​បិទ​ខ្ទប់​ទីក្រុង​បាងកក ពួក​លោក​មាន​ជីវភាព​ខ្វះខាត​រួចទៅ​ហើយ ប៉ុន្តែ​នៅ​ពេល​នេះ​គ្រួសារ​របស់​លោក​លំបាក​ជាង​មុន​ទ្វេដង ពីព្រោះ​ត្រូវ​ស្នាក់នៅ​ក្នុង​តង់​តូច​មួយ ដាច់​ពី​គេឯង ដោយ​គ្មាន​ស្ថាប័ន​ណា​ជួយ​ពួកលោក​នោះ​ទេ​។ បុរស​វ័យ​៣៩​ឆ្នាំ​រូប​នេះ បន្ត​ដោយ​សំដី​មួយៗ​ថា នៅពេល​ជំងឺ​កូ​វីដ​១៩​ធ្វើទុក្ខ​ម្ដងៗ ធ្វើ​ឱ្យ​លោក​ក្ដៅខ្លួន​ខ្លាំង ឈឺ​ដើមទ្រូង និង​ពិបាក​ដកដង្ហើម​ខ្លាំង៖ «ខ្ញុំ​នៅ​ក្អក​នៅ​ហួល​បំពង​ក ប៉ុន្តែ​វា​រាង​ធូរ​កម្ដៅ​ជាមុន​។ ពីមុន​ដេក​អត់​លក់​ទេ យប់​ឡើង​នៅ​ពេល​ដែល​ខ្ញុំ​រងា​ខ្លាំង ប្រពន្ធ​ខ្ញុំ​គាត់​ក្រោក​ជូត​ខ្លួន ទម្រាំ​តែ​ខ្ញុំ​បាន​ធូរ​បាន​អាច​សំងំ​ដេក​បាន​។​ដល់​ពេល​រំលង​ពីរ​បី​ថ្ងៃ​មក​កម្ដៅ​ហ្នឹង​ស្រក ប៉ុន្តែ​វា​នៅ​ក្អក​នៅ​អួល​ដើម​ក យើង​អត់​មាន​កម្លាំង​ទេ ហើយ​ការ​ហូប​អី​អត់​ដឹង​រសជាតិ​ទេ ប៉ុន្តែ​ខ្ញុំ​ព្យាយាម​ហូប ព្យាយាម​ព្យាបាល​ខ្លួនឯង​តាម​បែប​បូរាណ»

ពលករ​ខ្មែរ​ម្នាក់​ដែល​តែងតែ​ផ្ដល់​ស្បៀងអាហារ​ផ្គត់ផ្គង់​គ្រួសារ​មួយ​នេះ គឺ​លោក ម៉ិច សំណាង ថ្លែង​ថា ជនភៀសខ្លួន​ខ្មែរ​មួយ​គ្រួសារ​នេះ​មាន​ជីវភាព​រស់នៅ​កំសត់​ជាងគេ ដោយសារ​ពួកគាត់​មានកូន​តូច ហើយ​រស់នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​។ លោក​បន្ត​ថា ពួកគាត់​ប្រឈម​នឹង​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ ប្រសិនបើ​ធ្វើការ​ងារ ឬ​ចេញ​ដើរ​អំឡុង​ពេលនេះ៖ «អាណិត​ណាស់​គឺ​នៅ​លើ​ដែល​គាត់​មាន​កូនតូច ពេល​មាន​បញ្ហា​អី​ឪពុកម្ដាយ​អត់​មាន​ឯកសារ​ដល់ពេល​អីចឹង​នៅពេល​ម្ដងៗ​លំបាក​។​ខ្ញុំ​ឃើញ​មើលទៅ​វា​វេទនាណាស់ បើ​និយាយ​រួម​ទៅ​ស្រណោះ​គាត់ គាត់​ស្នេហា​ជាតិ​ហើយ​រហូតដល់​ធ្លាក់ខ្លួន​មកដល់​ស្រុក​គេ​មាន​បញ្ហា​គ្រប់កន្លែង»

សកម្មជន​គណបក្សប្រឆាំង​មួយ​គ្រួសារ​នេះ​បាន​ភៀសខ្លួន​ទៅដល់​ប្រទេស​ថៃ​កាលពី​ខែ​កញ្ញា​ឆ្នាំ​២០២០ ដោយ​លោកស្រី មាន ឡា បាន​នាំ​កូនស្រី​តូច​ចាក​ពី​កម្ពុជា​ទៅជា​មួយ​ប្ដី​របស់​គាត់​។ កូន​របស់​គាត់​ពេលនោះ មាន​អាយុ​ទើបតែ​២​ខែ​កន្លះ ហើយ​ពួកគាត់​បាន​រត់​លាក់ខ្លួន​នៅក្នុង​ព្រៃ​នៅ​តំបន់​ព្រំដែន​ថៃ អស់​រយៈពេល​១០​ថ្ងៃ ដើម្បី​គេច​ចេញ​ពី​ការ​តាម​ប្រមាញ់​របស់​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​។ ការ​ភៀសខ្លួន​នេះ គឺ​ដោយសារ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ផ្ដន្ទាទោស និង​តាម​ចាប់ខ្លួន​លោកស្រី​ជា​លើក​ទី​២ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook ) គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី កាល​ពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩។

កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២០ តុលាការ​ខេត្ត​ត្បូងឃ្មុំ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ៧​នាក់​ឲ្យ​ជាប់ពន្ធនាគារ​ពី ៥​ឆ្នាំទៅ ៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ដែល​ជា​សំណុំរឿង​ចាស់ កាលពី​ឆ្នាំ​២០១៩។ ក្នុង​ចំណោម ៧​នាក់​នោះ គឺ​មាន ៥​នាក់ ត្រូវ​បាន​តុលាការ​ជាន់​ទាប​មួយ​នេះ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៧​ឆ្នាំ និង​ចេញ​ដីកា​តាម​ចាប់ខ្លួន​ឡើងវិញ ហើយ​សកម្មជន​ទាំង​៥​នាក់ ដែល​ត្រូវ​បាន​ផ្ដន្ទាទោស ៧​ឆ្នាំ​នោះ មាន​ម្នាក់​កំពុង​ជាប់ឃុំ​នៅ ពន្ធនាគារ​ព្រៃ​ស ហើយ​៤​នាក់​បាន​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស ក្នុង​នោះ​ក៏មា​ន​លោកស្រី មាន ឡា និង​ប្ដី​របស់​គាត់​ផង​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក សុខ ឥសាន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ចាប់អារម្មណ៍​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ថៃ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ក្រុម​បក្ស​ប្រឆាំង​ទាំង​នោះ​រត់​ភៀសខ្លួន​រក​កន្លែង​លំបាក​ដោយ​ខ្លួន ពីព្រោះ​លោក​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​តាម​ធ្វើទុក្ខបុកម្នេញ​ពួកគេ​ឡើយ៖ «អ៊ីចឹង​បើ​គាត់​កុំ​ប្រព្រឹត្ត​ល្មើសច្បាប់​ទៅ គេ​នៅ​គគោក​មិន​មាន​អី​ផង​ហ្នឹង​។ គាត់​ថា រិះគន់​ហ្នឹង​មិនមែន​រិះគន់​ទេ គឺ​វាយប្រហារ។ អាហ្នឹង​គាត់​រអៀស​ខ្លួនឯង​តើ​មាន​អ្នកធ្វើ​អី​គាត់ ម្យ៉ាងទៀត ការ​រត់​ភៀសខ្លួន​នោះ​វា​ជា​ជម្រើស​ជំនួញ ដើម្បី​បាន​ទៅ​រស់នៅ​ប្រទេស​ទី​៣ ហើយ​ប្រទេស​ទី​៣​សុំ​ឱ្យ​យក​គាត់​ទៅ​នៅ​ផង»

ទោះជា​យ៉ាងណា ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក នី សុខា មើលឃើញ​ថា ការដែល​សកម្មជន​គណបក្ស​ប្រឆាំង​រត់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​នេះ គឺ​ដោយសារ​ពួកគាត់​មិនអាច​រស់នៅ​ក្នុង​ស្រុក​បាន បណ្ដាល​ពី​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ធ្វើទុក្ខបុកម្នេញ​ពួកគាត់​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ជ្រើសរើស​គណបក្ស​នយោបាយ​ណាមួយ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ស្របតាម​រដ្ឋធម្មនុញ្ញ​៖ «យុទ្ធសាស្ត្រ​ការ​ធ្វើ​នយោបាយ​វា​ជា​រឿង​មួយ​ក្នុង​ការ​ជ្រើស​របស់​មនុស្ស​ម្នាក់ៗ ដែល​គេ​ជ្រើស​យក​របៀប​ធ្វើ​នយោបាយ​ផ្សេងៗ​គ្នា ។​ពីព្រោះ​ថា មនុស្ស​ទាំងអស់​មិនអាច​យល់​ដូចគ្នា​ថា ទាល់តែ​ធ្វើ​នយោបាយ​បែបនេះ​បែប​នោះ​តាម​ការចង្អុល​បង្ហាញ​របស់​បុគ្គល​នេះ​បុគ្គល​នោះ បាន​នយោបាយ​ហ្នឹង​ត្រឹមត្រូវ​នោះ​ទេ។ វា​ជា​សេរីភាព​របស់​អ្នក​ដែល​គេ​សម្រេច​ចិត្ត​ថា​គេ​ប្រើ​យុទ្ធសាស្ត្រ​ណា​ដើម្បី​ឱ្យ​មាន​ភាព​ជោគជ័យ»

សកម្មជន​គណបក្សប្រឆាំង​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ជា​បន្តបន្ទាប់ តាំងពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ដែល​អ្នកសង្កេតការណ៍​មើលឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ខ្លាច​ចាញ់​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨​។ រហូត​មកដល់​ពេលនេះ​សកម្មជន​បក្ស​នេះ​ប្រមាណ​១០០​នាក់​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ ។​

លោកស្រី មា ឡា និង​ប្ដី ប្រកាន់​ជំហរ​ថា បើ​ទោះ​បីជា​គ្រួសារ​របស់​លោក​ស្រី​មាន​សុខភាព​ទ្រុឌទ្រោម​ដោយសារតែ​ជំងឺ​កាច​សាហាវ​យ៉ាងនេះ​ក្ដី ក៏​ពួក​លោកស្រី​នៅតែ​បន្ត​ជីវភាព​នយោបាយ​ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង​ទៅ​មុខ​ទៀត ដោយ​មិន​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត​ឡើយ ដោយសារ​គ្រួសារ​លោកស្រី​មិន​ពេញចិត្ត​នឹង​របប​ឯក​បក្ស ដែល​បំផ្លាញ​ប្រជាធិបតេយ្យ និង​ចាប់​ប្រជាពលរដ្ឋ​ដាក់គុក​តាម​អំពើ​ចិត្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments