ជនចាស់ជរាមួយចំនួនលើកឡើងថា អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគាត់។ ពួកគាត់ហូបអាហារមិនគ្រប់គ្រាន់ដោយសារគ្មានលទ្ធភាពធ្វើការងាររកប្រាក់ទិញស្បៀងអាហារដោយខ្លួនឯង។
ក្រុមពលរដ្ឋនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី២ ខែមិថុនាថា ពួកគាត់គ្មានលទ្ធភាពធ្វើការងាររកប្រាក់ចិញ្ចឹមខ្លួនឯងអំឡុងពេលនេះបានទេ ដោយសារពួកគាត់ក្រីក្រ ហើយមានវ័យកាន់ចាស់កម្លាំងខ្សោយ គឺមិនអាចធ្វើការងារបានដូចកាលនៅពីក្មេង៖ «បើនិយាយពីពិបាកវាហួសពិបាកហើយតែធ្វើម៉េច បើវានៅតែឃ្លានអីចឹង បើយើងមិនរកវាអត់ហូបអីចឹង ហើយបើចាំគេបើកអំណោយអីនឹងគ្មានទេគេបើកឱ្យតែបក្ខពួកគេ អ្នកណាផ្ទះថ្មអ្នកនឹងបានហើយ បើអ្នកផ្ទះខ្ទមដូចពួកខ្ញុំគេមើលមិនឃើញទេ។ សូមឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនហ្នឹងឱ្យគាត់ជួយជនក្រីក្រផង។ ខ្ញុំរកអីមិនបានដូចខ្ញុំនៅពីក្មេង ឥឡូវកូនខ្ញុំវាច្រើន ភ្នែកក៏កាន់តែងងិតភ្នែកក៏កាន់តែខ្សោយ បើបានជំនួយមកខ្ញុំអរគុណហើយរដ្ឋាភិបាល ខ្ញុំរកអីមិនបានទេខ្វះព្រឹកខ្វះល្ងាច»។
ដូចគ្នានេះដែរក្រុមប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថ្លែងថា ចាប់តាំងពីពួកគាត់មានអាយុ ៦០ ឆ្នាំមក រកប្រាក់ចំណូលមិនគ្រប់សម្រាប់ចិញ្ចឹមជីវភាពនោះទេ។ បន្ថែមពីនេះ ពួកគាត់បានធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ ដោយសារការហូបចុកមិនគ្រប់គ្រាន់៖ «នាយករដ្ឋមន្ត្រីជួយខ្ញុំផង ខ្ញុំទៅរកអីអត់រួចទេ ប្ដីក៏ចាស់ប្រពន្ធក៏កើតជំងឺទឹកនោមផ្អែម ខ្ញុំទៅរកអីអត់រួចសុំឱ្យលោកជួយខ្ញុំផង សុំផ្ដល់ថវិកាជួយខ្ញុំផង គ្រាន់ទិញថ្នាំលេបរាល់ខែផង តានេះក៏ទៅរកមិនរួច ក៏នៅពីរនាក់យាយហ្នឹងតានេះឯង។ ងងិតក៏ងងិត ណាឈឺក្បាលវិលមុខក៏វិលទៅញញាក់ ក៏ញាក់សព្វសាច់ដល់ដើរមិនចង់រួច បានប្រាក់ឈ្នួលពីណាបើគ្មានអ្នកណារក មានតែកូនចៅបាយបបរៗរាល់ថ្ងៃ»។
ជនចាស់ជរាទាំងនេះអំពាវនាវសុំដល់រដ្ឋាភិបាលរបបក្រុងភ្នំពេញគិតគូផ្ដល់ប្រាក់សោធនដល់ពួកគាត់ ដើម្បីចិញ្ចឹមជីវភាពក្នុងវ័យជរានេះ។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា និងអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចលោក មាស សុខសេនសាន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ ខែមិថុនា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនមានលទ្ធភាពផ្ដល់ប្រាក់សោធន ជូនដល់មនុស្សចាស់នោះទេ។ បន្ថែមពីនេះលោកថា ក្នុងកាលៈទេសៈនេះ ជនចាស់ជរាគួរតែចេះផ្ដល់ព័ត៌មានទៅឱ្យអាជ្ញាធរមូលដ្ឋាននៅជិតពួកគាត់ ដើម្បីជួយដោះស្រាយដល់ពួកគាត់៖ «ឥឡូវក្មួយសួរគាត់ឈ្មោះអី ឈ្មោះក ឈ្មោះខ នៅភូមិណា ឃុំណា សង្កាត់ណា ហើយដាក់ផ្សាយតាមវិទ្យុអាស៊ីសេរីហ្នឹងទៅ គេជ្រាយហើយ។ រដ្ឋអំណាចមូលដ្ឋានគេជ្រាបគេហ្នឹងអន្តរាគមន៍ជូនគាត់ហើយ។ រដ្ឋាភិបាលមិនទុកឱ្យមនុស្សណាម្នាក់ ទោះចាស់ក្ដីក្មេងក្ដីស្លាប់ដោយអត់បាយដោយមិនការដោះស្រាយ ដោយមិនបានដឹងហើយមិនមានការដោះស្រាយទេ បើដឹងហើយត្រូវតែដោះស្រាយជូនគាត់ហើយ»។
ទោះជាយ៉ាងណា ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពលោក យង់ គឹមអេង យល់ថា រដ្ឋាភិបាលគួរតែមានគោលនយោបាយផ្ដល់ប្រាក់សោធនជូនដល់មនុស្សចាស់ ដើម្បីជួយដល់ពួកគាត់ក្នុងវ័យជរា។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រភាគច្រើន រស់នៅដោយគ្មានអ្នកមើលថែ ដោយសារកូនៗរបស់ពួកគាត់មួយចំនួនធ្វើចំណាកស្រុក៖ «មនុស្សចាស់ក៏ជាមនុស្សដែលត្រូវការយកចិត្តទុកដាក់ជាសំខាន់ដែរ ជាមួយគ្នានោះយើងឃើញថាគាត់មានការលំបាកបញ្ហាជាច្រើននៅក្នុងជីវិតរបស់គាត់បច្ចុប្បន្នក្នុងការរស់នៅជាមនុស្សចាស់។ ជាមួយគ្នានោះដែរ គឺកុំឱ្យគាត់លំបាកខាងជីវភាពកាន់តែយ៉ាប់យ៉ឺនទៀត គាត់មិនចង់បានរស់នៅអីហ៊ឺហាដូចគេដូចឯងទេ ប៉ុន្តែធ្វើម៉េចឱ្យគ្រាន់តែម៉ារស់ គាត់អាចរស់នៅបានមានអាហារហូបចុកគ្រប់គ្រាន់ហ្នឹងបាទ»។
ថ្មីៗនេះ នាយកអង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា លោក នីក បេរេសហ្វ័ដ (Nick Beresford) ចង់ឃើញរដ្ឋាភិបាលដាក់ចេញប្រព័ន្ធសោធននិវត្តន៍ និងប្រព័ន្ធគាំពារសង្គមសម្រាប់មនុស្សចាស់ដែរ ខណៈដែលចំនួនប្រជាជនវ័យចំណាស់នៅកម្ពុជាបានកើនឡើង។ លោកព្រមានថា បើទោះបីជាពេលនេះកម្ពុជា គឺជាប្រទេសដែលមានប្រជាជនវ័យក្មេងក៏ដោយ ប៉ុន្តែស្ថានភាពដូច្នេះនឹងមិននៅបែបនេះរហូតនោះឡើយ។ លោកបញ្ជាក់ថា នៅពាក់កណ្តាលទសវត្សរ៍ ២០២០ កម្ពុជាអាចនឹងចំនួនមនុស្សចាស់កើនឡើងក្នុងល្បឿនលឿនជាងចំនួនមនុស្សដែលឋិតក្នុងវ័យកម្លាំងពលកម្ម។ ដូច្នេះលោកស្នើឲ្យរដ្ឋាភិបាលគួរតែគិតគូផ្ដល់ប្រព័ន្ធសោធននិវត្តន៍ និងប្រព័ន្ធគាំពារសង្គមសម្រាប់មនុស្សចាស់ ដើម្បីឲ្យពួកគេទទួលបានការឧបត្ថម្ភគាំទ្រពីរដ្ឋ។
របាយការណ៍អង្គការ UNDP ឱ្យដឹងថា ក្នុងឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចាស់អាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ចំនួនជិត ៩% នៃប្រជាជនសរុប ពោលគឺកើនឡើងជាង ៥% ធៀបនឹងពីរទសវត្សរ៍កន្លងទៅ។ ចំនួននេះអាចនឹងកើនឡើងដល់ទៅ ២១% ក្នុងឆ្នាំ២០៥០ ខាងមុខ។ នេះមានន័យថា ប្រសិនបើគ្មានជំនួយ ឬគោលនយោបាយគាំពារសង្គមច្បាស់លាស់ពីរដ្ឋនោះទេ នោះប្រជាជនក្នុងវ័យកម្លាំងពលកម្ម នឹងក្លាយជាអ្នកទទួលបន្ទុករ៉ាប់រងជួយឧបត្ថម្ភគាំទ្រដល់ក្រុមមនុស្សវ័យចាស់ទាំងនោះដែលមានចំនួនកាន់តែច្រើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments