អ្នកភូមិប្រើសក្អក ឃ្វាលគោក្បែរចម្ការអំពៅរបស់ក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង ក្នុងឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៨។ Photo provided |
ដោយ វ៉ែន សុមេធ RFA 2018-02-21
ជនជាតិដើមភាគតិចកួយ រស់នៅឃុំម្លូព្រៃពីរ និងឃុំសង្កែពីរ ស្រុកឆែប ខែត្រព្រះវិហារ បានដាក់ពាក្យប្តឹងទៅអាជ្ញាធរពាក់ព័ន្ធ ក្រោយពីពួកគាត់រកឃើញថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំការអំពៅចិន ឈ្មោះ រួយ ហ្វេង បានដាក់ថ្នាំបំណុលសម្លាប់សត្វគោជាច្រើនក្បាល ព្រោះខឹងនឹងអ្នកភូមិដែលតែងលែងគោឲ្យស៊ីអំពៅរបស់ក្រុមហ៊ុន។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិប្រើសក្អក ឃុំម្លូព្រៃពីរ ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា អ្នកភូមិប្រទះឃើញថ្នាំកណ្តៀររបស់ក្រុមហ៊ុននៅលើដីស្រែពលរដ្ឋ ៤ទីតាំងផ្សេងគ្នាជាប់ចម្ការអំពៅរបស់ក្រុមហ៊ុន។ ថ្នាំកណ្តៀរនោះ បានជ្រាបចូលក្នុងទឹកត្រពាំង និងថ្លុក បណ្តាលឲ្យគោងាប់ជាបន្តបន្ទាប់នៅពេលដែលទៅផឹកទឹកនោះ។
ជនជាតិដើមភាគតិចកួយ លោក អៀម អន ឲ្យដឹងថា បច្ចុប្បន្នអ្នកភូមិពុំមានដីសម្រាប់ឃ្វាលគោនោះទេ ព្រោះដីដែលពួកគាត់ឃ្វាលកន្លងទៅ រដ្ឋាភិបាលបានវិនិយោគឲ្យក្រុមហ៊ុនចិន ឈូសឆាយដាំដំណាំអស់រាប់ម៉ឺនហិកតានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាលឲ្យពួកគាត់ខ្វះខាតដីសម្រាប់ឃ្វាលគោ បានបង្ខំចិត្តឃ្វាលនៅដីស្រែជាប់ចម្ការអំពៅរបស់ក្រុមហ៊ុន ព្រោះពុំមានជម្រើស។ លោកចោទថា កម្មករក្រុមហ៊ុនមានចេតនាធ្វើឲ្យគោអ្នកភូមិងាប់ ដោយប្រើប្រាស់ថ្នាំកណ្ដៀដាក់លើដីស្រែ និងទឹកថ្លុក៖ «មានតែកម្មករក្រុមហ៊ុនដាក់ ព្រោះទឹកក្នុងដីប្រជាពលរដ្ឋតែដីនៅក្បែរចម្ការអំពៅគេ។ អត់មានកន្លែងឃ្វាលគោ នៅស្រែក៏អត់មានកន្លែងឃ្វាល។ ដល់ពេលកន្លែងក្រុមហ៊ុន មានទឹកត្រពាំង ដល់អ៊ីចឹងទៅគេដាក់ទឹកត្រពាំងហ្នឹង»។
បុរសដដែលបន្តថា ក្រោយដឹងពីមូលហេតុនេះ ពួកគាត់បានចងគោក្របីទុក ដោយរង់ចាំអាជ្ញាធរពាក់ព័ន្ធស្វែងរកដំណោះស្រាយ និងរកមូលហេតុឲ្យបានច្បាស់លាស់ ក៏ប៉ុន្តែពុំឃើញមានអាជ្ញាធរចុះទៅស៊ើបអង្កេតដើម្បីឲ្យពួកគាត់កក់ក្តៅឡើយ ថែមទាំងទម្លាក់កំហុសលើពលរដ្ឋវិញថា មិនបានថែទាំសត្វចិញ្ចឹមឲ្យបានត្រឹមត្រូវ៖ «ពលរដ្ឋពួកខ្ញុំមានការលំបាកច្រើន ដល់ខ្ញុំសំណូមពរទៅ គេថា ពួកខ្ញុំឃ្វាលគោខ្លួនឯងបន្ទោសគេ តែតាមការពិតគឺថ្នាំក្រុមហ៊ុនទាំងអស់។ ខ្ញុំបានរាយការណ៍ទៅស្រុកហើយ តែគេថា មកពីពលរដ្ឋប្រហែស ពលរដ្ឋមិនដឹងធ្វើម៉េច។ បើច្បាប់លើគេ យើងអត់មានអំណាចដូចគេ»។
ជនជាតិដើមភាគតិចកួយរស់នៅភូមិប្រើសក្អក ដែលចុះដល់ទីតាំងបាតុភាពនេះ លោក ពាន សុផាន ឲ្យដឹងថា អ្នកភូមិបានពឹងពាក់សមត្ថកិច្ច និងអាជ្ញាធរដើម្បីស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ក្រែងបានសំណងខ្លះពីក្រុមហ៊ុន ក៏ប៉ុន្តែអាជ្ញាធរពាក់ព័ន្ធទាំងនោះបែរជាធ្វើមិនដឹងមិនឮ។ លោកថា ពលរដ្ឋជួបរឿងអយុត្តិធម៌ខ្លាចរអាក្នុងការស្វែងដំណោះស្រាយ ព្រោះអាជ្ញាធរពាក់ព័ន្ធច្រើនមិនយកចិត្តទុកដាក់ដោះស្រាយលើពាក្យបណ្ដឹងរបស់ពួកគាត់នោះទេ៖ «អាជ្ញាធរមួយៗ គេធ្វើមិនដឹងមិនឮ គឺគេកាន់ជើងខាងក្រុមហ៊ុនមិនថា ដីធ្លីក៏មិនឃើញដោះស្រាយអីដែរ។ ដល់ពេលថ្នាំសម្លាប់គោក៏ពុំឃើញបង្ក្រាបបាន មិនឃើញដំណោះស្រាយទេ អាជ្ញាធរមួយៗមិនថា ភូមិ ឃុំ មិនស្រុកខែត្រទេ»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុន រួយ ហ្វេង ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។ ប៉ុន្តែមេឃុំម្លូព្រៃពីរ លោក កាន់ សុវណ្ណគា ថ្លែងថា លោកបានបញ្ជូននគរបាល និងមេភូមិចុះទៅស្រាវជ្រាវរកមូលហេតុបាតុភាពនេះហើយ តែពុំទាន់ទទួលបានលទ្ធផលជាក់លាក់។ លោកថា អាជ្ញាធរឃុំបានរាយការណ៍បញ្ហានេះទៅអាជ្ញាធរស្រុកហើយដែរ ដើម្បីឲ្យពិនិត្យទឹកថ្លុកដែលគោផឹកបណ្តាលឲ្យងាប់នោះ៖ «ខ្ញុំបានរាយការណ៍ទៅថ្នាក់ស្រុកហើយ ដើម្បីឲ្យគេចុះពិនិត្យមើលថា ទឹកមានជាតិពុល ឬយ៉ាងណានោះ គឺខ្ញុំអត់ច្បាស់ដែរ។ ខ្ញុំឲ្យខាងស្រុកយកទឹកហ្នឹងពិនិត្យមើលដែរ»។
មន្ត្រីសម្របសម្រួលផ្នែកតស៊ូមតិនៃអង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ យល់ថា ក្រុមហ៊ុន សហគមន៍ និង អាជ្ញាធរ ត្រូវពិភាក្សាគ្នាបញ្ហានេះ ក្នុងការស្វែងរកដំណោះស្រាយរួមមួយ ហើយអាជ្ញាធរគឺជាអ្នកទទួលខុសត្រូវចម្បងរាល់ការខាតប្រយោជន៍ពលរដ្ឋ មិនត្រូវគេចវេះយករួចខ្លួននោះទេ ព្រោះបញ្ហានេះជាការខាតទ្រព្យសម្បត្តិរបស់សហគមន៍៖ «ខូចខាតហើយគាត់បានប្ដឹងទៅអាជ្ញាធរហើយនោះ គឺអាជ្ញាធរមិនគួរទុកចោលនូវបណ្តឹងពួកគាត់ទេ ទោះបីប្ដឹងផ្ទាល់មាត់ក្ដី គាត់ត្រូវតែព្យាយាមដោះស្រាយរឿងហ្នឹងឲ្យមើលឃើញថា នេះជាការទទួលខុសត្រូវ ជាពិសេសគឺអាជ្ញាធរហ្នឹងតែម្ដង»។
កាលពីឆ្នាំ២០១៥ ក៏មានករណីគោពុលងាប់នេះដែរ ក៏ប៉ុន្តែអាជ្ញាធរមិនបានស្វែងរកដំណោះស្រាយ និងចាប់ជនល្មើសមកទទួលខុសត្រូវផ្លូវច្បាប់នោះទេ។
សហគមន៍ជនជាតិដើមភាគតិចកួយ បន្ថែមថា ពួកគេមានទម្លាប់លែងគោក្របីតាមវាលស្រែ និងព្រៃគឺជាប្រពៃណីតាំងពីដើមមក ក៏ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដីព្រៃ និងវាលស្រែនៅតំបន់នោះ ត្រូវហ៊ុមព័ទ្ធដោយចម្ការអំពៅរបស់ក្រុមហ៊ុនចិន បណ្ដាលឲ្យពួកគាត់លំបាករកកន្លែងឃ្វាលគោ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments