ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិនចូលព្រះកាយបំភ្លឺនៅតុលាការពាក់ព័ន្ធនឹងបច្ច័យបុណ្យសព បណ្ឌិតកែម ឡី និងបទរំលោភ លើទំនុកចិត្តតាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា នេះឡើយ។ ព្រះតេជព្រះគុណ ចាត់ទុកថា តុលាការជាឧបករណ៍របស់អ្នកមានអំណាចដែលមិនអាចផ្ដល់យុត្តិធម៌ឲ្យព្រះអង្គ និងលោកបណ្ឌិត កែម ឡី។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ និងជាអតីតសមាជិកគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ បានបង្ហោះវីដេអូឃ្លីបជាង ១១នាទី នៅលើទំព័រហ្វេសប៊ុក (Facebook) ដោយពន្យល់ អំពីមូលហេតុនៃការធ្វើពហិការ មិនចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញជាលើកទី២ នៅថ្ងៃទី៨ ខែវិច្ឆិកា។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា តុលាការក្រុងភ្នំពេញ មិនមែនជាកន្លែងផ្ដល់យុត្តិធម៌ ឲ្យអ្នកទន់ខ្សោយនោះទេ ពោលគឺបម្រើតែផលប្រយោជន៍ឲ្យបុគ្គលមានអំណាច និងមានដុល្លារ ប៉ុណ្ណោះ។ ព្រះតេជព្រះគុណ បញ្ជាក់ទៀតថា មូលហេតុមិនចូលបំភ្លឺនៅតុលាការ ព្រោះព្រះអង្គបាន ធ្វើពហិការមិនទទួលស្គាល់ប្រព័ន្ធតុលាការ ហើយព្រះអង្គមិនចង់ចំណាយពេលឥតប្រយោជន៍ ជាមួយនឹងល្បែងដែលគេលែងកម្ទេចប្រជាប្រិយភាពអ្នកស្នេហាជាតិ និងប្រជាប្រិយភាពលោក បណ្ឌិត កែម ឡី នោះទេ។
ព្រះអង្គបន្តថា គេបានខិតខំរៀបចំព្រឹត្តិការណ៍ប្ដឹងប្រឆាំងអតីតសមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ចំនួន៣នាក់ ព្រោះគេមានចេតនាចង់ឲ្យប្រជាពលរដ្ឋខ្មែរចាប់អារម្មណ៍ ពីរឿងលួចលុយ ហើយភ្លេចគិតពីរឿងដែលធំបំផុត គឺការទាមទារយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី។ «»
កាលពីថ្ងៃទី២០ ខែតុលា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះអតីត សមាជិកគណៈកម្មការបុណ្យសពលោក កែម ឡី ៣នាក់ រួមមាន ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លោក មឿន តុលា នាយកប្រតិបត្តិអង្គការសង់ត្រាល់ និងលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីសាកសួរបំភ្លឺ ពីដំណើររឿងពាក់ព័ន្ធនិងបច្ច័យបុណ្យសព លោក បណ្ឌិត កែម ឡី និងបទរំលោភលើទំនុកចិត្ត តាមពាក្យបណ្ដឹងរបស់លោក ពេជ្រ ស្រស់។
លោក មឿន តុលា បានចូលបំភ្លឺនៅតុលាការរួចហើយ កាលពីថ្ងៃទី៧ វិច្ឆិកា។ ចំណែក លោកប៉ា ងួន ទៀត បានប្រគល់សិទ្ធិឲ្យមេធាវី ដោយសារលោកជាប់រវល់នៅក្រៅប្រទេស។ លោក មឿន តុលា បានបដិសេធថា លោកពុំបានកិបកេងប្រាក់បុណ្យសពបណ្ឌិត កែម ឡី ដូចការចោទប្រកាន់របស់លោក ពេជ្រ ស្រស់ នោះទេ និងស្នើសុំឲ្យតុលាការតម្កល់សំណុំរឿងនេះ ឥតចាត់ការបន្តទៀត។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើងថា គេបានព្យាយាមបន្សាបគុណតម្លៃរបស់លោកបណ្ឌិត កែម ឡី ដោយគេខំផ្ដល់អំណោយមួយចំនួន ដើម្បីលួងលោមចិត្តប្រជាជនខ្មែរ និងបន្ទាប់មកគេបាន ព្យាយាមកម្ទេចអ្នកណា ដែលពូកែរៀបចំព្រឹត្តិការណ៍រម្លឹកពីគុណតម្លៃរបស់លោកកែម ឡី។ «»
ក្រុមគ្រួសារបណ្ឌិត កែម ឡី មិនគាំទ្រការប្ដឹងគណៈកម្មការរៀបចំបុណ្យសពទៅតុលាការទេ។ ប្អូនប្រុសបង្កើតលោក បណ្ឌិត កែម ឡី លោក កែម រិទ្ធិសិត ជឿទុកចិត្តថា ក្រុមអតីតគណៈកម្មការនេះ មិនបានកិបកេងលុយបុណ្យសពនោះឡើយ។ ចំពោះភរិយារបស់លោក បណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា វិញ ក៏បានជំទាស់ចំពោះការប្ដឹងនេះដែរ។ ប៉ុន្តែ អ្វីដែលសំខាន់នោះ អ្នកស្រីទាមទារឲ្យតុលាការ និងរដ្ឋាភិបាលជួយរកឃាតកពិតសម្លាប់ លោក បណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ បើសិនជាសាធារណជនគ្រប់រូប អាណិតស្រលាញ់ក្រុមគ្រួសាររបស់អ្នកស្រី។
ទាក់ទិនករណីនេះដែរ អ្នកច្បាប់ពន្យល់ថា លោក ពេជ្រ ស្រស់ មិនមានគុណសម្បត្តិផ្លូវ ច្បាប់ គ្រប់គ្រាន់ ដើម្បីប្ដឹងប្រឆាំងព្រះតេជព្រះគុណ គុណ ប៊ុត ប៊ុនតញ លោក ប៉ា ងួនទៀង និងលោក មឿន តុលា ពីបទរំលោភលើសេចក្ដីទុកចិត្តករណីបច្ច័យបុណ្យសព បណ្ឌិត កែម ឡី នោះទេ។
លោក មេធាវី ហុង គឹមសួន ធ្លាប់បញ្ជាក់ថា ការប្ដឹងផ្ដល់ទាក់ទងនិងរឿងថវិកាបុណ្យសពលោក បណ្ឌិត កែម ឡី នេះ មានតែក្រុមគ្រួសារប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការប្ដឹងនេះ។
អតីតគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ធ្លាប់បានបកស្រាយពន្យល់សាធារណជនជាច្រើន លើកច្រើនសាថា ពួកគាត់មិនបានពាក់ព័ន្ធនឹងថវិកា ដែលទទួលបានពីសាធារណជនចូលរួមបុណ្យសពនេះទេ គណៈកម្មការគ្រប់គ្រងតែចំនួនតួលេខតែប៉ុណ្ណោះ ចំពោះលុយដែលទទួលបាន គឺក្រុមគ្រួសារលោកបណ្ឌិត កែម ឡី ពិសេសភរិយារបស់លោកផ្ទាល់ ជាអ្នកទទួលថវិកាទាំងនោះ។ លោក ប៉ា ងួនទៀង ធ្លាប់លើកឡើងថាលោក ពេជ្រ ស្រស់ ប្ដឹងប្រឆាំងរូបលោក ដោយសារតែគណបក្សកាន់អំណាចនៅពីក្រោយខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments