RFA | មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនាការ​អប់រំ​សាធារណជន​ពី​អំពើ​និទ្ទណ្ឌភាព​ករណី​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន | hot news

By , Comment
Share on Facebook Tweet on Twitter

អ្នកសារព័ត៌មាន​ខ្មែរ​ចំនួន១៥ នាក់ ដែល​ត្រូវ​ឧក្រិដ្ឋជន​សម្លាប់ រាប់​តាំង​ពី​ឆ្នាំ១៩៩៤ រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​បាន​ទទួល​យុត្តិធម៌។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នៅ​ថ្ងៃ​ទី២៩ ខែ​តុលា​នេះ បញ្ជាក់​ជា​ថ្មី​ទៀត​ថា មក​ដល់​ពេល​នេះ​អាជ្ញាធរ​រដ្ឋាភិបាល​ខកខាន​មិន​បាន​ស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព ឯករាជ្យ និង​តម្លាភាព ដើម្បី​នាំ​ជនល្មើស​មក​ជំនុំជម្រះ ដែល​បណ្ដាល​ឱ្យ​ករណី​ទាំងនេះ​មិន​អាច​ដោះស្រាយ ហើយ​ជនរងគ្រោះ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ ខណៈ​ជនល្មើស​នៅ​តែ​បន្ត​រួចខ្លួន​ពី​ការផ្ដន្ទាទោស​ចំពោះ​អំពើ​ឧក្រិដ្ឋ​របស់​ពួកគេ។

ទាក់ទង​នឹង​បញ្ហា​នេះ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចាប់​ផ្ដើម​យុទ្ធនាការ​រយៈពេល​ជិត​១ខែ ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​អំពើ​និទ្ទណ្ឌភាព​នៃ​បទឧក្រិដ្ឋ​លើ​អ្នកសារព័ត៌មាន ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៩​នេះ បន្ត​រហូត​ដល់​ថ្ងៃ​ទី២៦ ខែវិច្ឆិកា។ យុទ្ធនាការ​នេះ​មាន​គោលបំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​តួនាទី​អ្នកសារព័ត៌មាន​ក្នុង​សង្គម​ប្រជាធិបតេយ្យ និង​អំពើ​និទ្ទណ្ឌភាព ដែល​កំពុង​បន្ត​ញាំញី​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន​ផង។

សកម្មភាព​ក្នុង​យុទ្ធនាការ​ទាំង​នោះ រួម​មាន ការ​ផ្សព្វផ្សាយ​ឡើង​វិញ​នូវ​វីដេអូ​រឿង «អ្នកបន្តវេន» រៀបរាប់​ពី​កូនប្រុស​អ្នក​សារព័ត៌មាន​ម្នាក់ ដែល​ព្យាយាម​ស្វែង​រក​យុត្តិធម៌​ជូន​ឪពុក ដែល​ត្រូវ​គេ​សម្លាប់ ការ​ចេញ​ផ្សាយ​វីដេអូ​ប្រវត្តិ​អ្នក​សារព័ត៌មាន ដែល​ត្រូវ​គេ​សម្លាប់​ទាំង ១៥នាក់ ការផ្សាយ​ផ្ទាល់​កម្មវិធី​វិទ្យុ និង​វីដេអូ​ស្ដីពី​ទិវា​អន្តរជាតិ​ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព ព្រមទាំង​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ស្ថានភាព​សេរីភាព​បញ្ចេញមតិ សេរីភាព​សារព័ត៌មាន សិទ្ធិ​ទទួល​ព័ត៌មាន​សម្រាប់​ឆ្នាំ២០២៤។

អង្គការ​សហប្រជាជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី២ ខែវិច្ឆិកា ជា​ទិវា​អន្តរជាតិ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នកសារព័ត៌មាន៕



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments