អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានបញ្ជាក់នៅក្នុងគេហទំព័ររបស់ខ្លួនថា សត្វតោមួយក្បាល បានដាក់ឱ្យរស់នៅក្នុងសួនសត្វភ្នំតាម៉ៅហើយ បន្ទាប់ពីដកហូតពីជនជាតិចិនមក។
អាជ្ញាធរក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ មិថុនា ដោយមានការសហការជាមួយរដ្ឋបាលព្រៃឈើ និង អង្គការសម្ព័ន្ធមិត្ត សត្វព្រៃកម្ពុជា បានដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិនម្នាក់ ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន នៅក្នុងសង្កាត់បឹងកេងកង ១ ក្រុងភ្នំពេញ។
យោងតាមរដ្ឋបាលព្រៃឈើ សត្វតោនេះ ត្រូវបានបុរសជនជាតិចិនទិញមកចិញ្ចឹមក្នុងតម្លៃ ១ម៉ឺនដុល្លារ ក្នុងមួយក្បាល។ សត្វតោមួយក្បាលនេះ ជាប្រភេទសត្វតោមកពីតំបន់អាហ្វ្រិក ដែលវាចូលចិត្តរស់នៅក្នុងវាលស្មៅ។
នាយរងរដ្ឋបាលព្រៃឈើក្រុងភ្នំពេញ លោក គាំ សីហា បានបញ្ជាក់នៅក្នុងគេហទំព័ររបស់អង្គការសម្ព័ន្ធមិត្ត សត្វព្រៃកម្ពុជាថា «ចំពោះសត្វតោឈ្មោលមួយក្បាលនោះ នឹងត្រូវប្រគល់ជូនទៅកាន់មជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដើម្បីចិញ្ចឹមបីបាច់បន្ត ចំណែកជនជាតិចិនដែលជាម្ចាស់ត្រូវបានអាជ្ញាធរហៅទៅណែនាំឈប់ឱ្យចិញ្ចឹមសត្វព្រៃបែបនេះបន្តទៀត»។
អង្គការសម្ព័ន្ធមិត្ត សត្វព្រៃកម្ពុជា បានបញ្ជាក់ទៀតថា សត្វតោឈ្មោលនោះ គឺជាសត្វក្មេងពេញវ័យ ដែលត្រូវជនជាតិចិន ចិញ្ចឹមតាំងពីតូចមក។ ឥឡូវវាមានអាយុមួយឆ្នាំកន្លះ ហើយមានទម្ងន់ជាង ៧០គីឡូក្រាម។ ធ្មេញចង្កូមរបស់សត្វតោ ត្រូវបានគេដកចេញ រួមជាមួយក្រញាំរបស់វាផងដែរ ដែលកាត់បន្ថយគុណភាពជីវិតរបស់សត្វតោយ៉ាងខ្លាំង។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបន្តថា ផ្ទះ ជាលំនៅឋាន គឺមិនមានលក្ខខណ្ឌសមរម្យសម្រាប់សត្វព្រៃទេ។
សត្វតោស៊ីសាច់ឆៅប្រហែល ៦គីឡូក្រាមក្នុងមួយថ្ងៃ។ សត្វតោឥឡូវមានសុវត្ថិភាព ហើយត្រូវបានគេមើលថែយ៉ាងត្រឹមត្រូវនៅឯមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ ដូចគ្នានឹងសត្វទាំងអស់ដែលកំពុងទទួលការថែទាំដែរ បុគ្គលិករដ្ឋបាលព្រៃឈើនៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅនឹងអះអាងថា សត្វតោនឹងទទួលបានគ្រប់យ៉ាងនូវអ្វី ដែលវាត្រូវការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments