RFA | ភរិយា​លោក ជា វិជ្ជា កំពុង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​គ្រា​ដែល​សំណុំរឿង​ឃាតកម្ម​១៧​ឆ្នាំ ពុំ​មាន​ពន្លឺ​យុត្តិធម៌ | hot news

By , Comment
Share on Facebook Tweet on Twitter

ភរិយា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា មិន​រំពឹង​ថា នឹង​ទទួល​បាន​យុត្តិធម៌​ពី​របប​ដឹកនាំ​បច្ចុប្បន្ន​ទេ។ លោកស្រី ជា គឹមនី យល់​ថា ល្គឹកណា​រដ្ឋាភិបាល នៅតែ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន នោះ​ការស្វែងរក​ការពិត ចំពោះ​ឃាតកម្ម​លើ​ស្វាមី​គាត់ នឹង​មិន​អាច​លាតត្រដាង​ចេញ​ជា​រូបរាង​បាន​ឡើយ​។ មន្ត្រី​សហជីព និង​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​ថា សំណុំរឿង​ឃាតកម្ម​នេះ គឺជា​បន្ទុក​និង​ជា​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែងរក​ឃាតក​ពិត​មក​ទទួល​ទោស។

លោកស្រី ជា គឹមនី ដែល​កំពុង​រស់នៅ​ប្រទេស​ហ្វាំងឡង់ អះអាង​ថា ថ្វីបើ​គ្មាន​សង្ឃឹម​ពី​រដ្ឋាភិបាល​កម្ពុជា​ក្ដី ប៉ុន្តែ​សហគមន៍​អន្តរជាតិ កំពុង​យកចិត្តទុកដាក់​សំណុំ​រឿង​នេះ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ប្ដី​គាត់​និង​គ្រួសារ។

លោកស្រី ជា គឹមនី មាន​ប្រសាសន៍ថា ទោះ​បើ​រដ្ឋាភិបាល​មិន​អើពើ​ស្វែងរក​ឃាតក​ពិត​ដែល​បាន​សម្លាប់​ប្ដី​លោកស្រី​ក៏ដោយ ប៉ុន្តែ​សហគមន៍​និង​អង្គការ​អន្តរជាតិ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​សំណុំ​រឿង​នេះ ហើយ​លោកស្រី​កំពុង​សហការ​យ៉ាង​ជាប់​លាប់​ក្នុង​ដំណើរការ​ស្វែងរក​ការពិត​។ លោកស្រី ជា គឹមនី ថា មូលហេតុ​ដែល​សហគមន៍​អន្តរជាតិ​មិន​បោះបង់​គ្រួសារ​លោកស្រី ដោយសារ​គេ​បាន​យល់ថា ប្ដី​លោកស្រី​គឺជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុង​ការងារ​តស៊ូ​មតិ​ដើម្បី​ផលប្រយោជន៍​កម្មករ​។ ប៉ុន្តែ​លោកស្រី​ស្នើសុំ​លាក់​អត្តសញ្ញាណ​ស្ថាប័ន​នោះ​សិន​៖ «បើ​និយាយ​ទៅ​ការ​សម្លាប់​គ្រួសារ​ខ្ញុំ​នេះ រដ្ឋាភិបាល​គេ​មិន​រក​មាន​អ្នក​ផ្សេង​គេ​រក អ្នកណា​ដែល​សម្លាប់​ជា វិជ្ជា ហ្នឹង​? ព្រោះ​អី​គាត់​ជា​ប្រធាន​សហជីព​ដែល​ឯករាជ្យ​មិន​ពុករលួយ​មិន​ចុះចូល​ក្នុង​រដ្ឋាភិបាល គ្មាន​ចំណុះ​ចូល​ក្នុង​គណបក្ស​នយោបាយ​ណា​ទេ គឺជា​សហជីព​មួយ​ឯករាជ្យ​គឺ​គេ​មិន​បំបិទ​ចោទ​ទេ អ៊ីចឹង​ការងារ​ហ្នឹង​គឺ​គេ​នឹង​ធ្វើ​ទៅ​មុខ​ទៀត»

លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​កម្មករ​ចាត់ទុកថា ជា​មេ​សហជីព​ដ៏​ក្លាហាន ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត កែង​របង​វត្ត​លង្កា រាជធានី​ភ្នំពេញ ខណៈ​លោក​កំពុង​អាន​កាសែត វេលា​ម៉ោង​៩​ព្រឹក កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤។ គ្រានោះ ប្រទេស​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​រវាង​គណបក្ស​ចំនួន​៣ ដែល​ជាប់​គាំង​មិន​អាច​បង្កើត​រដ្ឋាភិបាល​បាន ក្រោយពេល​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០០៣ ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​គណបក្ស សម រង្ស៊ី បាន​ប្រកាស​ជំទាស់​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ។

លោក ជា វិជ្ជា តែងតែ​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ទាមទារ​ឱ្យ​កម្មករ​ហ៊ាន​តវ៉ា​ចំពោះ​ថៅកែ​រោងចក្រ​ដើម្បី​កុំ​ឱ្យ​ជិះជាន់​កម្លាំង​ពលកម្ម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ។

មុន​ឃាតក​បាញ់សម្លាប់ លោក ជា វិជ្ជា បាន​ទទួល​សារ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក គំរាម​ផ្ដាច់ជីវិត នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៣ បន្ទាប់ពី​លោក​ប្រកាស​ឱ្យ​សមាជិក​សហជីព​សេរី​កម្មករ​ទាំងអស់​គាំទ្រ​គណបក្ស សម រង្ស៉ី។ លោក​បាន​ប្ដឹង​ទៅ​ប៉ូលិស​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ ស្រប​ពេល​លោក​នៅតែ​បន្ត​សកម្មភាព​ការងារ​តស៊ូ​មតិ​ដឹកនាំ​កម្មករ​ធ្វើបាតុកម្ម​ជា​ធម្មតា​។ ប៉ុន្តែ​ប៉ូលិស​ឆ្លើយ​ថា មិន​ហ៊ាន​ចាត់ការ​ទេ ព្រោះ​អ្នក​គំរាម​នោះ​ជា​មន្ត្រី​មាន​ឋានៈ​ធំ​ខ្ពស់ ហើយ​មន្ត្រី​ប៉ូលិស​រូប​នោះ បាន​ណែនាំ​ឱ្យ​លោក ជា វិជ្ជា ត្រូវ​រក​កន្លែង​មាន​សុវត្ថិភាព​។ ទោះជា​យ៉ាង​នេះ​ក្តី លោក ជា វិជ្ជា មិន​ព្រម​ចាក​ចេញពី​ប្រទេស​កម្ពុជា តាម​ការ​ស្នើ​សុំ​របស់​អង្គទូត​នានា​ឡើយ ព្រោះ​លោក​ចង់​តស៊ូ​ដើម្បី​ផលប្រយោជន៍​កម្មករ សិទ្ធិសេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ថ្វីបើ​លោក​មាន​ការ​តស៊ូ​លះបង់​ជីវិត​បែបនេះ​ក្ដី គិត​មក​ពេលនេះ មាន​រយៈពេល ១៧​ឆ្នាំ​ហើយ ដែល​សំណុំរឿង​ឃាតកម្ម​ដ៏​កក្រើក​មួយ​នេះ នៅ​មិនទាន់​ត្រូវ​បាន​របប​ក្រុងភ្នំពេញ វែកមុខ​រក​ឃាតក​ឃើញ​នៅឡើយ​។ របប​នេះ​រង​ការ​រិះគន់​ថា បាន​ព្យាយាម​បង្កើត​ឃាតក​សិប្ប​និមិត្ត គឺ​លោក ប៊ន សំណាង និង​សុខ សំអឿន ដើម្បី​រំងាប់​ចិត្ត​សាធារណជន។

អតីត​ស្នងការ​រាជធានី​ភ្នំពេញ លោក ហេង ពៅ ធ្លាប់​ប្រាប់​កាសែត​បរទេស មុន​ពេល​លោក ហ៊ុន សែន មិនទាន់​ចាប់ខ្លួន​លោក​ពី​ប្រទេស​ម៉ាឡេស៊ី នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៦ ថា អតីត​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក ហុក ឡងឌី បាន​បញ្ជា​ឱ្យ​លោក​ចាប់ សុខ សំអឿន និង ប៊ន សំណាង​។ តែ​មន្ត្រី​លោក ហ៊ុន សែន បាន​បដិសេធ​ការ​អះអាង​របស់​លោក ហេង ពៅ នៅ​ពេល​នោះ។ កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៧ លោក ហេង ពៅ បាន​និយាយ​ទី​កាន់​អ្នកសារព័ត៌មាន​នៅ​ក្នុង​បរិវេណ​តុលាការ​កំពូល​ថា អ្នកសារព័ត៌មាន​នឹង​បាន​ដឹង​ថា នរណា​បាញ់សម្លាប់​លោក ជា វិជ្ជា នៅ​ថ្ងៃ​អនាគត។

កាល​ពី​ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ស៊ើបអង្កេត​ពិសេស​លើ​ឃាតកម្ម​សម្លាប់​លោក ជា វិជ្ជា និង​មេ​សហជីព​ពីរ​រូប​ផ្សេងទៀត គឺ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត។ ប៉ុន្តែ​នៅ​ចុង​ឆ្នាំ​២០១៧ ក្រសួង​មហាផ្ទៃ​ក៏បាន​ផ្ទេរ​ឯកសារ​និង​ការស្រាវជ្រាវ​ឲ្យ​ទៅ​ក្រសួង​ការងារ​វិញ ប៉ុន្តែ​មក​ដល់​ពេលនេះ មិនទាន់​ឃើញ​មាន​បង្ហាញ​លទ្ធផល ឬ​ការ​វិវឌ្ឍ​នៃ​ដំណើរការ​ស៊ើបអង្កេត​សំណុំ​រឿង​នេះ​ថា យ៉ាងណា​នៅឡើយ។

ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​សារភាព​ថា រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ស៊ើបអង្កេត​រឿង​នេះ​ទៀត​ទេ​។ លោក​ថា ប្រសិនបើ​នរណា​ចង់បាន​យុត្តិធម៌​សម្រាប់​លោក ជា វិជ្ជា ពួកគេ​ត្រូវ​ស្វែងរក​ភស្តុតាង​ថ្មីៗ ដាក់​ជូន​តុលាការ​ដោយ​ខ្លួនឯង។

អនុប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ លោក ម៉ាន់ សេងហាក់ តែងតែ​ដឹកនាំ​កម្មករ​សហជីព​ធ្វើ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា ជា​រៀងរាល់​ឆ្នាំ​។ លោក​ថ្លែង​ថា ដើម្បី​បញ្ចប់​ការ​អូស​បន្លាយ​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ គឺ​ទាល់តែ​ទាំង​អាជ្ញាធរ​រដ្ឋាភិបាល និង​តុលាការ​មាន​ឆន្ទៈ​ពិតប្រាកដ​ទើប​អា​ចរក​ឃាតក​ពិត​ឃើញ​៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​សម្លាប់​មេដឹកនាំ​សង្គម​ស៊ីវិល​អ្នក​រិះគន់​ហ្នឹង​គឺជា​បន្ទុក​របស់​រដ្ឋាភិបាល​មិនមែន​បន្ទុក​របស់​ជន​រងគ្រោះ​ទេ ពីព្រោះ​អាជ្ញាធរ​ត្រូវតែ​ការពារ​ប្រជាពលរដ្ឋ​ហើយ បើ​បន្ទុក​ហ្នឹង​ទៅ​ប្រជាពលរដ្ឋ​វិញ​វា​ហាក់​ដូចជា​ប្រទេស​ហ្នឹង​ពុំ​មាន​មេដឹកនាំ​ល្អ​ទេ»

ទាក់ទង​តៅ​នឹង​បញ្ហា​នេះ ទីប្រឹក្សា​ជាន់ខ្ពស់​អង្គការ​សម្ពន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​អង្គការ​ច្រាក (CHRAC) លោក រស់ សុដ្ឋា ថ្លែង​ថា យុត្តិធម៌​អាច​មាន​ទាល់តែ​មានការ​ផ្លាស់ប្ដូរ​នយោបាយ​ដឹកនាំ​ប្រទេស នយោបាយ​បង្រួបបង្រួម​ជាតិ លើកកម្ពស់​យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​ទើប​អាច​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​បាន​៖ «ដូច្នេះ​រាជរដ្ឋាភិបាល​ដែល​ធ្លាប់តែ​មានការ​គាំទ្រ​សិទ្ធិមនុស្ស​នោះ​ដែរ ធ្វើ​យ៉ាងម៉េច​អោយ​សង្គម​ខ្មែរ​យើង​ពិតជា​បាន​ដើរ​ទៅតាម​គោលនយោបាយ​អន្តរជាតិ​និង​ជាតិ​ដែល​លើកស្ទួយ​សិទ្ធិមនុស្ស​និង​របប​ប្រជាធិបតេយ្យ»

លោក រស់ សុដ្ឋា មាន​មតិ​ទៀត​ថា ការ​លះបង់​របស់​លោក ជា វិជ្ជា គឺជា​គំរូ​វីរភាព​មួយ​ក្នុង​ការ​ជ្រោមជ្រែង​របប​ប្រជាធិបតេយ្យ​ឲ្យ​កើតមាន​ពិត​សម្រាប់​ប្រទេស និង​ជា​គំរូ​ល្អ​មួយ​ដល់​កម្មករ​និង​អ្នក​ប្រជាធិបតេយ្យ​ទាំងឡាយ។

ភរិយា​លោក ជា វិជ្ជា និង​កូនស្រី​ទាំងពីរ​ដែល​និរទេស​ខ្លួន​ទៅ​រស់នៅ​ប្រទេស​ហ្វាំងឡង់ ដែល​ទន្ទឹង​រង់ចាំ​ពន្លឺ​យុត្តិធម៌ ១៧​ឆ្នាំ​មក​ហើយ នឹង​មិន​អស់សង្ឃឹម​នោះ​ទេ ពួកគេ​រំពឹង​ថា សហគមន៍​អន្តរជាតិ​នឹង​ជ្រោមជ្រែង​លាតត្រដាង​ការពិត​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជា​មិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments