អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ប្រឆាំង​ការ​យក​ជំងឺ​កូវីដ១៩ ធ្វើ​នយោបាយ

By , Comment
Share on Facebook Tweet on Twitter
កាល​ពី​ថ្ងៃ​ច័ន្ទ អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​សារ​ជា​ថ្មី​ទៅ​កាន់​ប្រទេស​មួយ​ចំនួន ដែល​យក​ជំងឺ​កូវីដ១៩ «ធ្វើ​នយោបាយ» ដោយ​បាន​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ​នឹង​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ការ​មិន​គោរព​វិទ្យាសាស្ត្រ និង​ធ្វើ​ឲ្យ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ប្រធាន​អង្គការ WHO លោក Tedros Adhanom Ghebreyesus បាន​និយាយ​ថា កាល​ពី​សប្ដាហ៍​មុន មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កើនឡើង​ច្រើន​បំផុត ចាប់តាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​បាន​ចាប់ផ្ដើម​មក។ ប្រទេស​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​តំបន់​អឌ្ឍគោល​ខាង​ជើង ក៏​មាន​ការ​កើនឡើងនៃ​ការ​ចូល​សម្រាក​ព្យាបាល​របស់​អ្នកជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​ផង​ដែរ ដោយ​បន្ទប់​ព្យាបាល​ដិតដល់​បន្ទាន់​នៅ​តាម​បណ្ដា​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប និង​អាមេរិក​ខាង​ជើង ពោរពេញ​ដោយ​អ្នកជំងឺ។ លោក Tedros បាន​និយាយ​ថា នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ មេដឹកនាំ​ជាច្រើន​ជុំវិញ​ពិភពលោក បាន​វាយ​តម្លៃ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​របស់​ពួកគេ និង​បាន​ចាត់​វិធានការ​នានា​ដូចជា​ការ​បិទ​សកម្មភាព​សង្គម ការ​ធ្វើការ​និង​សិក្សា​ពី​ផ្ទះ និង​ការ​ដាក់​កំហិត​មួយ​ចំនួន​ទៀត ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។ លោក​បាន​បញ្ជាក់​ថា៖ «វិទ្យាសាស្ត្រ​បន្ត​ប្រាប់​យើង​អំពី​ការពិត​នៃ​ជំងឺ​នេះ អំពី​របៀប​បង្ការ​វា បង្រ្កាប​វា និង​បញ្ឈប់​វា​កុំ​ឲ្យ​ត្រឡប់​មក​វិញ ក៏​ដូចជា​វិធី​សង្គ្រោះ​ជីវិត​អ្នក​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ផង​ដែរ»។ ប្រធាន​អង្គការ WHO រូប​នេះ​បាន​បន្ថែម​ថា ប្រទេស​មួយ​ចំនួន​ដែល​បាន​ធ្វើ​តាម​វិទ្យាសាស្ត្រ​បាន​បង្ក្រាប​ជំងឺ​នេះ និង​បាន​ធ្វើ​ឲ្យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​នេះ​ធ្លាក់​ចុះ​ទាប​បំផុត។ ប៉ុន្តែ លោក​ថា៖ «កន្លែង​ណា​ដែល​មាន​ការ​បែកបាក់​នយោបាយ​ថ្នាក់​ជាតិ កន្លែង​ណា​ដែល​មាន​ការ​មិន​គោរព​វិទ្យាសាស្ត្រ​និង​បុគ្គលិក​សុខាភិបាល គេ​ឃើញ​ថា កន្លែង​នោះ​មាន​ការ​រីក​សាយភាយ​នូវ​ភាព​យល់​ច្រឡំ ហើយ​ចំនួន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​ជំងឺ​នេះ​បាន​កើនឡើង»៕

From សុខភាព - Voice of America | VOA
via _IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments