លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានប្រតិកម្មទៅអ្នករិះគន់ដែលនិយាយថា កម្ពុជាបានអនុញ្ញាត ឬក៏នឹងអនុញ្ញាតឲ្យមានកងទ័ពចិនក្នុងប្រទេសកម្ពុជា ដោយឲ្យពួកគេបង្ហាញភស្តុតាងមកបញ្ជាក់នៃការចោទប្រកាន់ថា មានការចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិន។ កាលពីខែកក្កដា ឆ្នាំ ២០១៩ សារព័ត៌មាន The Wall Street Journal ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានចេញផ្សាយសេចក្តីរាយការណ៍ព័ត៌មានដ៏ចម្រូងចម្រាសមួយថា ប្រទេសចិន បានចុះកិច្ចព្រមព្រៀងមួយជាមួយកម្ពុជា ដោយក្នុងនោះ ភាគីកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិប្រើប្រាស់ផ្តាច់មុខក្នុងផ្នែកមួយនៃមូលដ្ឋានយោធាសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានបដិសេធរបាយការណ៍ព័ត៌មាននេះជាបន្តបន្ទាប់។ ចំណែករដ្ឋាភិបាលសហរដ្ឋ អាមេរិក ក៏បានលើកឡើងថាខ្លួនមាន«របាយការណ៍គួរឲ្យទុកចិត្ត»អំពីការចុះកិច្ចព្រមព្រៀងនេះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរានៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោក«ធុញទ្រាន់»នឹងការនិយាយដដែលអំពីការចោទប្រកាន់ថាកម្ពុជាបានចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិន ក្នុងការអនុញ្ញាតឲ្យមានវត្តមានទ័ពចិនក្នុងប្រទេសកម្ពុជា។ លោកបញ្ជាក់ម្តងទៀតថាកម្ពុជាមិនបានចុះកិច្ចព្រមព្រៀងនេះ នោះទេ។ លោកមានប្រសាសន៍ថា៖ «កម្ពុជាឲ្យសិទ្ធិចិនបោះទ័ពនៅកម្ពុជាពីអង្កាល់ណា? ខ្ញុំបញ្ជាក់ឡើងវិញ ខ្ញុំធុញទ្រាន់ជាមួយជនបរទេសមួយចំនួន បូកជាមួយខ្មែរយើងរុញអាសភាពការណ៍ហ្នឹង។ យើងធុញទ្រាន់ណាស់ហើយ អស់លោកអ្នក។ នាយករដ្ឋមន្រ្តីនិយាយមិនស្តាប់! លោកឯងមានភស្តុតាងឯណា បញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិន ប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាមរយៈពេល៣០ឆ្នាំ បញ្ចេញភស្តុតាងហ្នឹងមក។ បើអ្នកឯងមិនបញ្ចេញភស្តុតាងហ្នឹង មានន័យថាអ្នកឯងភូតកុហក»។ ការថ្លែងរបស់លោក ហ៊ុន សែន កើតឡើងបន្ទាប់ពីមានការតវ៉ារបស់ប្រជាពលរដ្ឋមួយចំនួននៅខាងមុខស្ថានទូតចិនប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃសុក្រសប្តាហ៍មុន ចំទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា។ នៅក្នុងការតវ៉ាដែលត្រូវបានបំបែកដោយអាជ្ញាធរ អ្នកតវ៉ាបានលើកឡើងថា «បដិសេធវត្តមានកងទ័ពចិនក្នុងប្រទេសកម្ពុជា»។ ក្រៅពីការជំរុញឲ្យបង្ហាញភស្តុតាងទាក់ទងនឹងកិច្ចព្រមព្រៀងសម្ងាត់នេះ លោក ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិម្នាក់ គឺលោក ហូរ វ៉ាន់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ដោយលោកចោទថា អតីតតំណាងរាស្ត្របក្សប្រឆាំងរូបនេះ បានរៀបចំឲ្យមានបាតុកម្មនៅមុខស្ថានទូតចិនក្នុងទីក្រុងភ្នំពេញ។ លោកក៏បានព្រមានក្រុមគ្រួសាររបស់លោក ហូរ វ៉ាន់ ដែលរស់នៅភ្នំពេញផងដែរ។ លោក ហ៊ុន សែន ថ្លែងថា៖ «អាវ៉ាន់(ហូរ វ៉ាន់)អើយ ល្មមបានហើយ ឈប់បាន ក៏ឈប់ទៅ។ កូនប្រពន្ធអ្ហែងនៅ(ភ្នំ)ពេញនេះទេ អ្ហែងកុំជ្រុលពេក។ សម្តីអ្ហែងបញ្ជានៅក្នុងទូរស័ព្ទទាំងអស់។ រឿងអីអ្ហែងមកបញ្ជាធ្វើបាតុកម្មប្រឆាំងទូតចិន។ ប្រឆាំងវត្តមានយោធាចិន។ ពួកអ្ហែងឆ្កួត។ ប្រយ័ត្នប្រពន្ធអ្ហែង កូនអ្ហែង ដេកអត់សុខទេ។ ឥឡូវកំពុងតែភ័យ»។ លោក ហ៊ុន សែន ប្រតិកម្មទៅនឹងលោក ហូរ វ៉ាន់ បែបនេះ ក្រោយលោកទទួលបានសំឡេងរបស់លោក ហូរ វ៉ាន់ ដែលនិយាយទាក់ទងនឹងការធ្វើបាតុកម្មនៅមុខស្ថានទូតចិន ដែលលោក ហ៊ុន សែន បានចាក់សំឡេងនោះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាននៅព្រឹកថ្ងៃចន្ទនេះ។ លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនមែនយកក្រុមគ្រួសាររបស់លោក ហូរ វ៉ាន់ «ធ្វើចំណាប់ខ្មាំង»នោះទេ ប៉ុន្តែលោកថា កុំរុញឲ្យអ្នករស់នៅក្នុងស្រុកជាប់ពន្ធនាគារ។ លោកបន្ថែមថា៖ «អ្ហែងជាមេខ្លោងនៃអំពីក្បត់ អញ្ចឹងរឿងអីដែលមិនចាត់ការពួកអាក្បត់នៅខាងក្នុង។ បើអាពួកគាត់នៅខាងក្នុង ទទួលបទបញ្ជាពីអាមេក្បត់។ ដូច្នេះអាជ្ញាធរ ឬតុលាការ អាហ្នឹងរឿងត្រឹមត្រូវតាមច្បាប់។ ឆ្លើយតបនឹងការថ្លែងនេះ លោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលកំពុងគេចខ្លួននៅសហរដ្ឋអាមេរិក បានថ្លែងប្រាប់ VOA ថានាយករដ្ឋមន្រ្តីមិនគួរយកក្រុមគ្រួសាររបស់លោកមកពាក់ព័ន្ធនោះទេ ហើយលោកចាត់ទុកថា នេះជាការគំរាមកំហែងសម្រាប់រូបលោក និងក្រុមគ្រួសារ។ លោកមានប្រសាសន៍ថា៖ «បើគាត់រករឿងក្រុមគ្រួសារខ្ញុំ អាហ្នឹងវាជាការគាបសង្កត់មួយ ខុសពីផ្លូវច្បាប់ទៅទៀត ពីព្រោះឧបមាថា ខ្ញុំនិយាយមានទោស តើទោសដែលត្រូវទទួលហ្នឹង (វាធ្លាក់ទៅ) អ្នកដែលអត់មានធ្វើអីខុស មានទោសឬយ៉ាងណា? ខ្ញុំអត់ចង់ឲ្យរឿងរបស់ខ្ញុំហ្នឹង ទៅជារឿងគ្រួសារដែលគ្នាអត់ដឹងអីនោះទេ»។ មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងដែលកំពុងជាប់បណ្តឹងនៅតុលាការរូបនេះ បន្តថា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេ ហើយការដែលលើកឡើងអំពីវត្តមានកងទ័ពចិន គឺមិនមែនមានន័យថា មានកងទ័ពចិននៅកម្ពុជា ពេលនេះនោះទេ តែវាអាចជាការត្រៀមទុកទៅថ្ងៃអនាគត ដែលលោកថា វាជា«គ្រោះថ្នាក់»មួយសម្រាប់កម្ពុជា ដោយសារវាជាការគំរាមដល់សន្តិសុខក្នុងតំបន់។ លោកចាត់ទុកថា នេះជាការបង្ការទុកមុន ស្របពេលមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅខេត្តកោះកុង ដោយក្រុមហ៊ុនចិន UDG និងការរៀបចំនៅសមុទ្ររាម ដែលកំពុងមានភាពចម្រូងចម្រាស។ លោកមានប្រសាសន៍ថា៖ «នេះខ្ញុំយល់ថា ជាការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ ដើម្បីបញ្ចេញមតិ ហើយបើគាត់មិនចង់បញ្ចេញមតិទេ គាត់មិនមានឆន្ទៈក្នុងការតវ៉ាទេ។ ខ្ញុំថា យើងមិនអាចទៅបញ្ជាគេ ឲ្យគេធ្វើតាមយើងបានទេ។ ប៉ុន្តែអានេះ វាជាសុឆន្ទៈរបស់ពួកគាត់»។ លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ មានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែព្រួយបារម្ភជ្រុលហួសហេតុអំពីការសម្តែងមតិរបស់ប្រជាពលរដ្ឋក្នុងប្រទេស។ លោកបញ្ជាក់ថា៖ «បើសិនជាគាត់គោរពសិទ្ធិមនុស្ស គោរពប្រជាធិបតេយ្យ គឺគាត់មិនត្រូវភ័យព្រួយការសម្តែងមតិរបស់ប្រជាពលរដ្ឋទេ»។ លោកបន្តថា គណបក្សសង្រ្គោះជាតិ គឺជាជនរងគ្រោះ នៅក្នុងគម្រោងដែលមានការចោទប្រកាន់ថា«ក្បត់ជាតិ» រហូតដល់មានការចាប់ចងដាក់ពន្ធនាគារប្រជាពលរដ្ឋជាបន្តបន្ទាប់។ លោកបន្ថែមថា៖ «សំខាន់យើងឃើញថា លោក ហ៊ុន សែន គឺគាត់អត់បានគិតអ្វីទេ គាត់គិតតែអំណាចរបស់គាត់ ការពារអំណាចរបស់គាត់ អញ្ចឹងគាត់ដើរធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋស្លូតត្រង់ គំរាមកំហែង ចាប់គេចង ចាប់គេដាក់គុកយ៉ាងអយុត្តិធម៌»។ កាលពីខែសីហា ឆ្នាំ២០១៩ មេបញ្ជាការជាន់ខ្ពស់នៃកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឧត្តមសេនីយ៍ត្រី Joel B. Vowell បានបញ្ជាក់ប្រាប់ VOA ថា កម្ពុជាពិតជាមាន«កិច្ចព្រមព្រៀងសម្ងាត់»ជាមួយចិន ដើម្បីបើកឲ្យមានការសាងសង់មូលដ្ឋានកងទ័ពនៃប្រជាជនចិនក្នុងមូលដ្ឋានកងទ័ពកម្ពុជាក្នុងឆកសមុទ្ររាម។ កម្ពុជា បានច្រានចោលការចោទប្រកាន់នេះជាបន្តបន្ទាប់។ លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាប្រាប់ VOA តាមសារអ៊ីម៉ែលនៅថ្ងៃចន្ទនេះថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយហើយថា កម្ពុជា នឹងមិនអនុញ្ញាតឲ្យមានវត្តមានរបស់ទ័ពចិនជាអចិន្រ្តៃយ៍ ឬក៏ផ្តាច់មុខនៅតំបន់រាមនោះទេ ហើយសហរដ្ឋអាមេរិកសង្ឃឹមថា «រដ្ឋាភិបាល[កម្ពុជា] នឹងបន្តគោរពតាមគោលជំហរនេះ»៕ http://ifttt.com/images/no_image_card.png
From អាស៊ី - Voice of America
via_IFTTT
Home
អាស៊ី - Voice of America
លោក ហ៊ុន សែន ឲ្យអ្នករិះគន់បង្ហាញភស្តុតាងកិច្ចព្រមព្រៀងសម្ងាត់ជាមួយចិនរឿង«វត្តមានកងទ័ព»
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments