អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឱ្យ អាជ្ញាធរកម្ពុជា ទម្លាក់ចោលរាល់បទចោទប្រកាន់ក្លែងក្លាយ និងដោះលែងលោក សុវណ្ណ រិទ្ធី និពន្ធនាយកព័ត៌មានទូរទស្សន៍អនឡាញ ធី.វី.អេហ្វ.ប៊ី (TVFB) ឱ្យមានសេរីភាពឡើងវិញជាបន្ទាន់។ អង្គការអន្តរជាតិមួយនេះ ក៏ទាមទារឱ្យរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណការផ្សាយឱ្យអង្គភាពលោក សុវណ្ណ រិទ្ធី វិញផងដែរ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១០ ខែមេសា ថា ការចាប់ខ្លួនអ្នកសារព័ត៌មានចំពោះការដកស្រង់សម្ដីនាយករដ្ឋមន្ត្រីនេះ បង្ហាញពីការធ្លាក់ចុះមួយកម្រិតទៀត នៃសេរីភាពសារព័ត៌មាននៅកម្ពុជា។ លោកបន្តថា រដ្ឋាភិបាល ត្រូវតែដោះលែងអ្នកសារព័ត៌មានរូបនេះ និង អ្នកផ្សេងទៀតដែលត្រូវបានចាប់ឃុំខ្លួនដោយសារតែការសម្តែងមតិ ឬការភ័យខ្លាចរបស់ពួកគេអំពីជំងឺកូវីដ-១៩។
លោក សុវណ្ណ រិទ្ធី គឺជាអ្នកយកព័ត៌មានទាន់ហេតុការណ៍ផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានចំនួនចុចឡៃ (Likes ) ឬចូលចិត្តទំព័រហ្វេសប៊ុករបស់លោកដល់ទៅជាង ៦៦ម៉ឺនដង។ លោកត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃ៧ ខែមេសា ក្រោយពេលលោកបានសរសេរ និងបង្ហោះលើហ្វេសប៊ុកនូវពាក្យសម្ដីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាននិយាយថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ។ តុលាការក្រុងភ្នំពេញបានចោទលោកពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ហើយបានឃុំខ្លួនលោកជាបណ្ដោះអាសន្ននៅពន្ធនាគារភ្នំពេញ (PJ)។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកសេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះថា ធ្វើឡើងមិនផ្អែកលើមូលដ្ឋានច្បាប់របស់កម្ពុជានោះទេ។ លោកបន្តថា ការទម្លាក់ចោល ឬមិនទម្លាក់ចោលបទចោទ គឺវាអាស្រ័យទៅលើតុលាការ។
អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ បានកត់ត្រាថា មានមនុស្ស ២៣នាក់ហើយ ត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនដោយចោទប្រកាន់ថា ពួកគេបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩។ ក្នុងចំណោម នោះមានមនុស្ស១០ នាក់កំពុងស្ថិតក្រោមការឃុំខ្លួនបណ្តោះអាសន្ន ដោយពួកគេ ៨នាក់មានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ពន្យល់ថា ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ រដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចការពារសិទ្ធិសេរីភាពបញ្ចេញមតិ រួមទាំងសិទ្ធិស្វែងរកទទួលបាន និងចែករំលែកព័ត៌មានគ្រប់ប្រភេទ។ ជាមួយគ្នានេះ រដ្ឋាភិបាលទទួលខុសត្រូវក្នុងការផ្ដល់ព័ត៌មានចាំបាច់សម្រាប់ការពារ និងលើកស្ទួយសិទ្ធិទាំងឡាយ រួមទាំងសិទ្ធិសុខភាពផងដែរ។
លោក ហ្វីល រ៉ូបឺតសុន លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយវិបត្តិសុខភាពសាធារណៈ ពីព្រោះប្រជាជនត្រូវការព័ត៌មានដើម្បីការពារខ្លួន និងវាយតម្លៃការឆ្លើយតបរបស់រដ្ឋាភិបាល។ លោកស្នើឱ្យរដ្ឋាភិបាលបរទេស និងម្ចាស់ជំនួយ ជំរុញរដ្ឋាភិបាល កម្ពុជា ឱ្យបញ្ឈប់ការយាយី និងការចោទប្រកាន់អ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដែលគ្រាន់តែបំពេញការងាររបស់ពួកគេ ក្នុងការរាយការណ៍អំពីអ្វីដែលរដ្ឋាភិបាលកំពុងនិយាយ និងធ្វើការពាក់ព័ន្ធនឹងវិបត្តិជំងឺកូវីដ-១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments