RFA | អង្គការ​ឃ្លាំ​មើល​​សិទ្ធិ​បោះ​ឆ្នោត៖ រដ្ឋសភា​អាណត្តិ​ទី៥ ធ្លាក់​ប្រសិទ្ធភាព​ជាង​អាណត្តិ​ទី៤ និង​រំលោភ​បំពាន​អភ័យ​ឯក​សិទ្ធិ​​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ធ្ងន់ធ្ងរ | hot news

By , Comment
Share on Facebook Tweet on Twitter

អង្គការ​ឃ្លាំមើល​សិទ្ធិ​បោះឆ្នោត ឈ្មោះ ខុមហ្រ្វែល (comfrel) រក​ឃើញ​ថា ​រដ្ឋសភា​អាណត្តិ​ទី​៥ ធ្លាក់​ប្រសិទ្ធិ​ភាព​ការងារ​ជាង​អាណត្តិ​ទី​៤ ហើយ​មាន​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​ធ្ងន់ធ្ងរ។ អ្នក​នាំ​ពាក្យ​រដ្ឋសភា បដិសេធ និង​ចាត់​ទុក​ថា ការ​រក​ឃើញ​បែប​នេះ ជា​ការ​លំអៀង​ទៅ​រក​គណបក្ស​ប្រឆាំង។

អង្គការ ខុមហ្វ្រែល រក​ឃើញ​ថា ​ប្រសិទ្ធ​ភាព​ការងារ​របស់​រដ្ឋសភា បាន​ធ្លាក់​ចុះ​ជា​លំដាប់​ពី​ដើម​អាណត្តិ​ទី៥ គឺ​នៅ​ឆ្នាំ២០១៣ រហូត​ដល់​ចុង​អាណត្តិ​ នៅ​ឆ្នាំ២០១៨។ ការ​ធ្លាក់​ចុះ​ប្រសិទ្ធិ​ភាព​ធ្ងន់ធ្ងរ​បំផុត​គឺ ​នៅ​ឆ្នាំ២០១៧ នៅ​ពេល​តំណាង​រាស្ត្រ​ក្រុម​បក្ស​អំណាច បាន​បង្កើត​ច្បាប់ និង​អនុម័ត​ដោយ​បក្ខពួក​​គ្នីគ្នា​ឯង លើ​ច្បាប់​ចំនួន៤ ទាក់​ទង​នឹង​ការ​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ និង​រំលាយ​គណបក្ស​ប្រកួត​ប្រជែង​ជាមួយ​ខ្លួន ក្នុង​រដ្ឋសភា ហើយ​យក​អាសនៈ​ទាំង​នោះ ទៅ​ចាត់​ចែង​ឲ្យ​បក្ស​ដទៃ និង​បក្ស​​ខ្លួន​ឯង។

ក្នុង​អាណត្តិ​ទី៥ ដដែល នៅ​ឆ្នាំ២០១៨ ក្រោយ​ពេល​យក​អាសនៈ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ទៅ​ចែក​គ្នា​រួច អង្គការ​នេះ សង្កេត​ឃើញ​ថា ប្រសិទ្ធិ​ភាព​ការងារ​របស់​រដ្ឋសភា កាន់​តែ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​កន្លង។

ក្រៅ​ពី​នេះ ក្រុម​សមាជិក​រដ្ឋសភា គណបក្ស​កាន់​អំណាច និង​តុលាការ បាន​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ លើ​អភ័យ​​ឯក​សិទ្ធិ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មាន​ការ​ចាប់​តំណាង​រាស្ត្រ​ទាំង​មិន​ទាន់​ដក​អភ័យ​ឯក​សិទ្ធិ​ជា​បន្តបន្ទាប់ ដូច​ជា នៅ​ឆ្នាំ២០១៤​ ចាប់​ខ្លួន​តំណាង​រាស្ត្រ ៧នាក់ នៅ​ឆ្នាំ២០១៥ តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល​លោក សម រង្ស៊ី និង​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម​ លោក កឹម សុខា ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ ពាក់ព័ន្ធ​បទ​បរិហារកេរ្តិ៍ និង​ពេស្យាចារ​ជា​ដើម។

ចុង​ឆ្នាំ២០១៥ មាន​ករណី​​ ចាប់​ទាញ​តំណាង​រាស្ត្រ​ពី​ក្នុង​ឡាន​ ២នាក់ យក​មក​ទាត់​ធាក់ នៅ​មុខ​រដ្ឋសភា។ ហិង្សា​កាល​ណោះ បង្ក​ឡើង​ដោយ ក្រុម​អ្នក​តវ៉ា​ប្រឆាំង​លោក កឹម សុខា និង​ជា​កង​អង្គរក្ស​របស់ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ ចំណែក​អនុ​ប្រធាន​គណៈ​កម្មការ​ទី២ នៃ​រដ្ឋសភា លោក សុន ឆ័យ ត្រូវ​រង​ការ​គំរាម​ដក​ហូត​តំណែង ពី​ថ្នាក់​ដឹក​នាំ​រដ្ឋសភា ព្រោះ​តែ​លោក​បាន​ចោទ​ប្រកាន់​ទាក់​ទង​នឹង​បញ្ហា​មិន​ប្រក្រតី​ក្នុង​ការ​ចាយ​វាយ​ថវិកា​ជាតិ។ នៅ​ឆ្នាំ២០១៦ តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​សៀមរាប លោក អ៊ុំ សំអាន ត្រូវ​បាន​ចាប់​ខ្លួន ដោយ​មាន​ការ​យល់​ព្រម​ ជា​ឯក​តោ​ភាគី​ ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច អនុញ្ញាត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ទាំង​មាន​អភ័យ​ឯក​សិទ្ធិ។

​​​​​​​អ្នក​សម្រប​សម្រួល​ និង​អង្កេត​ នៃ​អង្គការ ខុមហ្វ្រ៊ែល លោក កន សាវាង្ស ឲ្យ​ដឹង​ថា ការ​រំលោភ​អភ័យ​ឯក​សិទ្ធិ​ធ្ងន់ធ្ងរ បាន​បណ្ដាល​ឲ្យ​ប្រសិទ្ធិ​ភាព​ការងារ​របស់​រដ្ឋសភា​ធ្លាក់​ចុះ​ជា​គំហុក៖ «ក្នុង​ករណី​មាន​ការ​រំលោភ​បំពាន រំលោភ​លើ​អភ័យ​ឯក​សិទ្ធិ​ហើយ តំណាង​នោះ គឺ​ថា មាន​ការ​ព្រួយ​បារម្ភ​ហើយ។ គាត់​អត់​អាច​មាន​គេ​ហៅ​ថា អារម្មណ៍ ឬ​​ក៏​ស្មារតី​ទៅ​ជជែក ឬ​ក៏​​ស្មារតី​ក្នុង​ការ​​និយាយ​អំពី​អនុសាសន៍ ឬ​ក៏​ការ​វែក​ញែក​​ ឬ​ការ​ដេញ​ដោល​គ្នា ពីព្រោះ​គាត់​មាន​ការ​​ព្រួយ​បារម្ភ ពី​សុវត្ថិភាព​របស់​គាត់។ ទាំង​សុវត្ថិ​ភាព​ក្នុង​ការ​រស់នៅ សុវត្ថិ​ភាព​បញ្ចេញ​មតិ និង​​សកម្មភាព​ការងារ​ផង​ដែរ»

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង បដិសេធ​ថា ប្រសិទ្ធិ​ភាព​ការងារ​របស់​រដ្ឋសភា គ្មាន​ការ​ថយ​ចុះ​ទេ ហើយ​គ្មាន​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​រូប​ណា​ទេ គឺ​រដ្ឋសភា ធ្វើ​ការងារ​តាម​តែ​ច្បាប់។ អ្នក​នាំ​ពាក្យ​​រដ្ឋសភា​រូប​នេះ ចាត់​ទុក​​​របាយការណ៍​អង្គការ ខុមហ្រ្វ៊ែល មាន​ភាព​លំអៀង៖ «រឿង​សម រង្ស៊ី រឿង​អ្វី គឺ​ថា ដូច​ឃើញ​ស្រាប់​ហើយ ជា​រឿង​របស់​គាត់ ដែល​បរិហារកេរ្តិ៍​អ្នក​ណា​ អ្នក​ណី​ទៅ​ វា​ជា​ល្មើស​នៃ​ច្បាប់ ចាប់​គាត់​ហើយ មិន​ដឹង​ធ្វើ​ម្ដេច​ទេ។ អា​ហ្នឹង​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​នីតិរដ្ឋ។ បើ​យើង​មិន​គោរពច្បាប់ គឺ​ត្រូវ​មាន​ទោស​អ៊ីចឹង​ហើយ​ល្មើស​នឹង​ច្បាប់។ អា​ហ្នឹង​ក៏​មិន​ត្រឹម​ត្រូវ​ដែរ បាន​សេចក្ដី​ថា គាត់ (អង្គការ ខុមហ្វ្រែល) មាន​ចិត្ត​លំអៀង​ហើយ មិន​ត្រូវ​ទេ»

លោក កន សាវាង្ស អះអាង​ថា របាយការណ៍​នេះ គឺ​ធ្វើ​ឡើង​តាម​វិជ្ជាជីវៈ ដោយ​​ផ្អែក​តាម​ទិន្នន័យ អង្កេត និង​ការងារ​របស់​រដ្ឋ​សភា៖ «អ្វី​ដែល​យើង​បាន​ធ្វើការ​តាម​ដាន និង​កម្រិត​ដែល​យើង​អាច​​ទទួល​បាន​ គឺ​យើង​បាន​បង្ហាញ​ទៅ​លើ​របាយការណ៍​នេះ​ហើយ​បាទ។ អ៊ីចឹង សាធារណជន​ ក៏​ដោយ​ ម្ចាស់​ឆ្នោត​ ក៏​ដោយ ឬ​ក៏​តំណាង​រាស្ត្រ ឬ​ក៏​តំណាង​សភា អាច​ពិនិត្យ​ ហើយ​លោក​អាច​ធ្វើការ​បក​ស្រាយ​ទៅ​តាម​ហ្នឹង​ចុះ។ អា​នេះ ជា​ការ​យល់​ឃើញ ប៉ុន្តែ​យើង​​ធ្វើការ​បង្ហាញ​ទៅ​តាម​វិជ្ជា​ជីវៈ ដែល​យើង​ទទួល​បាន ព័ត៌មាន​ដែល​យើង​មាន នៅ​ក្នុង​កម្មវិធី​ដែល​យើង​ធ្វើ​ការ​អង្កេត​ទៅ​លើ​សម័យ​ប្រជុំ​ហ្នឹង​បាទ»

របាយការណ៍​អង្គការ ខុមហ្វ្រ៊ែល បង្ហាញ​ថា ការ​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា អាណត្តិ​ទី៥ មាន​ចំនួន ១០ដង មាន ១៣៩​របៀប​វារៈ។ ការ​បញ្ចេញ​មតិ​របស់​តំណាង​រាស្ត្រ​​ក្នុង​រដ្ឋសភា ថយ​ចុះ​ជាង​អាណត្តិ​ទី៤ ជាង ៨៩ម៉ោង (.៣៦១នាទី ស្មើ​នឹង ៨៩ម៉ោង ២១នាទី)។ ការ​ចុះ​មូលដ្ឋាន​ តិច​ជាង​អាណត្តិ​ទី៤ ២២ភាគ​រយ។ តែ​កើន​ឡើង​ការ​ចេញ​លិខិត​អន្តរាគមន៍​របស់​អ្នក​តំណាង​រាស្ត្រ គឺ​កើន​ឡើង​ជិត ២ដង​ បើ​ធៀប​ អាណត្តិ​ទី៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

You Might Also Like

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments