រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកដំណើរការសាលារៀននៅរាជធានីភ្នំពេញ និងខេត្តកណ្តាលរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃច័ន្ទនេះ ទៅនិងផ្អាកកន្លែងប្រមូលផ្តុំមនុស្សច្រើនជាថ្មីទៀត ដោយគ្មានកំណត់ពេល ក្រោយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរាតត្បាតជំងឺកូវីដ១៩។ ការព្រួយបារម្ភនេះ ក្រោយអង្គរក្សម្នាក់ជាជនជាតិខ្មែរ ដែលការពារឲ្យប្រតិភូហុងគ្រី ត្រូវបានរកឃើញថាមានផ្ទុកវីរុសជំងឺកូវីដ១៩ ក្រោយប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ក្នុងប្រទេសថៃ ក្រោយពីបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីសប្តាហ៍មុន។ នៅក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រសួងអប់រំបានសម្រេចផ្អាកដំណើរការរយៈពេលពីរសប្តាហ៍ នូវគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលដោយលើកហេតុផលថា «ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងដើម្បីរង់ចាំមើលលទ្ធផលនៃការធ្វើតេស្តរកវីរុសកូវីដ១៩»។ ចំណែកនៅក្នុងសេចក្តីសម្រេចផ្សេងៗទៀត រដ្ឋាភិបាលបានឲ្យបិទ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរនៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី។ រដ្ឋាភិបាលក៏បានសម្រេចផ្អាកលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំ និងផ្អាកការចេញចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជាកាលពីថ្ងៃអង្គារសប្តាហ៍មុន ត្រូវបានរាយការណ៍ថាមានជំងឺកូវីដ១៩ ពេលលោកបានទៅដល់ប្រទេសថៃ។ មិនមានរបាយការណ៍លម្អិតនោះទេថា រដ្ឋមន្ត្រីការបរទេសនោះបានឆ្លងជំងឺកូវីដ១៩ តាំងពីពេលណា និងនៅទីណា។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃច័ន្ទនេះ មនុស្សសរុបចំនួន ៩៤៤ នាក់ពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រី ត្រូវបានធ្វើតេស្ត ហើយលទ្ធផលគឺអវិជ្ជមាន លើកលែងតែអង្គរក្សម្នាក់ការពារប្រតិភូនោះប៉ុណ្ណោះ។ អ្នកទាំងនោះត្រូវធ្វើតេស្តចំនួន ៣ ដងទៀត។ គិតត្រឹមព្រឹកថ្ងៃច័ន្ទនេះ កម្ពុជាមានកំណត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២៩៧ ករណី ដោយក្នុងនោះមាន ៩ នាក់កំពុងសម្រាកព្យាបាល ហើយពុំមានករណីស្លាប់នោះទេ៕
From សុខភាព - Voice of America | VOA
via _IFTTT
Home
សុខភាព - Voice of America
រដ្ឋាភិបាលប្រកាសផ្អាកដំណើរការសាលារៀន២សប្តាហ៍នៅភ្នំពេញនិងខេត្តកណ្តាល ក្រោយបារម្ភការរាតត្បាតជំងឺកូវីដ១៩
Author
Sotheavy royalsRealase at
ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.
Subscribe to:Post Comments (Atom)
0 Comments