
មន្ត្រីអគ្គនាយកដ្ឋានពន្ធនាគារអះអាងថា ពុំមានព័ត៌មានផ្លូវការពីការស្នើសុំដកប្រធានពន្ធនាគាររាជធានីភ្នំពេញ ឬហៅកាត់តាមភាសាបារាំងថា ប៉េហ្ស៊ី (PJ)នោះទេ។
អគ្គនាយកដ្ឋានរងនាយកដ្ឋានពន្ធនាគារ លោក សន កែវ ប្រាប់អាស៊ីសេរីតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ថា លោកបានដឹងពីការលេច ឮព័ត៌មានពីរឿងនេះដែរ ប៉ុន្តែពុំមានការបញ្ជាក់ការពិតពីរឿងនេះទេ៖ «ជាពាក្យចចាមអារ៉ាមទេ ចំពោះលិខិតផ្លូវការ ឬព័ត៌មានច្បាស់ការណាមួយ នៅអត់ទាន់ទទួលបាន។ ខ្ញុំធ្លាប់ឮហើយក៏តាមដានរកព័ត៌មានហ្នឹងដែរ តែមិនទាន់មានលិខិតផ្លូវការទេ»។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់លិខិតកាលពីចុងខែតុលា ទៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើដកលោក ពេជ្រ យ៉ុន ពីប្រធានពន្ធនាគារប៉េហ្ស៊ី ដោយសំអាងហេតុផលថា ប្រធានពន្ធនាគាររូបនេះមិនបានយកចិត្តទុកដាក់បំពេញតួនាទី និងភារកិច្ចអោយសមនឹងតួនាទី។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង មិនទាន់អាចឆ្លើយតបនឹងអាស៊ីសេរីតាមទូរស័ព្ទបានទេកាលពីល្ងាចថ្ងៃទី១៨ ខែធ្នូ ដោយលោកអះអាងថា ជាប់ប្រជុំ។
ចំណែកលោក ពេជ្រ យ៉ុន ដែលបានកាន់តំណែងជាប្រធានពន្ធនាគារប្រធានពន្ធនាគារប៉េហ្ស៊ី កាលពីឆ្នាំ២០១៥នោះ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកក៏មិនទាន់មានព័ត៌មានផ្លូវការដែរ តែលោកសង្ស័យថា បញ្ហានេះអាចកើតឡើងដោយសារការបាត់បង់ផលប្រយោជន៍ ក្នុងចំណោមមន្ត្រីនៅពន្ធនាគារក្រោយពេលក្រសួងយុត្តិធម៌រឹតបន្តឹងបែបបទការងារ និងកែទម្រង់ពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments