
ដោយ ជិន ជេដ្ឋា RFA 2016-11-10
ពុទ្ធបរិស័ទ និងគណៈកម្មការវត្តប្រាសាទជាងទង ឋិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សាទរនឹងការនិមន្តចេញពីវត្តរបស់ចៅអធិការស្ដីទីព្រះនាម កង ចិន្ដា ដែលគណៈកម្មការវត្តរកឃើញថា ព្រះអង្គឆាន់ស្រាខុសវិន័យសង្ឃ។ មន្ត្រីធម្មការបញ្ជាក់ថា ការបណ្ដេញសង្ឃចេញពីវត្ត ឬតែងតាំងចៅអធិការថ្មី មិនទាន់មានសេចក្ដីសម្រេចផ្លូវការនៅឡើយទេ។
តំណាងគណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្តប្រាសាទជាងទង ៤ភូមិ ប្រមូលផ្ដុំគ្នាប្រមាណ ៥០នាក់ នៅលើសាលាឆាន់ដែលសង់មិនទាន់រួចមួយខ្នង ដើម្បីរង់ចាំស្ដាប់ការដោះស្រាយបញ្ហានៅក្នុងវត្តពីសំណាក់មន្ត្រីសង្ឃ និងមន្ត្រីធម្មការខេត្តនៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា។ ប៉ុន្តែពុទ្ធបរិស័ទបំបែកគ្នាទៅផ្ទះវិញ ដោយអ្នករៀបចំកម្មវិធីប្រជុំច្រឡំកាលបរិច្ឆេទ ហើយលើកទៅថ្ងៃទី១១ ខែវិច្ឆិកា វិញ។
ប្រធានគណៈកម្មការវត្តប្រាសាទជាងទង លោក ចាប សារិន មានប្រសាសន៍ថា ដ្បិតមិនទាន់មានកិច្ចប្រជុំដោះស្រាយបញ្ហាឲ្យបានស្រេច ប៉ុន្តែពុទ្ធបរិស័ទភាគច្រើនសប្បាយចិត្ត ពេលដឹងថាចៅអធិការស្ដីទីព្រះនាម កង ចិន្ដា ស្ម័គ្រចិត្តចេញពីវត្តដោយអង្គឯង កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។ ពុទ្ធបរិស័ទ នឹងស្ងប់ចិត្តក្នុងការធ្វើបុណ្យកឋិនទាន នៅពេលដែលព្រះសង្ឃធ្លាប់បង្កបញ្ហាចេញពីវត្ត៖ «ផឹកស្រាមិនមែនតែម្ដងទេ! បួនប្រាំដងរួចមកហើយ ក្រោយកឋិនបញ្ចប់មិនទាន់រើរោងផង លោកផឹកស្រវឹង រកកាប់គ្នាពេញវត្ត។ ដល់អ៊ីចឹងខ្ញុំក្នុងនាមអាចារ្យ និងគណៈកម្មការបានប្រជុំគ្នាសម្ងាត់ ដើម្បីហៅលោកមកសួរដោះស្រាយរឿងហ្នឹងកុំឲ្យវាបែក។ ដល់ហៅលោកមកសួរ បម្រុងរាយការណ៍ លោកថាអាណិតអាត្មាកុំរាយការណ៍អី អាត្មាខុសហើយ អាត្មានឹងធ្វើកិច្ចសន្យាចំពោះមុខអាចារ្យ និងគណៈកម្មការ បើថ្ងៃក្រោយអាត្មាផឹកស្រវឹងអ៊ីចឹងទៀត គឺចុះចេញពីវត្តដោយខ្លួនឯង។ ដល់ឆ្នាំនេះទើបភ្ជុំចប់ លោកផឹកស្រា ABC អស់ដប់កំប៉ុងជាង។ អ៊ីចឹងលោកថាអាត្មាចេញហើយ ពេលចេញវស្សានេះអាត្មានឹងចេញ។ ដល់ចេញវស្សាអត់ចេញ។ ពន្យារបួនដប់ថ្ងៃ គណៈកម្មការគិតគូរធ្វើអត់កើត ព្រោះលោកអត់ចេញ ដល់អ៊ីចឹងបានគណៈកម្មការអាចារ្យ និងពុទ្ធបរិស័ទចាប់ផ្ដើមក្ដៅក្រហាយកើតរឿងផ្ដិតមេដៃប្ដឹងតទៅលើទៀតហ្នឹង»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងចៅអធិការស្ដីទីព្រះនាម កង ចិន្ដា ដើម្បីបំភ្លឺតបនឹងការចោទប្រកាន់នេះបានទេ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រះអង្គធ្លាប់សារភាពកំហុស ដោយធ្វើកិច្ចសន្យាបញ្ឈប់នូវទង្វើបួនចំណុច គឺទី១ ឈប់សេពគ្រឿងស្រវឹង។ ទី២ មិនបង្ករឿងជាមួយភិក្ខុ និងសាមណេរ។ ទី៣ ឈប់ប្រព្រឹត្តទង្វើអ្វីខុសនឹងវិន័យសង្ឃ និងទី៤ មិនប្រើអាកប្បកិរិយាអ្វីលើនារីភេទ។
ប្រធានគណៈកម្មការវត្ត និងពុទ្ធបរិស័ទអះអាងថា ក្រោយធ្វើកិច្ចសន្យា ព្រះសង្ឃអង្គនេះមិនកែប្រែកំហុសទេ ដោយនៅតែឆាន់ស្រាដដែល ទើបពុទ្ធបរិស័ទ ៣០០នាក់ផ្ដិតមេដៃ សុំដកព្រះអង្គចេញ។
ឆ្លើយតបបញ្ហានេះ ប្រធានស្ដីទីនៃមន្ទីរធម្មការ និងកិច្ចការសាសនាខេត្តកំពង់ឆ្នាំង លោក សរ លាង ថ្លែងថា នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ក្រុមការងារនឹងចុះប្រជុំផ្សព្វផ្សាយ និងដោះស្រាយបញ្ហាឲ្យពលរដ្ឋស្ងប់ចិត្ត ដើម្បីបានធ្វើបុណ្យកឋិនទាននៅពេលនោះតែម្ដង។ ចំពោះវិធានការលើព្រះសង្ឃដែលប្រព្រឹត្តខុសវិន័យ ឬតែងតាំងចៅអធិការថ្មី លោកមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៖ «អនុគណលោកបានជួបជាមួយព្រះចៅអធិការមួយជំហានហើយ ហើយលោកថានឹងចាកចេញពីកន្លែងហ្នឹង អត់នៅវត្តទេ។ ស្អែកម៉ោងពីរកន្លះ គឺខ្ញុំទៅចាប់ផ្ដើមប្រជុំរៀបចំផ្សព្វផ្សាយ ឬដោះស្រាយយ៉ាងម៉េចចាំមើលនីតិវិធីស្អែក។ ខ្ញុំថាឲ្យតែមានអង្គកឋិន ត្រូវធ្វើទៅ អត់មានឲ្យខកខានអីទេ»។
កាលពីដើមឆ្នាំ២០១៦ ពុទ្ធបរិស័ទក៏មានប្រតិកម្មចំពោះចៅអធិការវត្តឧទុម្ពរ ដែលឋិតនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ក្នុងករណីចៅអធិការវត្តបានប្រព្រឹត្តកំហុសស្រដៀងគ្នានេះដែរ។ រឿងរ៉ាវដែលតែងតែកើតមាននៅតាមវត្តអារាមនេះ ត្រូវព្រះមេគុណខេត្ត ស្នើឲ្យពុទ្ធបរិស័ទត្រិះរិះរកការពិត ព្រោះរឿងហេតុខ្លះអាចកើតចេញពីការខ្វែងគំនិតគ្នារវាងគណៈកម្មការ និងព្រះសង្ឃ ជាជាងកំហុសតិចតួច៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments