សិទ្ធិទទួលបានព័ត៌មាន ជាសិទ្ធិដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលធានាដោយច្បាប់កម្ពុជា។ ការអភិវឌ្ឍន៍ជាតិមិនអាចប្រព្រឹត្តទៅបានដោយតម្លាភាព ប្រកបដោយយុត្តិធម៌បានឡើយ ប្រសិនប្រជាពលរដ្ឋមិនអាចទទួលបានព័ត៌មានសំខាន់ៗ ដែលស្ថិតនៅក្នុងដៃរបស់ស្ថាប័នរដ្ឋ។
ក្រសួងព័ត៌មានបានបញ្ចប់សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» កាលពីពេលថ្មីៗ នេះ បន្ទាប់ពីបានចំណាយពេលអស់ជាង ៣ឆ្នាំ ដែលមានការចូលរួមពីតំណាងសង្គមស៊ីវិល។ មន្ត្រីសង្គមស៊ីវិល ដែលចូលរួមតាក់តែងសេចក្ដីព្រាងច្បាប់នេះ ថ្លែងថា សេចក្ដីព្រាងច្បាប់នេះអាចទទួលយកបាន នៅខណៈអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ មិនទាន់ហ៊ានវាយតម្លៃ ដោយត្រូវការពេលវេលា ដើម្បីសិក្សាអំពីខ្លឹមសារស៊ីជម្រៅជាមុនសិន។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបានចូលរួមជាសមាជិកមួយរូបក្នុងក្រុមការងារបច្ចេកទេសរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ឲ្យដឹងថា ប្រសិនបើខ្លឹមសារក្នុងសេចក្ដីព្រាងច្បាប់នេះពុំត្រូវបានកែប្រែដោយស្ថាប័នបន្ទាប់ៗ ទេនោះ សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» មួយនេះ ពិតជាអាចទទួលយកបានសម្រាប់លោក។ លោក ណុប វី បញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ មានគុណភាពសមល្មមអាចយកជាការបាន៖ «» សម្លេង១៖
ចំណុចសំខាន់ៗ ដែលមានភាពចម្រូងចម្រាសក្នុងពេលពិភាក្សាតាក់តែងសេចក្ដីព្រាងច្បាប់នេះឡើង រួមមាន អ្វីទៅដែលហៅថា ព័ត៌មានសម្ងាត់ ព័ត៌មានមានផលប្រយោជន៍ដល់សាធារណៈ និងអ្វីទៅដែលហៅថា ព័ត៌មានដែលអន្តរាយដល់វិស័យការពារជាតិ សន្តិសុខជាតិ និងទំនាក់ទំនងជាមួយប្រទេសដទៃ ដែលស្ថាប័នរដ្ឋមិនអាចផ្ដល់ឲ្យអ្នកស្នើសុំនោះ។
ទោះជាយ៉ាងណា ចំពោះនិយមន័យនៃព័ត៌មានសម្ងាត់ដែលជាចំណុចដ៏រសើបនោះ លោក ណុប វី ឲ្យដឹងថា ក្នុងសេចក្ដីព្រាងច្បាប់ចុងក្រោយនេះ មានភាពច្បាស់លាស់ជាងពេលមុនៗ៖ «»សម្លេង២៖
បើទោះជាសេចក្ដីព្រាងច្បាប់នេះ កំណត់ថា ស្ថាប័នសាធារណៈមិនអាចផ្ដល់ព័ត៌មានសម្ងាត់ ដូចដែលមានចែងក្នុងមាត្រា ២០ ក្តី ក៏អ្នកស្នើសុំមានសិទ្ធិទទួលបានព័ត៌មានសម្ងាត់នោះដែរ ប្រសិនបើផលប្រយោជន៍សាធារណៈមានឧត្ដមភាពធំជាងការសម្ងាត់នៃព័ត៌មាននោះ។
លោក ណុប វី ថា ក្នុងករណីនេះស្ថាប័នសាធារណៈ ដែលមានព័ត៌មានសម្ងាត់នោះ ត្រូវផ្ដល់ឲ្យអ្នកស្នើសុំ៖ «» សម្លេង៣៖
មាត្រា៧ វាយក្យខណ្ឌទី២នៃសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» ចែងថា ៖ ក្នុងករណីផលប្រយោជន៍សាធារណៈធំជាងការរក្សាទុកព័ត៌មានសម្ងាត់ ដូចមាន ចែងក្នុងបទបញ្ញត្តិហាមឃាត់ ព័ត៌មានសម្ងាត់នោះត្រូវតែផ្ដល់ជូនសាធារណជនប្រើប្រាស់តាមការស្នើសុំ»។
សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» នេះ ក៏ចែងអំពីយន្តការប្ដឹងតវ៉ារបស់អ្នកស្នើសុំព័ត៌មានដែរ ប្រសិនស្ថាប័នសាធារណៈណាមួយបដិសេធការស្នើសុំ៖ «» សម្លេង៤៖
យោងតាមនិយមន័យដែលកំណត់នៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ពាក្យថា «ស្ថាប័នសាធារណៈ» គឺសំដៅដល់ក្រសួង ឬស្ថាប័នរដ្ឋ ឬអង្គភាពដទៃទៀត ដែលអនុវត្តនូវមុខងារសាធារណៈ រួមទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបង្កើតឡើងដោយបទបញ្ញត្តិច្បាប់ និង ឬលិខិតបទដ្ឋានគតិយុត្តិដទៃទៀត។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ណុប វី បញ្ជាក់ថា ព័ត៌មានមានសារសំខាន់ខ្លាំងណាស់ ពីព្រោះព័ត៌មានហាក់ដូចជាដង្ហើមរបស់មនុស្ស ដែលនៅពេលមិនមានព័ត៌មានមនុស្សអាចមានគ្រោះថ្នាក់ ហើយព័ត៌មានពិតត្រឹមត្រូវ គឺមានផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៖ «»សម្លេង៥៖
សេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» ដែលមាន ៩ជំពូក ចែកចេញជា ៣៨មាត្រានេះ ដឹកនាំរៀបចំតាក់តែងដោយក្រសួងព័ត៌មាន ដែលមានការចូលរួមពីតំណាងសង្គមស៊ីវិល អង្គការយូណេស្កូ ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានចំណាយរយៈពេលជាង ៣ឆ្នាំ ក្រោមការឧបត្ថម្ភថវិការបស់អង្គការយូណេស្កូ។
លោក ណុប វី ដែលបានចូលរួមផ្ទាល់ក្នុងក្រុមការងារបច្ចេកទេស ចង់ឃើញយន្តការតាក់តែងច្បាប់ដែលមានសង្គមស៊ីវិលចូលរួមបែបនេះនៅថ្ងៃខាងមុខ៖ «» សម្លេង៦៖
ទោះជាយ៉ាងណា លោក ណុប វី សំដែងក្ដីបារម្ភថា ខ្លាចក្រែងសេចក្ដីព្រាងច្បាប់នេះត្រូវបានកែប្រែខ្លឹមសារដើមរបស់វា នៅពេលបញ្ជូនទៅដល់អន្តរក្រសួង រដ្ឋសភា និងព្រឹទ្ធសភា ធ្វើឲ្យបានបង់គុណភាព ដែលអាចទទួលយកបាននៅពេលនេះ៖ «» សម្លេង៧៖
អាស៊ីសេរីបានផ្ញើសំណួរទៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ដើម្បីសុំការយល់ឃើញចំពោះសេចក្ដីព្រាងច្បាប់ស្ដីពី «សិទ្ធិទទួលព័ត៌មាន» នេះ។ មន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនង និងព័ត៌មាន លោក ម៉ាមូត ហ្កាកា (Mahmoud GARGA ) មិនបានឆ្លើយថា សេចក្ដីព្រាងច្បាប់នេះល្អ ឬអាក្រក់យ៉ាងណានោះទេ ប៉ុន្តែនៅក្នុងសារអេឡិចត្រូនិកផ្ញើមកកាន់អាស៊ីសេរី លោកថ្លែងថា៖ «ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានចូលរួមក្នុងដំណើរការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់នេះ ដែលជាដំណើរការងារមួយប្រកបដោយតម្លាភាព និងការចូលរួម ហើយអនុសាសន៍ជាច្រើនចំណុចរបស់ការិយាល័យយើងត្រូវទទួលយកដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់មួយនេះ»។
អាស៊ីសេរីក៏បានផ្ញើសំនួរសុំការវាយតម្លៃពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែនរ៉ៃវ៉ច្ឆ ប៉ុន្តែនាយកប្រតិបត្តិទទួលកិច្ចការតំបន់អាស៊ីនៃអង្គការនេះ គឺលោក Brad Adams ដែលជាមេធាវីផងនោះ ឆ្លើយតបថា លោកមិនទាន់អាចវាយតម្លៃសេចក្ដីព្រាងច្បាប់ចុងក្រោយស្ដីពី «សិទ្ធិទទួលព័ត៌មាន» នេះនៅឡើយទេ ដោយលោកត្រូវការពេល ដើម្បីសិក្សាមើលសិន។
សិទ្ធិទទួលបានព័ត៌មានជាសិទ្ធិដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋខ្មែរ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments