RFA | លោក ហ៊ុន សែន​ ស្នើសុំ​កម្មករ​កុំ​ឱ្យ​ដាក់​បន្ទុក​លើ​ថៅកែ​រោងចក្រ រឿង​បើក​ប្រាក់​អតីតភាព​ការងារ | hot news

By , Comment
Share on Facebook Tweet on Twitter

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ស្នើ​ឱ្យ​កម្មករ​​មាន​ការ​យោគ​យល់​ចំពោះ​បញ្ហា​ការ​បើក​ប្រាក់​​​​អតីតភាព​ការងារ​ ដោយ​កុំ​ដាក់​បន្ទុក​ទៅលើ​ថៅកែ​រោង​ចក្រ។ ប៉ុន្តែ​សហជីព​យល់​ថា ​ថ្នាក់​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​គួរ​តែ​អន្តរាគមន៍​ឱ្យ​ម្ចាស់​រោងចក្រ​ទូទាត់ប្រាក់​បំណាច់​អតីតភាព​ការងារ​កាល​ពី​ឆ្នាំ​ចាស់​ឱ្យ​អស់​ជា​មុន​សិន​ មុន​នឹង​ចាប់​ផ្ដើម​អនុវត្ត​ការ​ទូទាត់​រៀងរាល់ ៦ខែ​ម្ដង។ ​

លោក ហ៊ុន សែន ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​នៅ​ឯ​ខេត្ត​តាកែវ​នៅថ្ងៃពុធទី០៩មករានេះថា ប្រាក់​អតីតភាព​ការងារ​​របស់​កម្មករ​នឹង​មិន​បាត់​បង់​ទៅ​ណា​នោះ​ទេ ពោល​គឺ​នឹង​ត្រូវ​បើក​រយៈពេល​ ៦ខែ​ម្ដង ចាប់​ពី​ឆ្នាំ​ ២០១៩ នេះ​តទៅ។ លោក​ស្នើសុំ​ឱ្យ​កម្មករ​យោគ​យល់​ ដោយ​កុំ​បង្ខំ​​ថៅកែ​រោងចក្រ​ឱ្យ​​បើក​ផ្ដាច់​​ប្រាក់​អតីត​ភាព​ការងារ​​​​ឆ្នាំ​ចាស់ នៅ​ត្រឹម​ខែ​មករា​នេះ​ ដោយ​លោក​អះអាង​ថា ការ​ធ្វើ​របៀប​នេះ​នឹង​បណ្ដាល​ឱ្យ​រោងចក្រ​ប្រមាណ​ ២ ភាគ ៣ ​ត្រូវ​បិទ​ទ្វារ។ បុរស​ខ្លាំង​រូប​នេះ ​​ក៏​បាន​ព្រមាន​អ្នក​ដែល​កំពុង​ធ្វើ​ចលនា​ឱ្យ​កម្មករ​ទាម​ទារ​បើក​ផ្ដាច់​ប្រាក់​អតីត​ភាព​ការងារ​ឆ្នាំ​ចាស់​នេះ​ ត្រូវ​បញ្ឈប់​សកម្មភាព​​​របស់​ខ្លួន​ជា​បន្ទាន់៖ «ស្រាប់​តែ​មាន​រោងចក្រ​ប្រហែល​ជា ៦រោងចក្រ បែរ​ជា​សុំ​ទូទាត់​នៅ​ខែ​មករា​ហ្នឹង​ផ្ដាច់​តែ​ម្ដង អ៊ីចឹង​ឥលូវ​ពូ​សុំ​សួរ​ត្រឡប់​ទៅ​វិញ​ តើ​ទុក​ឱ្យ​រោង​ចក្រ​នេះ​ក្ស័យ​ធន​តាម​រយៈ​ប្រមូល​ទុន​ទាំង​អស់ យក​មក​បើក​ឱ្យ​កម្មករ​តែ​ក្នុ​ង​មួយ​ពេល​ រួច​ហើយ​បិទ​រោងចក្រ​ ឬ​មួយ​ក៏​យ៉ាង​ណា? ក្មួយៗ ពិចារណា​មើល​ទៅ។ ពីមុន​នេះ ៣-៤ ឆ្នាំ​ មិន​ទាន់​ទូទាត់​ផង ទាល់​តែ​គេ​បញ្ឈប់​ទើប​គេ​ទូទាត់​ឱ្យ។ ឥលូវ​នេះ តើ​មាន​ក្រុម​ញុះញង់​មក​ពី​ណា​ទៅ ដែល​បង្កើត​ឱ្យ​មាន​ស្ថានភាព​បើក​ផ្ដាច់​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ ២០១៩ នេះ

លោក​ ហ៊ុន សែន សង្កត់ធ្ងន់​ថា ប្រសិន​បើ​រោង​ចក្រ​ត្រូវ​បិទ​ទ្វារ​ អ្នក​ដែល​ជួប​ការ​លំបាក​មុន​គេ​ គឺ​កម្មករ ខណៈ​​​ការ​​ផលិត​សំលៀក​បំពាក់ និង​ស្បែកជើង​មិន​មែន​មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ហើយ​ថៅកែ​រោងចក្រ​ងាយ​នឹង​ទៅ​វិនិយោគ​នៅ​ប្រទេស​ដែល​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​កម្ពុជា។

ច្បាប់​ស្ដីពី​ការងារ​ដែល​របប​ក្រុង​ភ្នំពេញ​បាន​ធ្វើ​វិសោធនកម្ម​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៨ នោះ តម្រូវ​ឱ្យ​ម្ចាស់​រោងចក្រ​បើក​ប្រាក់​បំណាច់​អតីតភាព​ដល់​កម្មករ​រៀង​រាល់​ ៦ខែ​ម្តង គឺ​នៅ​ក្នុង​ខែ​មិថុនា និង​ខែ​ធ្នូ។ របប​នេះ​អះអាង​ថា ការ​ធ្វើ​បែបនេះ​ដើម្បី​ការពារ​ផល​ប្រយោជន៍​កម្មករ សម្រាល​បន្ទុក​និយោជក​ក្នុង​ការ​ទូទាត់​ប្រាក់​​បំណាច់​អតីតភាព​ការងារ​ បញ្ចៀស​ការ​រក្សា​ទុក​ប្រាក់​បំណាច់​អតីតភាព​រហូត​ដល់​ពេល​បញ្ចប់​កិច្ចសន្យា និង​កាត់​បន្ថយ​ការ​តវ៉ា​រឿង​ទូទាត់​ប្រាក់​បំណាច់​ផ្សេងៗ ព្រម​ទាំង​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ​ដែល​ត្រូវ​សង​ជំនួស​ម្ចាស់​រោងចក្រ​ក្នុង​ករណី​ពួក​គេ​រត់​ចោល​កម្មករ។

ទោះ​ជា​យ៉ាង​ណា​ក្ដី សហជីព​ឯករាជ្យ​យល់ឃើញ​ថា ផល​វិបាក​នៃ​ការ​ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​រៀង​រាល់​ ៦ខែ​ម្ដង​នោះ ​​គឺ​ថៅកែ​រោងចក្រ​​នឹង​ងាយ​ស្រួល​បញ្ឈប់​កម្មករ​ នៅ​ពេល​ពួក​គេ​មិន​ពេញ​ចិត្ត​កម្មករ ណា​ម្នាក់​ ដោយ​គ្រាន់​តែ​យក​លេស​ថា ឈប់​បន្ត​កិច្ច​សន្យា​ឱ្យ​ជា​ការ​ស្រេច។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន កត់​សម្គាល់​ថា ជាច្រើន​ឆ្នាំ​មក​ហើយដែល​របប​លោក ហ៊ុន សែន ហាក់​មាន​ភាព​លម្អៀង​ ឈរ​នៅ​ខាង​ម្ចាស់​រោងចក្រ​ជា​ជាង​ឈរ​ខាង​កម្មករ។ លោក​ថា ករណី​នេះ ​ម្ចាស់​រោងចក្រ​គួរ​​កំណត់​រយៈពេល​ជាក់លាក់​ក្នុង​ការ​បើក​ផ្ដាច់​ប្រាក់​បំណាច់​អតីតភាព​ការងារ​ ដើម្បី​ឱ្យ​កម្មករ​ទទួល​បាន​កញ្ចប់​ថវិកា​ធំ អាច​យក​ប្រើប្រាស់​តាម​តម្រូវ​ការ​របស់​ពួក​គាត់។ លោក​ជឿជាក់​ថា ម្ចាស់​រោងចក្រ​អាច​មាន​លទ្ធភាព​ធ្វើ​បែប​នេះ​បាន៖ «ចំណុច​បើក​ដំបូង​ យើង​គិត​តែ ៥ឆ្នាំ​សិន​ទៅ ដល់​ពេល​ ៣-៤ខែក្រោយ​ទៀត​ទៅ យើង​បើក​ ៥ឆ្នាំ​ទៀត​ទៅ វា​ត្រូវ​បញ្ចប់​ហើយ។ ហើយ​មិន​ត្រូវ​បើក​រំលស់​ ៦ខែ​ម្ដងៗ ចុះ​បើ​គាត់ (ធ្វើការ) ១០ឆ្នាំ​ជាង​អី​ទៅ សួរ​ថា​តើ​ប៉ុន្មាន​សិប​ដង​ទៅ ទើប​ចប់​អតីតភាព​របស់​គាត់​ហ្នឹង ហើយ​ដែល​គាត់​​បើក​បាន​​ហ្នឹង​លុយ​វា​រាយៗ គាត់​មិន​អាច​យក​ទៅ​ប្រើប្រាស់​ដុំ​កំភួន​អី​នោះ​បាន​ទេ។ ហើយ​ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ពិត​ជា​មាន​ទឹក​ចិត្ត​ស្មោះ​ត្រង់​ជួយ​កម្មករ​ពិត​ប្រាកដ​មែន ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​រឿង​ទាំងអស់​នេះ ដើម្បី​ឱ្យ​និយោជក​ត្រូវ​តែ​ផ្តល់​ប្រាក់​អតីតភាព ត្រូវ​បញ្ចប់​(ប្រាក់​អតីតភាព)ឆ្នាំ​ចាស់​កន្លង​មក​ហ្នឹង ហើយ​សឹម​យើង​ចាប់​អនុវត្ត​ពី​ឆ្នាំ២០១៩ នេះ​ ៦ខែ​ម្តងៗ ទៅ»

ថ្នាក់​ដឹក​នាំ​សហជីព​រូប​នេះ​បន្ត​ថា បញ្ហា​​បើក​ប្រាក់​​បំណាច់​អតីតភាព​ការងារ​នេះ​ នឹង​មិន​បណ្ដាល​ឱ្យ​រោងចក្រ​ត្រូវ​ក្ស័យ​ធន ហើយ​បិទ​ទ្វារ​លែង​ដំណើរការ​នោះ​ទេ ផ្ទុយ​ទៅវិញ​បញ្ហា​ប្រឈម​សំខាន់​ដែល​ម្ចាស់​រោងចក្រ​អាច​ពិចារណា​ឈប់​វិនិយោគ​នៅ​កម្ពុជា គឺ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នៅ​ទីផ្សារ​អឺរ៉ុប​ទៅ​វិញ​ទេ។ លោក​ទទូច​​​ឱ្យ​របប​ក្រុង​ភ្នំពេញ​ងាក​ទៅ​ស្ការ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើងវិញ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ត្រូវ​ខាតបង់​ប្រយោជន៍​ដ៏​ធំ​ពី​វិស័យ​កាត់​ដេរ​ ខណៈ​ឱសានវាទ​របស់​សហភាព​អឺរ៉ុប​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ​កាន់តែ​ខិត​ជិត​ចូល​មក​ដល់​។

រហូត​មក​ទល់​ពេលនេះ របប​ក្រុង​ភ្នំពេញ​បាន​បញ្ចេញ​ថវិកា​ជាតិ​ប្រមាណ ២២លាន​ដុល្លារ​អាមេរិក សម្រាប់​ដោះស្រាយ​បញ្ហា​ប្រាក់​ខែ និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ នៅ​ពេល​មាន​ករណី​ថៅកែ​រត់ចោល​រោងចក្រ ហើយ​របប​នេះ​​នឹង​ត្រូវ​​​ចំណាយ​​​កាន់​តែ​ច្រើន​ថែម​ទៀត​​​​ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ពី​សហភាព​អឺរ៉ុប​មែន​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments