RFA | ទស្សនៈ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​អំពី​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ​ខ្មែរ​បាន​បញ្ចេញ​ទស្សនៈ​ផ្សេងៗ​គ្នា​អំពី​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៦៥។ ប្រជាពលរដ្ឋ​ភាគច្រើន​នៅតែ កោតសរសើរ​ព្រះ​បរមរតនកោដ្ឋ នរោត្តម សីហនុ ដែល​បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ ប៉ុន្តែ​ពួកគេ បន្ទោស​របប​លោក ហ៊ុន សែន ដែល ដឹកនាំ​ប្រទេស​កម្ពុជា អោយ​ស្ថិត​ក្រោម​អាណានិគម​បែប​ថ្មី​ពី​ប្រទេសជិតខាង និង​ប្រទេស​ចិន។

បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥ នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ដែល​កម្ពុជា បាន​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង នៅ​ឆ្នាំ​១៩៥៣ ក៏​ពិតមែន ប៉ុន្តែ ពួកគេ​យល់​ថា កម្ពុជា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន គឺ​នៅ​មិន​ទាន់​មាន​ឯករាជ្យភាព និង​អធិតេយ្យភាព​ពេញលេញ​នោះ​ទេ។

យុវជន​ឈ្មោះ ចឹក ចិត្រា ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​បញ្ហា​នៅ​តាម​ព្រំដែន រៀបរាប់​ថា ពិធីបុណ្យ​ឯករាជ្យ ជាតិ​ដែល​របប​លោក​ហ៊ុន សែន រៀបចំឡើង ហាក់​មាន​ចេតនា​ចង់​ចំណេញ​នយោបាយ​ពី​ស្នាព្រះហស្ថ​របស់​អតីត​ព្រះមហាវីរៈក្សត្រ និង​អ្នកនយោបាយ​មុនៗ ខណៈ​ដែល​របប​លោក​បច្ចុប្បន្ន​នេះ មាន​ភាព​កម្សោយ​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​ឯករាជ្យភាព​ជាតិ​ពី​ប្រទេសជិតខាង៖ «ថ្ងៃ​ទិវា​ឯករាជ្យ​នេះ គឺ​សំដៅ​លើ​តែ​រូបភាព​នៃ​ការ​ទទួល​បាន​ឯករាជ្យ​ពី​អាណានិគម​ក្នុង​សម័យ​ប្រទេស​ធំៗ​លើ​ពិភពលោក​ទេ ប៉ុន្តែ​យើង​អត់​មើល ទៅលើ​ឥទ្ធិពល​បច្ចុប្បន្ន​ថា តើ អំណាច​ឥទ្ធិពល​អ​ណា​និគម​បែប​ទំនើប​វា​យ៉ាងម៉េច​ទៅវិញ​? យើង​មើល​ទៅលើ​គុណវិបត្តិ​និង​គុណសម្បត្តិ​នៃ​សេដ្ឋកិច្ច ក៏​ហាក់​ដូចជា គេ​គ្រប់គ្រង​លើ​យើង​ទាំងស្រុង ថា​តើ​យើង​ធ្វើ​អោយ​ឯករាជ្យ​យ៉ាងម៉េច​?»

រីឯ​កសិករ​មួយ​រូប​រស់នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង លោកស្រី ម៉ម ស៊ីណា រៀបរាប់​ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​ខ្សែ​ក្រវ៉ាត់​ព្រំដែន​ភាគច្រើន មាន​ជីវភាព​ក្រខ្សត់​ខ្លាំង ដោយសារ​ខ្វះ​ការ យកចិត្តទុកដាក់​ពី​របប​លោក ហ៊ុន សែន ដែល​ជា​រឿង​ងាយស្រួល​ធ្វើ​ឲ្យ​បរទេស​ឈ្លានពាន​កម្ពុជា គ្រប់​បែប​យ៉ាង៖ «ខ្ញុំ​រាល់ថ្ងៃ​នៅតែ​ព្រួយបារម្ភ​ខ្លាច​វៀតណាម​ចូល​គ្រប់គ្រង​ទឹកដី​ខ្មែរ​ព្រោះ សព្វថ្ងៃ​នេះ​តាម​ព្រំដែន គឺ​ជនជាតិ​វៀតណាម រស់នៅ​ច្រើនជាង​ខ្មែរ»

មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ យុវជន​មួយ​រូប​ទៀត លោក ម៉ា កូ យល់ថា ពិធីបុណ្យ​ឯករាជ្យ​ជាតិ​នេះ​គឺ​ធ្វើ​ឲ្យ តែ​ល្អមើល​ប៉ុណ្ណោះ ខណៈ​ដែល​កម្ពុជា​មិនទាន់​រឹងមាំ​ខ្លាំង​ទាំង​សេដ្ឋកិច្ច និង​នយោបាយ រួម​ទាំង​កម្លាំង​ការពារ​ព្រំដែន​នោះ​ទេ។ លោក​ចង់​ឃើញ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ខ្លាំង​ដូច​សម្ដី​របស់​លោក​ពិតប្រាកដ មិនមែន​បាន​ត្រឹម​តែ​និយាយ​ម្ដង​ហើយ​ម្តង​ទៀត​នោះ​ទេ៖ «លោក ហ៊ុន សែន គាត់​ថា កម្ពុជា​មិន​រណប​បរទេស​ណា​ទេ ប៉ុន្តែ​គាត់​និយាយ​នោះ គឺ​សំដៅ​លើ​បរទេស​មួយ​ចំនួន​ដែល​មិនល្អ​សម្រាប់​អំណាច​គាត់​ទេ ប៉ុន្តែ​បរទេស​មួយ​ចំនួន​ទៀត គាត់​បាន​ទៅ​អោបដៃអោបជើង​ដូចជា​ចិន​ជាដើម។ ចំពោះ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​វិញ គឺ​អត់​ឃើញ​មាន​មន្ត្រី​ឬក៏​ថ្នាក់ដឹកនាំ​កម្ពុជា​ចុះ​ដោះស្រាយ​ដោយ​ឯករាជ្យ​ពិត​ប្រាកដ​ដូចដែល​ខ្លួន​ឯង​បាន​និយាយ​នោះ​ទេ គឺ​នៅតែ​ធ្វើ​អោយ​ទឹកដី​ខ្មែរ​បាត់បង់​ទៅ។ ម្យ៉ាងវិញទៀត គឺ​ការ​ធ្វើ​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម គឺ​មាន​ការ​បើកដៃ​ដោយ​មន្ត្រី​ខ្មែរ​តាំង​ពី​ដើម​មក ហើយ​ឥឡូវនេះ ចែក​ដី​អោយ​ថែមទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ម្តុំ​បឹង​ទន្លេសាប»

ដោយឡែក​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង លោក ឯម សុខសុវណ្ណ មាន​ប្រសាសន៍​ថា បើ​និយាយ​អំពី​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ គឺ​លោក​ពិតជា​រីករាយ និង​មាន​មោទនភាព​ខ្លាំង ព្រោះ ជា​ថ្ងៃ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​បរិបូរ​ពី​បារាំង​ក្រោម​ស្នា​ព្រះហស្ថទាមទារ​ដ៏​ស្វិតស្វាញ របស់​អតីត​ព្រះ​មហាវីរក្សត្រ ប៉ុន្តែ​បើ​និយាយ​អំពី​អធិបតេយ្យភាព​ក្នុង​បច្ចុប្បន្ន​នេះ​វិញ គឺ​កម្ពុជា មិន​ទាន់​មាន​ពេញលេញ​ពី​ប្រទេសជិតខាង​នោះ​ទេ៖ «ប្រទេស​ដែល​ឯករាជ្យភាព និង​អធិបតេយ្យភាព​ច្បាស់លាស់ លុះត្រាតែ​ប្រទេស​នោះ មាន​ទាំង​សេដ្ឋកិច្ច យោធា​រឹងមាំ ប្រជាពលរដ្ឋ ខ្មែរ​មាន​ប្រាក់ខែ​ត្រឹមត្រូវ​សមរម្យ ប្រជាពលរដ្ឋ​មាន​ចំណេះដឹង និង​មាន​ព្រំដែន​រឹងមាំ​ត្រឹមត្រូវ​ជាដើម។ យើង​និយាយ​តែ​ខេត្ត​កំពង់សោម​មួយ​តើ​ថា​ពេលនេះ មាន​ឯករាជ្យ ឬ​អត់​មិន​ចាំបាច់​និយាយ​ជាទូទៅ​នោះ​ទេ»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត ឈ្មោះ ស្រី ម៉ៅ បាន​ចូលរួម​អបអរសាទរ​ចំពោះ​ការ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យជាតិ ព្រោះ​យល់ថា វា​ជា​ការ​រម្លឹក​អំពី​ប្រវត្តិសាស្ត្រ និង​ជា​ការ​ផ្ដល់​មេរៀន​ល្អៗ​អោយ​ពលរដ្ឋ​ខ្មែរ ជំនាន់ បាន​ចងចាំ និង​ចេះដឹង​។ ទោះយ៉ាងណា​ក្តី ស្រី ម៉ៅ ហាក់​មិន​ពេញចិត្ត​ចំពោះ​របប​លោក​ហ៊ុន សែន ដែល តែងតែ​ឆ្លៀត​យក​ឱកាស​ថ្លែង​សារ​អំពី​ស្នាដៃ​របស់​ខ្លួន​ជ្រុល​ហួស​ហេតុ​ថា បាន​អភិវឌ្ឍ​ប្រទេស​បាន​ជឿនលឿន​កន្លងមក គឺ​មានតែ​គណបក្ស​ប្រជាជន​តែឯង​។ បន្ថែម​ពីនេះ ស្រី​ម៉ៅ មើលឃើញ​ថា របប លោក ហ៊ុន សែន អសមត្ថភាព​ការពារ​អធិបតេយ្យភាព និង​កសាង​ប្រទេស​អោយ រឹងមាំ​ពោល​គឺ​របប​លោក​ហ៊ុន សែន បាន​ត្រឹមតែ​អួត​ប៉ុណ្ណោះ៖ «កម្ពុជា មិន​ទាន់​មាន​ឯករាជ្យភាព​ទេ។ ខ្ញុំ​សំដៅ​ថា ប្រទេស​ណា​ដែល​មាន​គោលការណ៍​ជួយ​ជ្រោមជ្រែង​ទង្វើ​ផ្ដាច់ការ​របស់​រដ្ឋាភិបាល គឺ​រដ្ឋាភិបាល ហាក់​ទេរ​ទៅ​រក​ប្រទេស​នោះ អត់​ទាន់​មាន​ថា រៀបចំ​ប្រទេស​ខ្លួនឯង​អោយ​មាន​ឯករាជ្យ ហើយ​រៀបចំ​អោយ​មាន​ច្បាប់ទម្លាប់​អោយ​សាក​សមជា​ប្រទេស​មួយ​ដែល​មាន​វ័យ​ចំណាស់​នោះ​ទេ។ យើង​ឃើញ​ថា រឿង​ព្រំដែន ខ្មែរ​ចាញ់​ព្រៀប​វៀតណាម។ ចំណែក​រឿង​ទឹកដី​និង​ការ​វិនិយោគ​កំពុងតែ​ចាញ់​ប្រៀប​ចិន។

ផ្ទុយ​ពី​ការយល់ឃើញ​របស់​ពល​រដ្ឋ​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ថ្លែង​ថា អ្នក​ដែល​មើល​ឃើញ​កម្ពុជា​ថា​គ្មាន​ឯករាជ្យភាព​ពេញលេញ​នោះ គឺជា​ក្រុម​រស់នៅ​ក្នុង​សម័យ​អតីតកាល ខ្វះ​ការ​យល់ដឹង ហើយ​និយម​មាក់ងាយ​ប្រទេសជាតិ។ លោក​បញ្ជាក់​ថា បរទេស​ជាពិសេស​វៀតណាម​ក្តី គ្មាន​ឥទ្ធិពល​លើ​កម្ពុជា​នោះ​ទេ ព្រោះ​ការ​គ្រប់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ អាស្រ័យ​លើ​ការ​សម្រេចចិត្ត​នានា​របស់​រដ្ឋសភា​កម្ពុជា ដែល​មាន​ការបោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ។

ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ដែល​មាន​ពិធី រំលឹក​ខួបកំណើត​កងទ័ព​ជាតិ​ដែរ​នោះ បាន​ធ្វើ​ឡើង​នៅ​វិមានឯករាជ្យ និង​មុខ​ព្រះបរមរាជវាំង នា​រាជធានី​ភ្នំពេញ ដែល​មាន​ការចូលរួម​ពី​ព្រះមហាក្សត្រ មន្ត្រី​របប​ក្រុងភ្នំពេញ អ្នកមុខអ្នកការ​អ្នកការទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា រួម​ទាំង​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​រាប់រយ​នាក់​ផង​​ដែរ។

ប្រជាពលរដ្ឋ សំណូមពរ​ឲ្យ​អ្នកនយោបាយ​ខ្មែរ លះបង់​គំនុំ​ផ្ទាល់ខ្លួន ហើយ​ចេះ​ស្រលាញ់​ជាតិ​ពិត ប្រាកដ និង​ចាប់ផ្ដើម​រួបរួមសាមគ្គី​គ្នា កសាង​សេដ្ឋកិច្ច និង​កសាង​សង្គមជាតិ​អោយ​រឹងមាំ​តាម​បែប ប្រជាធិបតេយ្យ​ពិតប្រាកដ ដើម្បី​អោយ​ប្រទេស​ខ្មែរ មាន​កម្លាំង​ជាតិ​ខ្លាំង មិន​រណប​ឬ​នៅ ក្រោម អាណានិគម​បែប​ថ្មី​របស់​បរទេស​ទៀត​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments