
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបិទបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការរយៈពេល ១១ថ្ងៃ របស់អ្នកស្រីនៅកម្ពុជាហើយ នៅថ្ងៃទី៨ វិច្ឆិកានេះ។ ជាថ្មីម្តងទៀត អ្នកស្រី នៅតែបន្តអំពាវនាវឲ្យរបបលោក ហ៊ុន សែន ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងទម្លាក់ចោលរាល់បទចោទប្រកាន់មកលើសកម្មជនដីធ្លី សកម្មជនសិទ្ធិមនុស្ស និងអ្នកសារព័ត៌មាន។
ក្នុងសេចក្ដីថ្លែងការណ៍បិទបញ្ចប់បេសកកម្មលើកទី៦ របស់អ្នកស្រី រ៉ូណា ស្មីត មកកាន់កម្ពុជា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ ជាថ្មីម្ដងទៀត អំពាវនាវឲ្យរបបក្រុងភ្នំពេញ ដោះលែងប្រធានគណបក្សប្រឆាំងលោក កឹម សុខា ពីការឃុំឃាំង ដែលអ្នកស្រីចាត់ទុកថា ជាការឃុំឃាំងដ៏រឹតត្បិតបំផុត។ អ្នកស្រីចង់ឃើញមានការបញ្ចប់ការស៊ើបអង្កេតលើសំណុំរឿងរបស់លោក កឹម សុខា ឲ្យបានឆាប់រហ័ស ដើម្បីធានាពីសិទ្ធិរបស់លោក ក្នុងការទទួលបានការកាត់ក្តីប្រកបដោយយុត្តិធម៌ក្នុងរយៈពេលសមស្របមួយ ផ្អែកតាមភស្តុតាងច្បាស់លាស់ និងមានតម្លាភាព ព្រោះថាបើមិនដូច្នោះទេ អ្នកស្រីថា របបនេះ ត្រូវតែទម្លាក់ចោលនូវរាល់បទចោទប្រកាន់ប្រឆាំងនឹងរូបលោក។ ជាមួយគ្នានេះដែរ អ្នកស្រី ក៏អំពាវនាវឲ្យមានការលើកលែងការផ្ដន្ទាទោសដល់សកម្មជនដីធ្លីអ្នកស្រី ទេព វន្នី និងមន្ត្រីអាដហុក (Adhoc) និងអតីតបុគ្គលិកនៃអង្គការនេះ។ អ្នកស្រីក៏សម្តែងការព្រួយបារម្ភអំពីបទចោទដែលនៅបន្តធ្វើឡើងប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានវិទ្យុអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ផង។
ឆ្លើយតបនឹងការអំពាវនេះ មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ហៅការអំពាវនាវនេះ របស់អ្នកស្រី រ៉ូណា ស្មីត នេះថាជានិន្នាការបែបប្រមាថ និងវាយប្រហាររបស់អ្នកស្រីមកលើ ដំណើរការយុត្តិធម៌នៅកម្ពុជា៖ «តាមច្បាប់តាមទម្លាប់ ការអំពាវនាវនេះគឺជាការប្រមាថ ឬការវាយប្រហារមកលើដំណើរការយុត្តិធម៌របស់តុលាការ អាស្រ័យដោយនៅក្នុងសាច់រឿងនេះ យើងមានអង្គហេតុ និងអង្គច្បាប់។ ដូច្នេះ បើសិនជាលោកស្រី លោកយល់ច្បាស់អំពីនីតិរដ្ឋ មិនគួរណាធ្វើសេចក្ដីអំពាវនាវបែបនេះទេ។ បើតាមខ្ញុំយល់ គួរតែស្វែងរកមេធាវីល្អៗ មកជួយដោះស្រាយនៅក្នុងរឿងហ្នឹង មិនត្រូវយកតុលាការនៅក្នុងបរិបទនយោបាយមកលេងសើចជាមួយកម្ពុជានោះទេ»។
ជារួម លោក ផៃ ស៊ីផាន ហៅដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត នៅកម្ពុជាលើកទី៦ នេះ ថាពុំមានអ្វីចម្លែក ដោយលោកចាត់ទុកថា អ្នកស្រី រ៉ូណា ស្មីត គ្រាន់តែមករៀនសូត្រពីកម្ពុជា អំពីវឌ្ឍនភាពនៃវិស័យមួយចំនួនដែលកំពុងទទួលបានតាមរយៈកំណែទម្រង់ទូទៅ។ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់អ្នកស្រី រ៉ូណា ស្មីត នេះ មិនមែនជាការមកវាយតម្លៃពីស្ថានភាពរបស់កម្ពុជានោះទេ៖ «ដូច្នេះកម្ពុជា ដូចជាមិនត្រូវការអ្នកមកធ្វើការវាយតម្លៃនោះទេ ពីព្រោះយើងធ្វើ ដោះស្រាយនូវអ្វីដែលយើងឃើញថាជាអាទិភាពដែលយើងត្រូវតែដោះស្រាយ ត្បិតអីការងាររដ្ឋធំ។ លោកស្រី រ៉ូណា ស្មីត គ្រាន់តែមានតែការិយាល័យមួយ ក្នុងការគ្រប់គ្រង ក្នុងការធ្វើរបាយការណ៍ ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានវិស័យច្រើនណាស់ដែលត្រូវឆ្លើយតប រាប់ចាប់តាំងពីវិស័យសិទ្ធិមនុស្សផងដែរដែលយើងតែងតែឲ្យអាទិភាព»។
ដំណើរទស្សនកិច្ចលើកទី៦ រយៈពេល ១១ថ្ងៃ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ អ្នកស្រី រ៉ូណា ស្មីត ផ្ដោតលើការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្ត្រពាក់ព័ន្ធនានា ជាពិសេសគោលដៅអភិវឌ្ឍន៍ទី ១៦ ស្ដីពី «សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ»។ ក្នុងនោះ អ្នកស្រីបានទទួលជួបពិភាក្សាការងារជាមួយមន្ត្រីសំខាន់ៗរបស់របបក្រុងភ្នំពេញ អ្នកពាក់ព័ន្ធជាច្រើនទៀតរួមមានតំណាងសង្គមស៊ីវិល និងគណបក្សនយោបាយ សហគមន៍ការទូត និងក្រុមអង្គការសហប្រជាជាតិប្រចាំកម្ពុជាជាដើម។
អ្នកស្រីបានសម្ដែងនូវការខកចិត្តដែលអ្នកស្រី ត្រូវបានរបបក្រុងភ្នំពេញបដិសេធ មិនឲ្យអ្នកស្រីអាចចូលជួបលោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួនក្នុងផ្ទះ ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបាន។ អ្នកស្រីថា ក្នុងនាមអ្នកស្រីជាអ្នកជំនាញឯករាជ្យមួយរូប ដែលតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អ្នកស្រីគួរតែត្រូវបានអនុញ្ញាតឲ្យចូលជួបជាមួយជនទាំងឡាយ ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួន។
ចំណុចសំខាន់ៗ ដែលអ្នកស្រីគូសបញ្ជាក់ និងសង្កត់ធ្ងន់នៅក្នុងសេចក្ដីថ្លែងការណ៍បិទបញ្ចប់បេសកកម្មរបស់អ្នកស្រី រួមមាន ការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ដោយមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ដោយគ្មានភាគីណាមួយត្រូវបានទុកចោល ដែលនេះមានន័យថាជាការចូលរួមប្រកបដោយអត្ថន័យក្នុងកិច្ចការអភិបាលកិច្ច និងអភិវឌ្ឍន៍។ អ្នកស្រី ផ្ដល់អនុសាសន៍ថា ដើម្បីឲ្យកម្ពុជាសម្រេចបានស្របតាមគោលដៅទី១៦ ស្ដីពី សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពរបស់អង្គការសហប្រជាជាតិ កម្ពុជា ត្រូវធានាថា មិនមានមនុស្សណាម្នាក់ត្រូវបានគេទុកចោលឡើយ ក្នុងនោះរួមទាំង ស្រី អ្នកក្រីក្រ អ្នកដែលស្ថិតនៅជិតបន្ទាត់ក្រីក្រ អ្នកដែលមិនមានភាពជាតំណាង និងអ្នកមិនត្រូវបានយកចិត្តទុកដាក់ក្នុងសង្គម ព្រមទាំងអ្នកទាំងឡាយដែលរស់នៅក្នុងស្ថានភាពងាយរងគ្រោះ។ អ្នកស្រី លើកទឹកចិត្តដល់គ្រប់ភាគីទាំងអស់ក្នុងសង្គមកម្ពុជា ឲ្យមានស្មារតីសហការគ្នាពិតប្រាកដ។ ក្នុងន័យនេះ អ្នកស្រី ចង់ឃើញអង្គការសង្គមស៊ីវិលនៅកម្ពុជា ត្រូវបានធានាថា ពួកគេអាចសហការគ្នាធ្វើការ ដោយគ្មានការភិតភ័យ ចំពោះការសងសឹកណាមួយពីគ្រប់ជាន់ថ្នាក់ រាប់ទាំងថ្នាក់មូលដ្ឋានផងដែរ។ អ្នកស្រីចង់ឃើញ របបក្រុងភ្នំពេញចាត់វិធានការធានា ការផ្តល់សិទ្ធិអំណាចដល់ក្រុមដែលងាយរងគ្រោះ និងលុបបំបាត់ចោលការរើសអើងទាំងអស់ ដោយអ្នកស្រីអំពាវឲ្យរបបក្រុងភ្នំពេញកែលម្អនូវមធ្យោបាយដោះស្រាយបញ្ហាសិទ្ធិដីធ្លី ដោយផ្ដោតលើគោលការណ៍ដោះស្រាយគ្រប់ជ្រុងជ្រោយ និងប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវ។
អ្នកស្រី គ្រោងនឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាទៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments