RFA | ពលរដ្ឋ​និង​សង្គម​ស៊ីវិល​នៅ​តែ​ចង់​ឃើញ​អ្នកទទួលខុសត្រូវ​ការ​ជាន់​គ្នា​ស្លាប់​លើ​ស្ពាន​កោះ​ពេជ្រ | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល នៅតែ​ចង់​ឃើញ​របប​ក្រុងភ្នំពេញ ស្វែងរក​មូលហេតុ​ពិត និង អ្នកទទួលខុសត្រូវ​ចំ​ពោះ​ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​ជិត​៤០០​នាក់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១០។ ការ​លើកឡើង​នេះ បន្ទាប់ពី​រយៈពេល​៨​ឆ្នាំ​មកនេះ របប​ក្រុងភ្នំពេញ មិន​បាន​បង្ហាញ​ការពិត និង​រក​ឃើញ​មុខ​អ្នកទទួលខុសត្រូវ​លើ​ព្រឹត្តិការណ៍​នោះ នៅឡើយ​ទេ។ រីឯ​អភិបាលក្រុង​ភ្នំពេញ​អះអាង​ថា ករណី​នេះ គ្មាន​អ្នកទទួលខុសត្រូវ​ឡើយ ព្រោះ វា ជា​រឿង​ឧបទ្ទវហេតុ។

ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប ៨​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ជាន់គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​ឆ្លង​ទៅ​កោះ​ពេជ្រ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១០។ ហេតុការណ៍​កាលណោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ចំនួន ៣៥៣​នាក់​ស្លាប់ និង​៣៩៣​នាក់​រងរបួស។ រហូតមកដល់​ពេលនេះ ក្រៅពី​សំណង​ជា ទឹកប្រាក់ មិន​មាន​អាជ្ញាធរ ឬ​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​នោះ​ទេ គឺ​ឃើញ​តែ​សម្ដែង​ការ​សោកស្ដាយ​នូវ​អ្វី​ដែល​បាន​កើតឡើង​ប៉ុណ្ណោះ។

ក្នុង​ខួប​៨​ឆ្នាំនេះ សាលាក្រុង​ភ្នំពេញ និង​ក្រុម​គ្រួសារ​សាច់ញាតិ​អ្នក​ស្លាប់​ជាច្រើន​នាក់ បាន​រៀបចំ ពិធី​បង្សុកូល នៅ​ស្តូប​ក្បែរ​ស្ពាន​នាគ​នៃ​ទីក្រុង​កោះ​ពេជ្រ ដើម្បី​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​បាត់ បង់ជីវិត​នៅ​ពេល​នោះ។ គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​សុទ្ធតែ​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​រំជួលចិត្ត ខណៈ​ដៃ​កំពុង​កាន់​រូបថត​អ្នក​ស្លាប់​ដែល​ភាគច្រើន​ជា​យុវវ័យ។ «»

ឪពុក​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ​ដទៃ​ទៀត លោក កែវ សុវណ្ណ មាន​ប្រសាសន៍​ថា លោក​បាត់បង់​កូនប្រុស​ម្នាក់​អាយុ​ជាង​២០ និង​កូនស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ។ រយៈពេល​៨​ឆ្នាំ​ហើយ លោក​នៅតែ​នឹក​ស្រមៃ​ជានិច្ច អំពី​ព្រឹត្តិការណ៍​ដែល​មិន​នឹកស្មាន​ដល់​ថា​កូន​ទាំងពីរ​របស់​លោក ត្រូវ​ស្លាប់​ក្នុង​មួយ​ពព្រិច​ភ្នែក។ លោក​ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន ជួយ​ស្វែង រក​ការពិត និង​ជួយ​ស្វែង​រកមុខ​អ្នកទទួលខុសត្រូវ ដើម្បី​ផ្សះផ្សា​ការឈឺចាប់​ផ្លូវចិត្ត និង​បំបាត់​មន្ទិល​សង្ស័យ​ផ្សេងៗ ព្រោះ​មជ្ឈដ្ឋាន​មួយ​ចំនួន នៅតែ​គិត​ថា វា​មិនមែន​ជា​ឧបទ្ទវហេតុ​ទេ គឺជា​កំហុស​បច្ចេកទេស​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ។ «»

ជាមួយ​គ្នា​នេះ អ្នក​សល់​ជីវិត​ពី​ការ​ស្លាប់​ក្នុង​ហេតុការណ៍​ជាន់គ្នា​ម្នាក់ គឺ​លោក រស់ គង់ រៀបរាប់​ថា លោក​មិនដែល​ភ្លេច​ព្រឹត្តិការណ៍​ដ៏​រំជួលចិត្ត​និង​តក់ស្លុត​នោះ​ទេ។ លោក​រម្លឹក​ថា ព្រឹត្តិការណ៍​ស្លាប់ កាលណោះ អាច​មិនមែន​បណ្ដាល​មក​ពី​ស្ពាន​នោះ មាន​ចរន្ត​ភ្លើង​ឆក់​នោះ​ទេ គឺ​អាច​មកពី​ការ​ដើរ​ប្រជ្រៀត​គ្នា​ណែន​ពេក ហើយ​បណ្ដាល​ឲ្យ​អ្នក​នៅ​កណ្ដាល​ស្ពាន​ស្លាប់​ជា​បន្តបន្ទាប់។ ទោះ​យ៉ាង​ណា​ក្តី លោក​មើលឃើញ​ថា ពេល​នោះ អាជ្ញាធរ​រដ្ឋ​ក៏​មាន​ភាព​ធ្វេសប្រហែស​ដែរ ដែល​មិនបាន​អនុវត្ត​តួនាទី​ក្នុង​ការ​យាមកាម សម្រួល​ចរាចរ និង​ជួយសង្គ្រោះ​ឲ្យ​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា។ លោក បន្ត​ថា អាជ្ញាធរ​រដ្ឋ គួរតែ​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ជាង​នេះ មិន​ត្រឹមតែ​ផ្ដល់​សំណង សាងសង់​ស្តូប រម្លឹក​វិញ្ញាណក្ខន្ធ និង​សម្ដែង​ការ​សោកស្ដាយ​ប៉ុណ្ណោះ​ទេ។ «»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពី​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​នៃ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន និង​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ជាច្រើនលើក នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ប៉ុន្តែ ពុំបាន​អ្នកទទួល​ទូរស័ព្ទ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សម្ដែង​ការ គាំទ្រ​ចំពោះ​ការរៀបចំ​ឲ្យ​មាន​ពិធីបុណ្យ​បង្សុកូល​របស់​អាជ្ញាធរ ព្រោះ​លោក​ថា វា​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ដែល​កម្ពុជា គួរ​ចងចាំ និង​សម្រាប់​ដាស់តឿន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​នៅពេល​ក្រោយ​ទៀត។ ប៉ុន្តែ​លោក អំ សំអាត យល់ថា ការស្វែងរក​មូលហេតុ​ពិត និង​ស្វែងរក​អ្នកទទួលខុសត្រូវ​គឺជា​រឿង​សំខាន់ ដែល​គ្រួសារ​ជនរងគ្រោះ​ចង់បាន។ «»

រីឯ​អភិបាល​ក្រុងភ្នំពេញ លោក ឃួង ស្រេង នៅតែ​អះអាង​ថា ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​លើ​ស្ពាន កោះ​ពេជ្រ​នោះ គឺជា​ឧបទ្ទវហេតុ ហើយ​ឧបទ្ទវហេតុ​ជាន់គ្នា​ស្លាប់​បែបនេះ មិន​អាច​រក​មូលហេតុ និង រក​អ្នកទទួលខុសត្រូវ​នោះ​ទេ។ លោក​ថែមទាំង​បាន​ប្រតិកម្ម​ជាមួយ​អ្នកសារព័ត៌មាន​អាស៊ីសេរី ដែល សួរនាំ​អំពី​បញ្ហា​នេះ ថា សួរ​បែប​មិន​យល់​បញ្ហា និង​មិន​ដឹង​អី។ «»

ផ្ទុយ​ពី​ការ​លើកឡើង​នេះ លោក អំ សំអាត យល់​ថា កន្លងមក​នៅ​ពេល​មាន​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស ឬ​របួស​ច្រើន គឺ​របប​ក្រុងភ្នំពេញ​និង​ស្ថាប័ន​ផ្សេងៗ តែងតែ​សម្ដែង​ការ​សោកស្ដាយ និង​ចាត់ទុកថា ជា​ឧបទ្ទវហេតុ​ជាដើម​ដោយ​មិនបាន​ធ្វើការ​ស្រាវជ្រាវ​ឲ្យ​បាន​អស់ចិត្ត​សម្រាប់​ជនរងគ្រោះ​នោះ​ទេ។ លោក​បន្ត​ថា ចំពោះ​ការ​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ វា​គួរតែ​មាន​ការស៊ើបអង្កេត​ឲ្យ​ច្បាស់លាស់ រួច​ផ្ដល់​របាយការណ៍​ជាក់លាក់​ដល់​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ និង​ពលរដ្ឋ​ទូទៅ។ «»

គេ​នៅ​ចាំ​បាន​ថា ក្រោយ​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​ស្លាប់​នោះ​កើតឡើង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញមុខ​សម្ដែង​ការ​សោកស្ដាយ។ លោក ហ៊ុន សែន ថែមទាំង​សម្រក់​ទឹកភ្នែក​សម្ដែង​ការ​អាណិត​ចំពោះ​ជន​បាត់បង់​ជីវិត​ថែម​ទៀត​ផង។ ប៉ុន្តែ​លោក​មិនបាន​ស្ដីបន្ទោស ឬ​ចាប់​អោយ​មន្ត្រី​ណា​ម្នាក់​ទទួលខុសត្រូវ​ឡើយ។ លោក​គ្រាន់តែ​ចាត់ទុកថា វា​ជា​ហេតុការណ៍​អាក្រក់​ដែល​គ្មាន​អ្នកណាម្នាក់​ចង់​ឲ្យ​កើតឡើង​នោះ​ទេ។

ព្រឹត្តិការណ៍​ជាន់គ្នា​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១០ នោះ គឺ​មាន​លោក កែប ជុតិមា ធ្វើជា​អភិបាលក្រុង និង​លោក ទូច ណារ័ត្ន ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។ ក្រោយ​ព្រឹត្តិការណ៍​នេះ មាន​មតិ​ជាច្រើន​លើកឡើង​ថា អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​ជា​អ្នក​រៀបចំ​ចាត់ចែង​ពិធីបុណ្យ និង​ជា​អ្នកធានា​នូវ​សុខ​សុវត្ថិភាព​ពលរដ្ឋ គួរ​ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​ដែល​បាន​កើត​ឡើង ដូចជា​ត្រូវ​ក្លាហាន​ប្រកាស​ចុះ​ចេញពី​តំណែង​ដូច​នៅ​បរទេស ឬ​របប​ក្រុងភ្នំពេញ ត្រូវ​ដាក់​ពិន័យ​រដ្ឋបាល​ចំពោះ​ការ​ធ្វេសប្រហែស​របស់​មន្ត្រី​ថ្នាក់ក្រោម​របស់​ខ្លួន​ជាដើម។

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក ហេង គឹមហុង មាន​ប្រសា សន៍​ថា ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​ចាត់ទុកថា ជា​ឧបទ្ទវហេតុ​រត់​ជាន់គ្នា​ស្លាប់ និង​នៅតែ​ព្រងើយ​កន្តើយ មិន​ស្វែងរក​មូលហេតុ​ពិត ដើម្បី​ចាប់​ឲ្យ​មាន​អ្នក​ទទួលខុសត្រូវ​នោះ គឺ​ប្រជាពលរដ្ឋ ជាពិសេស​ក្រុម​គ្រួសារ​ជនរងគ្រោះ ប្រាកដជា​ពិបាក​កាត់បន្ថយ ការឈឺចាប់​ផ្លូវចិត្ត ហើយ​ពួកគាត់​នៅតែ​បន្ត​រស់នៅ​ជាមួយ​មន្ទិល​សង្ស័យ​ដដែល។ «»

ថ្វីត្បិតតែ​យ៉ាងណាក៏ដោយ ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ចូលរួម​ពិធី​រំឭក​ខួប ៨​ឆ្នាំនេះ នៅតែ​ទទូច​ឲ្យ​របប​ក្រុងភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ធានា និង​ការពារ​សន្តិសុខ នៅ​ពេល​មាន​បុណ្យទាន ឬ​ព្រឹត្តិការណ៍​សំខាន់​ណាមួយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើតមាន​ព្រឹត្តិការណ៍​ដូច​ករណី​សោកនាដកម្ម​នេះ​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments