ប្រជាពលរដ្ឋខ្មែរ មានបំណងប្រាថ្នាចង់អោយរបបក្រុងភ្នំពេញជួយសាងសង់រូបសំណាកស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញពីការដឹងគុណចំពោះលោកដែលបានលះបង់ខ្ពស់ជួយដល់កុមារ និងស្ត្រីកម្ពុជារាប់សិបឆ្នាំមកហើយ។ រីឯរដ្ឋាភិបាល មិនទាន់ឆ្លើយតបអំពីបំណងសាងសង់រូបសំណាកនេះនៅឡើយទេ។
ក្រៅពីបង្ហាញអារម្មណ៍រំជួលចិត្តសោកស្តាយក្រៃលែងចំពោះលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ (Dr. Beat Richner) ដែលទើបទទួលមរណភាពនៅប្រទេសកំណើត គឺប្រទេសស្វីស កាលពីថ្ងៃទី៩ ខែកញ្ញា ប្រជាពលរដ្ឋខ្មែរ ក៏ចង់ឲ្យរបបក្រុងភ្នំពេញ គិតគូរសាងសង់រូបសំណាករបស់លោក តម្កល់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទុកឲ្យពលរដ្ឋខ្មែរចងចាំ និងគោរពដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោក។
ប្រជាពលរដ្ឋខ្មែរមួយរូប លើកឡើងថា រដ្ឋាភិបាល គួរតែជាអ្នកចាប់ផ្តើមចេញមុខសាងសង់រូបសំណាកស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបង្ហាញថា ជាតិខ្មែរទាំងមូល មិនភ្លេចនូវទង្វើល្អ និងការលះបង់គ្រប់បែបយ៉ាងរបស់លោក ក្នុងការជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជានោះទេ។ «»
ស្ត្រីម្នាក់ទៀត ដែលកំពុងតែបីកូនតូចជាប់ដៃ ខណៈនាំកូនមកទទួលសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផានោះ រៀបរាប់ថា លោកស្រី បានដឹងថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ កាលនៅរស់បានដើររកជំនួយគ្រប់ទិសទីសម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា អោយដំណើរការរហូតមកដល់សព្វថ្ងៃ។ លោកស្រី មានប្រសាសន៍ទាំងអួលដើមកថា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ គឺជាគ្រួពេទ្យទេវតាដែលមានគុណបំណាច់ធំធេង សម្រាប់គ្រួសារលោកស្រី និងប្រជាពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត ដូច្នេះរដ្ឋាភិបាល គួរតែជួយសាងសង់រូបសំណាករបស់គាត់ ដើម្បីឲ្យកូនខ្មែរចងចាំ និងយកគំរូតាម។
រីឯអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែធ្វើរូបសំណាករបស់លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ដើម្បីដាក់តម្កល់នៅតាមមន្ទីរពេទ្យទាំងឡាយ ដែលមានមូលនិធិគន្ធបុប្ផា ព្រោះស្ទើរពេញមួយជីវិតរបស់លោកបានលះបង់ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា រាប់លាននាក់ ដោយសមានចិត្ត សប្បុរសបំផុតនេះ គឺជាការតបស្នងសងគុណដល់រូបលោក និងទុកជាភស្ដុតាងដល់ក្មេងជំនាន់ក្រោយបានដឹងអំពីការលះបង់របស់គាត់។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មិនទាន់អាចបញ្ជាក់បាននៅឡើយទេ អំពីបំណងរបស់រដ្ឋាភិបាលក្នុងការសាងសង់រូបសំណាកលោក បេអាត រិចឆ្នឺរ ហើយរដ្ឋាភិបាល ក៏មិនទាន់ទទួលបានការស្នើសុំសាងសង់រូបសំណាក់នេះពីក្រុមណាមួយនៅឡើយដែរ។ លោកបន្តថា ប្រសិនបើ មានក្រុមណាចង់សាងសង់រូបសំណាកលោក បេអាត រិចឆ្នឺរ គឺត្រូវសុំការអនុញ្ញាតពីខាងអាជ្ញាធរជាមុនសិន។ «»
ចំពោះការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ ត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ជាការខ្វះគុណធម៌ និងខ្វះឆន្ទៈ ក្នុងការសាងសង់រូបសំណាករបស់វីរបុរសបេះដូងមនុស្សធម៌ដែលបានជួយកម្ពុជា យ៉ាងច្រើនបំផុតលើផ្នែកវិស័យសុខាភិបាល។ «»
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ បានទទួលមរណភាពក្នុងជន្មាយុ៧១ឆ្នាំ នៅម៉ោងជាង ២ព្រឹក ថ្ងៃទី៩ ខែកញ្ញា នៅប្រទេសស្វីស បន្ទាប់ពីបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមក។
តំណាងមន្ទីរពេទ្យគន្ធបុប្ផា លោកសាស្ត្រាវេជ្ជបណ្ឌិត គី សន្ទី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មន្ទីរពេទ្យគន្ធបុប្ផា ពិតចង់ឲ្យមានរូបសំណាក់លោកវេជ្ជ បណ្ឌិត បេអាត រិចឆ្នឺរ នេះដែរ ប៉ុន្តែ រងចាំជជែកគ្នាបន្ថែមទៀត នៅក្រោយពិធីបុណ្យ៧ថ្ងៃរួចរាល់សិន។ «»
មន្ទីរពេទ្យគន្ធបុប្ផានៅភ្នំពេញ និងនៅខេត្តសៀមរាប បានបើកឲ្យសារធារណជន ចូលគោរពវិញ្ញាណក្ខន្ធ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកញ្ញា។ មន្ទីរពេទ្យគន្ធបុប្ផាក៏គ្រោងនឹងរៀបចំ ពិធីបុណ្យ ៧ថ្ងៃដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។ ប្រជាពលរដ្ឋខ្មែរ អង្គការសង្គមស៊ីវិល និងមន្ត្រីរាជការ បានចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធក្នុងមន្ទីរពេទ្យ គន្ធបុប្ផាជាបន្តបន្ទាប់ ដើម្បីបង្ហាញពីទឹកចិត្តសោកស្តាយ និងការគោរពដឹងគុណ។
ប្រជាពលរដ្ឋខ្មែរបានប្រសិទ្ធិនាមជូនលោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ថា ជាគ្រួពេទ្យទេវតា ជាវីរបុរសបេះដូងមនុស្សធម៌ ដែលបានពលីកម្លាំងកាយចិត្ត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនផង ដើម្បីជួយសង្គ្រោះជីវិតកុមារ និងស្ត្រីកម្ពុជារាប់លាននាក់ក្នុងរយៈពេលជាង ២៥ឆ្នាំមកនេះ៕
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments