គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី៨ សីហា អំពាវនាវឲ្យសហប្រធាននៃ សន្និសីទនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវកោះប្រជុំជាបន្ទាន់ ដើម្បីអនុម័តវិធានការសមស្របទាំងឡាយ ដើម្បីធានាការគោរពនូវការប្ដេជ្ញាចិត្តអន្តរជាតិ និងដើម្បីដោះស្រាយបញ្ហារំលោភបំពាន ដែលកំពុងកើតមាននៅកម្ពុជា។
គណបក្សសង្គ្រោះជាតិ គាំទ្រយ៉ាងពេញទំហឹង ចំពោះការបញ្ជាក់ជំហររបស់ប្រទេសអង់គ្លេស អាល្លឺម៉ង់ និងប្រទេសផ្សេងៗទៀត ដែលបានលើកឡើងពីការបោះឆ្នោតនៅកម្ពុជា ថា មិនត្រឹមត្រូវ និងមិនអាចជឿជាក់បាន ក្នុងការផ្ដល់ភាពស្របច្បាប់ចំពោះលទ្ធផលបោះឆ្នោត និងបង្កើតរបបថ្មី ដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ។
គណបក្សសង្គ្រោះជាតិសូមប្រកាសមិនទទួលស្គាល់រដ្ឋឯកបក្ស ដែលលោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ចង់បង្កើតនៅថ្ងៃទី៥ កញ្ញា ខាងមុខ ដោយការចូលស្បថកាន់តំណែងនៃរដ្ឋសភា ថ្មីនោះ។
ការផ្លាស់ប្ដូរប្រទេសកម្ពុជាដោយខុសច្បាប់ នឹងនាំឲ្យមានការដាក់ទណ្ឌកម្មផ្សេងៗ ហើយបន្តដឹកនាំ តាមរបៀបដូចឃើញជាក់ស្ដែងរបស់លោក ហ៊ុន សែន នឹងបន្តការឈឺចាប់ដល់ប្រជាពលរដ្ឋខ្មែរ តែប៉ុណ្ណោះ។
គណបក្សសង្គ្រោះជាតិស្វាគម៍ន៍ ចំពោះការបង្ហាញរបស់បណ្ដារដ្ឋាភិបាលនៃប្រទេសជាច្រើន និង ត្រៀមលក្ខណៈជាស្រេចក្នុងការធ្វើការជាមួយដៃគូកម្ពុជា ដើម្បីស្ដារឡើងវិញ នូវការគោរពសិទ្ធិ មនុស្ស ប្រជាធិបតេយ្យ ដែលអនុញ្ញាតឲ្យមានការរៀបចំបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments