ស្របពេលខួបពីរឆ្នាំនៃករណីឃាតកម្មបណ្ឌិត កែម ឡី ដែលនឹងត្រូវប្រព្រឹត្តិទៅចំថ្ងៃទី១០ កក្កដា ស្អែកនេះ គណៈកម្មការអ្នកច្បាប់អន្តរជាតិ (International Commission of Jurists) អំពាវនាវសាជាថ្មីឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យ និងអព្យាក្រឹត្យមួយ ដើម្បីបើកការស៊ើបអង្កេតឡើងវិញលើករណីឃាតកម្មលើបណ្ឌិត កែម ឡី។
សេចក្ដីប្រមាទព័ត៌មានរបស់អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ចេញផ្សាយថ្ងៃទី០៩ កក្កដា នេះ សំដែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែកង្វះភាពជឿនលឿន ឬវឌ្ឍនភាពជុំវិញដំណើរការនៃការស៊ើបអង្កេតករណីឃាតកម្មនេះ ព្រមទាំងភាពចន្លោះប្រហោងនៃដំណើរការស៊ើបអង្កេត និងដំណើរការកាត់ក្តីបុគ្គលឈ្មោះ អឿត អាង ឬ ជួប សម្លាប់ ដែលជាមនុស្សតែម្នាក់គត់ ដែលត្រូវបានតុលាការធ្វើការចោទប្រកាន់ និងផ្ដន្ទាទោស ពាក់ព័ន្ធនឹងករណីអំពើឃាតកម្មនេះ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់ របស់អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ លោក ឃីងស្លី អាបុត្រ (Kingsley Abbott) ដែលធ្លាប់បានចូលរួមឃ្លាំមើលដំណើរការកាត់ក្តីនេះ មានប្រសាសន៍ថា ការកាត់ក្តីបុគ្គលឈ្មោះ អឿត អាង នេះ បានបន្សល់ទុកនូវសំណួរជាច្រើន ដែលមិនទាន់មានចម្លើយពិតប្រាកដ ជុំវិញករណីស៊ើបអង្កេត និងឃាតកម្មនេះ ដែលគណៈកម្មាធិការនេះយល់ឃើញថា របបដឹកនាំក្រុងភ្នំពេញ មានតួនាទីចាំបាច់ត្រូវតែដោះស្រាយ ជាផ្នែកមួយនៃសិទ្ធិរបស់ក្រុមគ្រួសារជនរងគ្រោះ និងសាធារណជន ក្នុងការស្វែងរកការពិត។ លោកបន្តថា ការពិតដែលថា អំពើឃាតកម្មនេះ បានកើតឡើង នៅពីក្រោយវាំងនននៃការកើនឡើងនូវអំពើវាយប្រហារមកលើសកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំងនានា ដែលបានកត់ត្រាយ៉ាងច្បាស់អំពីករណីសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដូច្នេះ ការបង្កើតគណៈកម្មការឯករាជ្យ និងអព្យាក្រឹត្យ គឺជារឿងដ៏ចាំបាច់បំផុត។
នៅមុនខួបគម្រប់មួយឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី កាលពីថ្ងៃទី០៧ កក្កដា ឆ្នាំ២០១៧ កន្លងទៅ អង្គការគណៈកម្មការអ្នកច្បាប់អន្តរជាតិ ICJ និងអង្គការពាក់ព័ន្ធដទៃទៀត ធ្លាប់បានចេញផ្សាយលិខិតរួមមួយច្បាប់ ដែលបានគូសបញ្ជាក់អំពីការព្រួយបារម្ភដ៏ចម្បង ជុំវិញកង្វះភាពជឿនលឿនក្នុង ការស៊ើបអង្កេតករណីឃាតកម្មនេះ ហើយបានអំពាវនាវឲ្យរបបលោក ហ៊ុន សែន បង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយ ដើម្បីបើកការស៊ើបអង្កេតមួយដែលឯករាជ្យ អព្យាក្រឹត្យ និងប្រកបដោយតម្លាភាព ស្របតាមបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិ រួមមានកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ និងពិធីសារ មីនីសូតា ឆ្នាំ២០១៦ (Minnesota Protocol) ស្តីអំពីការស៊ើបអង្កេតករណីឃាតកម្មប្រព្រឹត្តិ ដោយអាជ្ញាធរ ឬភ្នាក់ងាររដ្ឋ (Investigation of Potentially Unlawful Death)។
លោកបណ្ឌិត កែម ឡី គឺជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមដ៏ល្បីឈ្មោះបោះសំឡេងម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex)។ ឃាតកម្មនេះ ធ្វើឡើងតែពីរថ្ងៃក្រោយពីលោកបានបកស្រាយនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៨ កក្កដា ឆ្នាំ២០១៦ អំពីរបាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក (Global Witness) ដែលអះអាងថា គ្រួសារត្រកូលហ៊ុនចំនួន ២៧នាក់ បានក្ដោបក្ដាប់មុខជំនួញអាជីវកម្មស្ទើរគ្រប់ផ្នែកនៅកម្ពុជា និងមានហ៊ុននៅក្នុងក្រុមហ៊ុនប្រមាណ ១១៤៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments