ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនអះអាងថា ពួកគេនឹងមិនទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា នោះទេ ព្រោះដោយសារគ្មានគណបក្សប្រឆាំងដែលមានកៅអីនៅក្នុងរដ្ឋសភាចូលរួមក្នុងការបោះឆ្នោត។ ពលករទាំងនោះក៏បានចាត់ទុកការបោះឆ្នោតខាងមុខនេះ ថា គឺជាប្រជាធិបតេយ្យក្លែងក្លាយទៀតផង។
ពលករខ្មែរធ្វើការនៅតំបន់មាត់សមុទ្រភាគខាងកើតក្នុងប្រទេសថៃ សុំមិនឲ្យបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៣ កក្កដាថា ពួកគេមិនចាប់អារម្មណ៍នឹងការបោះឆ្នោតថ្ងៃទី២៩ កក្កដា ខាងមុខនោះទេ បើទោះបីជាសព្វថ្ងៃនេះមន្ត្រីធំៗក្នុងរបបលោក ហ៊ុន សែន ព្យាយាមប្រកូកប្រកាសឲ្យប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសទៅឆ្នោតឆ្នោត ជាបន្តបន្ទាប់ក្ដី។ ពលកររូបនេះ អះអាងទៀតថា មូលហេតុដែលមិនគាំទ្រលើការបោះឆ្នោតមួយនេះ ដោយសារការបោះឆ្នោតនេះអវត្តមានគណបក្សសង្គ្រោះជាតិចូលរួមប្រកួតប្រជែង៖ «ពលករនៅប្រទេសថៃទាំងគេទាំងខ្ញុំយល់ថាមិនដឹងទៅបោះឆ្នោតឲ្យគណបក្សណា ខ្ញុំមិនគិតគណបក្សណាទេ ឲ្យតែជាប់ឆ្នោតទៅដឹកនាំប្រទេសរីកចំរើនខ្ញុំបោះឆ្នោតឲ្យគណបក្សនឹងហើយ ប៉ុន្តែកម្ពុជាបានបោះឆ្នោតជាច្រើនឆ្នាំហើយ មិនមានការរីកចំរើនអីសោះ ដូច្នេះប្រជាពលរដ្ឋភាគច្រើនចង់ប្ដូរគណបក្សថ្មីវិញម្ដង ដើម្បីចង់ឲ្យគេដឹកនាំប្រទេសមួយរយៈ ហើយបើដឹកនាំទៅមិនរីកចំរើនចាំបោះឆ្នោតទម្លាក់ចោលទៀត»
ចំណែកពលការិនីធ្វើការនៅប្រទេសថៃម្នាក់ទៀត លើកឡើងថា ដោយសារតែស្រលាញ់របបដឹកនាំបែបប្រជាធិបតេយ្យ ទើបការបោះឆ្នោតជាច្រើនលើកកន្លងមក រូបគេនឹងក្រុមគ្រួសារតែងតែទៅចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋម្ចាស់ប្រទេសមិនដែលអាក់ខាននោះទេ។ ពលកររូបនេះអះអាងទៀតថា ពីដំបូងឡើយរូបគេនិងក្រុមគ្រួសារដែលធ្វើការនៅប្រទេសថៃ ក៏មានបំណងចង់ទៅបោះឆ្នោតនៅថ្ងៃទី២៩កក្កដាខាងមុខដែរ ក៏ប៉ុន្តែក្រោយមកក៏បានលុបគម្រោងនោះចោលវិញ ព្រោះការបោះឆ្នោតខាងមុខពុំមានគណបក្សដែលខ្លួនស្រលាញ់ ហើយម្យ៉ាងទៀតក៏គ្មានគណបក្សណាអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ ដូច្នេះប្រសិនបើទៅបោះឆ្នោតក៏គ្មានប្រយោជន៍អីដែរ៖ «ខ្ញុំនឹកឃើញថាទៅបោះឆ្នោតយ៉ាងមិចបើបោះទៅជាប់តែគណបក្សដដែលនឹង ដោយគ្មានសង្ឃឹមអីផង ហើយបើចុះទៅចុះមកខាតតែពេលធ្វើការដដែលនោះ។ បើសិនបោះទៅឲ្យគណបក្សផ្សេងជាប់ឆ្នោតដឹកនាំប្រទេសខ្ញុំចេះតែទៅបោះឆ្នោតហើយ ទាំងអស់នេះដោយសារតែខ្ញុំមិនឃើញលោក ហ៊ុន សែនដឹកនាំយូរឆ្នាំហើយតែប្រទេសដូចមិនមានការរីកចំរើនដូចប្រទេសជិតខាងសោះ ហើយពលករមកធ្វើការស្រុកគេរដ្ឋាភិបាលមិនជួយដល់ពលករទេ ដូចជាតម្លៃធ្វើលិខិតឆ្លងដែនជាដើមមានតម្លៃរាប់រាយដុល្លារឯណោះ»។
កាលពីថ្ងៃទី១ កក្កដា កន្លងទៅ លោក ឈាង វុន បានទៅជួបសំណេះសំណាលជាមួយពលករខ្មែរប្រមាណ៥០០នាក់ ដែលធ្វើការនៅខេត្តរាក់យ៉ង ប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ អះអាងនៅក្នុងហ្វេសប៊ុក (Facebook) របស់ខ្លួនទៀតថា ពលករទាំងអស់នោះមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលលោកបានសួរសុខទុក្ខពួកគេដល់ទីកន្លែងធ្វើការនោះ។
លោក ឈាង វុន បន្តទៀតថា ពលករគោរពស្រលាញ់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ហើយបានប្រកាសថា ពួកគេនឹងទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ខាងមុខ ជូនគណបក្សកាន់អំណាចទៀតផង។
ប៉ុន្តែពលករនៅតំបន់មាត់សមុទ្រភាគខាងកើតប្រទេសថៃមួយចំនួនអះអាងថា ពលករភាគច្រើននឹងមិនទៅចូលរួមបោះឆ្នោតដូចការលើកឡើងរបស់លោក ឈាង វុន នោះទេ។
មន្ត្រីជាន់ខ្ពស់អង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស មានប្រសាសន៍ថា ពលរដ្ឋទៅបោះឆ្នោត ឬមិនទៅបោះឆ្នោតជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ព្រោះគ្មានច្បាប់ ដែលតម្រូវឲ្យពលរដ្ឋត្រូវតែទៅបោះឆ្នោតនោះទេ ៖ «កន្លងមកនេះ មានស្ថានភាពគួរឲ្យបារម្ភពីសំណាក់ប្រជាពលរដ្ឋមួយចំនួនទាក់ទងនឹងការរំលាយគណបក្សប្រឆាំង ដែលមានសំឡេងក្នុងរដ្ឋសភាជាង ៣លាននាក់ដែរ ដែលប្រជាពលរដ្ឋស្រលាញ់ និងគាំទ្រ ហើយសិទ្ធិធ្វើនយោបាយរបស់គណបក្សនឹងត្រូវបានហាមឃាត់ដោយតុលាការកំពូលទៀត។ ដូច្នេះ ចំណុចអស់នេះហើយ ដែលយើងគិតថា រដ្ឋាភិបាលក៏ដូចគណបក្សនយោបាយទាំងអស់គួរតែជជែកគ្នា ដើម្បីបំពេញសំឡេងនៃប្រជាពលរដ្ឋ ដែលលោកត្រូវការនឹងឲ្យបំពេញសំឡេងរបស់គាត់វិញ»។
ការបោះឆ្នោតជាតិអាណត្តិទី៦ខាងមុខនេះ អង្គការនិកហ្វិច និងខុមហ្វ្រែល ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងការងារបោះឆ្នោតបានប្រកាសមិនចូលរួមសង្កេតការណ៍ នៅក្នុងការិយាល័យបោះឆ្នោតនោះទេ ប៉ុន្តែបានប្ដូរមកអង្កេតការណ៍នៅខាងក្រៅការិយាល័យបោះឆ្នោតវិញម្ដង។ ចំណែកឯសហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានរួចហើយ ថានឹងមិនទទួលស្គាល់ការបោះឆ្នោតជាតិខាងមុខនោះទេ ប្រសិនបើក្នុងស្ថានភាពគ្មានដំណោះស្រាយសមស្របចំពោះនយោបាយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments