មន្ត្រីសិទ្ធិមនុស្សចាត់ទុកបទបញ្ជារបស់ស្នងការនគរបាលក្រុងភ្នំពេញ អំពីការទប់ស្កាត់ការប្រមូលផ្តុំរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ថាជាការអនុវត្តផ្ទុយនឹងបទដ្ឋានច្បាប់ជាតិ និងអន្តរជាតិ។ ពួកគេស្នើឱ្យអាជ្ញាធរពិចារណាឡើងវិញចំពោះការដាក់ចេញនូវបទបញ្ជានេះ ដើម្បីធានាអំពីការគោរពសិទ្ធិមនុស្ស និងសិទ្ធិជាមូលដ្ឋានផ្សេងទៀតរបស់ពលរដ្ឋ។
ក្រុមមន្ត្រីសិទ្ធិមនុស្សព្រួយបារម្ភថា ការដាក់ចេញនូវបទបញ្ជាឱ្យទប់ស្កាត់ការប្រមូលផ្តុំគ្នារបស់អ្នកគាំទ្របក្សប្រឆាំងពីសំណាក់ស្នងការក្រុងភ្នំពេញនោះ នឹងនាំទៅរកការរឹតត្បិតកាន់តែខ្លាំងលើសេរីភាពនៃការប្រមូលផ្ដុំការជួបប្រជុំ និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។
ប្រធានគ្រប់គ្រងការិយាល័យសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែង ថា កម្ពុជាជាភាគីហត្ថលេខីនៃសន្ធិសញ្ញា និងកតិកាសញ្ញាផ្សេងៗស្តីអំពីសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយរដ្ឋធម្មនុញ្ញដែលច្បាប់កំពូលរបស់ជាតិ ក៏បានធានាអំពីការអនុវត្តសិទ្ធទាំងនេះផងដែរ ដូច្នេះការដាក់ចេញនូវបទបញ្ជារបស់អាជ្ញាធរក្រុងភ្នំពេញនៅពេលនេះ គឺជាការរំលោភបំពានទៅលើសិទ្ធិរបស់ពលរដ្ឋដែលធានាដោយច្បាប់ជាតិ និងអន្តរជាតិ៖ «ប្រសិនបើយើងមិនអនុញ្ញាតឱ្យមានការជួបជុំ និងការប្រមូលផ្តុំដោយសន្តិវិធីទៅតាមបទដ្ឋានច្បាប់ និងរដ្ឋធម្មនុញ្ញនោះទេ បានន័យថា កំពុងតែរំលោភបំពានទៅលើសិទ្ធិរបស់ប្រជាពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាស្តីអំពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ»។
ស្នងការនគរបាលក្រុងភ្នំពេញ លោក ជួន សុវណ្ណ នៅព្រឹកថ្ងៃទី២៧ មីនា បានបញ្ជាឱ្យសមត្ថកិច្ចទាំង ១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ត្រូវចាត់វិធានការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំរបស់ចលនាសង្គ្រោះជាតិ ដែលលោកចាត់ទុកថា ជាសកម្មភាពខុសច្បាប់។
លោក អំ សំអាត ព្រួយបារម្ភថា ការដាក់ចេញនូវបទបញ្ជានេះ នឹងមិនកំណត់ត្រឹមការប្រមូលផ្តុំរបស់សកម្មជនគណបក្សសង្គ្រោះជាតិនោះទេ តែអាជ្ញាធរនឹងអនុវត្តចំពោះគ្រប់ការប្រមូលផ្តុំរបស់ពលរដ្ឋ ដែលទាមទារសិទ្ធិសេរីភាព និងដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ពួកគាត់៖ «ការជួបជុំ ការប្រមូលផ្តុំ និងការបញ្ចេញមតិភាគច្រើនដែលយើងមើលឃើញ គឺប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី បញ្ហាបរិស្ថាន និងបញ្ហាផ្សេងៗទៀត ដែលពួកគាត់តែងតែធ្វើការជួបប្រជុំដើម្បីទាមទារតវ៉ាឱ្យមានដំណោះស្រាយ។ ដូច្នេះ បើបទបញ្ជានេះចេញទៅអាចនឹងអនុវត្តទៅដល់ពួកគាត់ទៀត ដែលធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូលផ្តុំ និងការបញ្ចេញមតិដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ»។
ចំណែក មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក (Adhoc) លោក សឹង សែនករុណា វិញ កត់សម្គាល់ថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជា សេរីភាពនៃការប្រមូលផ្តុំ ការជួបប្រជុំ ការបញ្ចេញមតិ និងសេរីភាពសារព័ត៌មានជាដើម ទទួលរងការរឹតបន្តឹង និងធ្លាក់ចុះដុនដាបខ្លាំងចាប់តាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ រហូតមកដល់នឹងពេលបច្ចុប្បន្ន។ លោកបន្តថា កម្ពុជាជាប្រទេសប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ ដូច្នេះអាជ្ញាធរត្រូវហ៊ានទទួលយកការរិះគន់ ការបញ្ចេញមតិ និងការទាមទាររបស់ប្រជាពលរដ្ឋ មិនមែនដាក់ចេញនូវវិធានការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋបែបនេះទេ ព្រោះវានឹងនាំឱ្យមានការរិះគន់ថា កម្ពុជាមិនមែនជាប្រទេសប្រជាធិបតេយ្យនោះឡើយ៖ «ក្នុងសង្គមប្រជាធិបតេយ្យ យើងមិនអាចទៅរារាំងផ្នត់គំនិតរបស់ប្រជាពលរដ្ឋមិនឱ្យមានការគាំទ្រ មិនឱ្យមានការទាមទារតវ៉ាបាននោះទេ ព្រោះជាធម្មតាបើពួកគាត់កើតទុក្ខមិនសុខចិត្ត ពួកគាត់អាចពិនិត្យផ្លូវច្បាប់ដែលពួកគាត់អាចធ្វើទៅបាន ហើយបើគាត់ទាមទារតវ៉ាក្នុងក្របខ័ណ្ឌច្បាប់ ហើយយើងប្រើវិធានការហិង្សាបង្ក្រាបនោះ នឹងក្លាយជាប្រទេសមិនមានលទ្ធិប្រជាធិបតេយ្យនោះទេ»។
របបក្រុងភ្នំពេញនៅពេលបច្ចុប្បន្ននេះ កំពុងរងការរិះគន់ និងការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍ជាតិ និងអន្តរជាតិចំពោះការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ តាមរយៈការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់មន្ត្រីបក្សប្រឆាំងជាង ១ រយនាក់មិនឱ្យធ្វើនយោបាយ ការធ្វើទុកបុកម្នេញលើសកម្មជន ក្រុមអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍របស់កម្ពុជាភាគច្រើន កំពុងចាត់វិធានការចាំបាច់នានា ដើម្បីដាក់សម្ពាធឱ្យរបបលោក ហ៊ុន សែន ធ្វើឱ្យប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញ មានជាអាទិ៍ការកាត់ផ្ដាច់ជំនួយ ការលើកលែងការអនុគ្រោះពន្ធនាំចេញសំលៀកបំពាក់ និងទំនិញដទៃទៀត ការបង្កកទ្រព្យសម្បត្តិមន្ត្រីគ្រាក់ៗ នៃរបបលោក ហ៊ុន សែន និងការដាក់ឱ្យរបបក្រុងភ្នំពេញឯកោនៅលើឆាកអន្តរជាតិជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments