ចលនាសង្រ្គោះជាតិ បានដាក់បញ្ចូលមុខទំនិញមួយចំនួនទៀត ក្រៅពីទឹកសុទ្ធវីតាល់ (Vital) ក្នុងយុទ្ធនាការអំពាវនាវឲ្យពលរដ្ឋទាំងអស់ពហិការ កុំឲ្យទិញ ឬប្រើប្រាស់ទំនិញមួយចំនួននោះ។
ចលនាសង្គ្រោះជាតិ ប្រកាសធ្វើពហិការបែបនេះ ដោយសារផលិតផលទាំងនោះ ជារបស់ក្រុមហ៊ុនបក្ខពួកកូនចៅ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមអ្នកចូលរួមបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាដទៃទៀត។
កាលពីសប្ដាហ៍មុន ចលនាសង្គ្រោះជាតិបានប្រកាសអំពាវនាវឲ្យពលរដ្ឋទាំងអស់ ធ្វើពហិការកុំឲ្យទិញទឹកសុទ្ធវីតាល់ ប្រើប្រាស់ ។ ហើយនៅសប្ដាហ៍នេះ ចលនាសង្គ្រោះជាតិនឹងប្រកាសបន្ថែមទៀត គឺទឹកសុទ្ធ អារុណា (Aruna) ។
អគ្គលេខាធិការ នៃចលនាសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក លោក រី គា មានប្រសាសន៍ កាលពីថ្ងៃពុធ ទី២១ កុម្ភៈ ថា យុទ្ធនាការនេះ បានទទួលជោគជ័យជាបណ្ដើរៗហើយ៖ «នៅតាមសណ្ឋាគារ រួមទាំងវត្តអារាមមួយចំនួនផងដែរ ប្រកាសមិនទិញទឹកសុទ្ធវីតាល់ ឬអារុណានោះទេ ព្រោះទឹកសុទ្ធមានម្ចាស់ គឺ អ្នកស្រី ហ៊ុន ម៉ាណា និងយាយភូ ប៉ុន្តែត្រកូលហ៊ុនភាគច្រើន ដូច្នេះយើងប្រកាសប្រឆាំងទឹកសុទ្ធទាំងពីរក្រុមហ៊ុនហ្នឹង..»
លោក រី គា បន្តថា មុខទំនិញ ឬផលិតផលដែលត្រូវធ្វើពហិការនោះនៅមានច្រើនទៀតដែលនឹងប្រកាសឲ្យដឹងជាបន្តបន្ទាប់។
លោកបញ្ជាក់ទៀតថា នៅសប្ដាហ៍ក្រោយនេះ នឹងប្រកាសធ្វើពហិការនូវមុខទំនិញមួយទៀត គឺប្រេងសាំងតេលា (Tella) ដែលគេដឹងថា ជាផលិតផលរបស់ក្រុមហ៊ុនរបស់ក្រុមគ្រួសារត្រកូលហ៊ុនផងដែរ។
អ្នកបឹងកក់ក៏បានពហិការមិនប្រើប្រាស់ ទឹកសុទ្ធវីតាល់ ជាច្រើនឆ្នាំមកហើយ ដោយចាត់ទុកថា«ទឹកសុទ្ធវីតាល់ ជាទឹកភ្នែកអ្នកបឹងកក់»។
អ្នកបឹងកក់បង្ហាញថា សារនេះពួកគាត់ដែលជាអ្នករងគ្រោះក្នុងជម្លោះដីធ្លី ជាមួយអ្នកមានអំណាច បង្កើតឡើងដើម្បីជាមធ្យោបាយតស៊ូមតិដោយអហិង្សា ទាមទាររកយុត្តិធម៌ ក្រោយពីតុលាការគ្រប់ជាន់ថ្នាក់ មិនបានផ្ដល់យុត្តិធម៌ជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments