អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា កម្ពុជាគ្មានប្រជាពលរដ្ឋភ័យខ្លាច និងអត់ឃ្លាននោះទេ ហើយថា កម្ពុជាជាប្រទេសដែលមានសេរីភាព មិនដូចដែលគណបក្សប្រឆាំងចោទប្រកាន់ និងធ្លាប់បានប្រើប្រាស់ពាក្យស្លោកថា ខ្លៅ ខ្លាច និងឃ្លានឡើយ។
ប៉ុន្តែអ្នកជំនាញខាងសេដ្ឋកិច្ចលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន ដឹកនាំប្រទេសធ្វើឲ្យមានបញ្ហាជាច្រើនកើតឡើង ហើយពលរដ្ឋជាច្រើនគ្មានការងារធ្វើ និងធ្វើចំណាកស្រុកទៅក្រៅប្រទេសជាបន្តបន្ទាប់។
មន្ត្រីជំនាញខាងកសិកម្ម និងសេដ្ឋកិច្ចលើកឡើងថា ប្រទេសកម្ពុជា មានរដ្ឋាភិបាល ដូចជាគ្មានរដ្ឋាភិបាល ដែលធ្វើឲ្យប្រជាពលរដ្ឋតែលតោលរស់នៅក្នុងសភាពភ័យខ្លាច។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក បណ្ឌិត យ៉ង សាំងកុមារ និងជាអ្នកជំនាញខាងសេដ្ឋកិច្ច និងកសិកម្ម មានប្រសាសន៍កាលពីថ្ងៃទី១៦ មករាថា ថ្វីត្បិតរដ្ឋាភិបាល លោក ហ៊ុន សែន ខិតខំប្រែងចុះជួបកម្មករ អ្នកធាក់ស៊ីក្លូ និងបានសន្យាផ្ដល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែក្ដី ប៉ុន្តែមិនមែនជាគោលនយោបាយជាក់លាក់របស់រដ្ឋាភិបាល និងដោយស្មើភាពឡើយ។ លោក យ៉ង សាំងកុមារ អះអាងថា លោក ហ៊ុន សែន ត្រូវធ្វើគោលនយោបាយជាតិឲ្យបានច្បាស់លាស់ ដូចជាគោលនយោបាយ បង្កើតឲ្យមានរោងចក្រសហគ្រាស និងទីផ្សាររបស់កសិផលរបស់កសិករ បង្កើតការងារឲ្យបានកាន់តែច្រើនជាដើម៖ «សេដ្ឋកិច្ចមួយរីកចម្រើនលុះត្រាណា រដ្ឋាភិបាលលើកស្ទួយវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម បង្កើតឲ្យមានសង្វាក់ផលិតកម្មកាន់តែច្រើន ប៉ុន្តែរដ្ឋាភិបាលមានគោលនយោបាយបញ្ជូនពលករទៅក្រៅប្រទេសដូចជា ថៃ ម៉ាឡេស៊ី ហុងកុង និងកូរ៉េជាដើម ចំពោះខ្ញុំវិញត្រូវមានគោលនយោបាយលើកស្ទួយកម្មករ កសិករឲ្យមានទុន មានទឹក មានភ្លើង ទើបជាការអភិវឌ្ឍដោយមានស្ថិរភាព។
ប្រតិកម្មរបស់មន្ត្រីជំនាញ ដោយសារតែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានសរសេរនៅក្នុងប្រព័ន្ធសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី១៦ ធ្នូ ថា គណបក្សប្រឆាំងបានបរាជ័យលើការប្រើប្រាស់ទ្រឹស្ដី ខ្លៅ ខ្លាច ឃ្លាន ក្នុងពេលឃោសនារបស់ខ្លួន។ លោកបានសរសេរបញ្ជាក់ថា ទី១ រដ្ឋាភិបាលបានបង្កើតសាលារៀន មានតាំងពីមត្តេយ្យសាលាឡើងទៅ។ ទី២ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញ ក្រោយពីរបបខ្មែរក្រហមដួលរលំ និងទី៣ កម្ពុជាគ្មានការអត់ឃ្លានទេ ព្រោះថាដំណាំកសិកម្មផលិតបានច្រើនរួមមានកម្ពុជាផលិតស្រូវសម្រាប់នាំចេញេប្រមាណ៥ពាន់តោនក្នុងមួយឆ្នាំជាដើម។
ទោះបីជាយ៉ាងនេះក្ដី អ្នកសិក្សាស្រាវជ្រាវពីបញ្ហាសង្គមទទួលស្គាល់ថា រដ្ឋាភិបាលបានបង្កើតតំបន់ទីប្រជុំជន និងជនបទមួយចំនួន ប៉ុន្តែតំបន់ខ្លះមានតែសាលាសិស្សមានតិចតូចក៏មាន ដោយសារថា សិស្សានុសិស្សទាំងនោះ បោះបង់ការសិក្សា តាំងថ្នាក់បឋមសិក្សាធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ពួកគេទៅធ្វើជាកម្មករសំណង់នៅខែត្រផ្សេង ខ្លះទៀតបោះបង់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ ឬវិទ្យាល័យ គ្មានលុយបន្តការសិក្សា ដូចកូនមន្ត្រីមួយចំនួនកំពុងតែបន្តការសិក្សានៅក្រៅប្រទេស ដែលចំណាយថវិការាប់ម៉ឺនដុល្លារក្នុងមួយៗឆ្នាំៗ។
ចំពោះការផលិតស្រូវដែលមានបរិមាណរាប់ម៉ឺនតោនសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិក្ដី ប៉ុន្តែទិន្នផលស្រូវទាំងនោះ បានមកពីឧកញ៉ាមួយចំនួនដែលគេទិញដីធ្វើស្រែដោយខ្លួនឯង រីឯប្រជាកសិករខ្ចីបុលគេ ដើម្បីធ្វើស្រែ ខ្លះស្រូវគ្មានតម្លៃលក់ ដូចជាពលរដ្ឋមួយចំនួននៅក្នុងខែត្រកំពង់ធំ លក់ផ្ទះសម្បែង ដើម្បីសងបំណុលធនាគារ ហើយបានធ្វើចំណាកស្រុកជាដើម។ ក្រៅពីនេះទៀត ពលរដ្ឋគ្មានការងារធ្វើពិតប្រាកដ អ្នកខ្លះទៅធ្វើជាកម្មករនៅប្រទេសថៃ ហើយពលរដ្ឋនៅតាមព្រំដែនថៃវិញ ក៏ទៅធ្វើការវិលល្ងាចនៅក្នុងប្រទេសថៃជាដើម។ ពលរដ្ឋមួយចំនួននៅខែត្របន្ទាយមានជ័យ បាននាំគ្នាទៅស៊ីឈ្នួលថៃកាប់អំពៅនៅទឹកដីថៃតាមព្រំដែន ដើម្បីបានកម្រៃប្រចាំថ្ងៃ។ ពួកគាត់អះអាងថា បើសិនជាពួកគាត់មិនខកខានមិនទៅស៊ីឈ្នួលថៃវិលល្ងាចទេ នឹងធ្វើឲ្យពួកគាត់គ្មានលុយទិញ អង្ករច្រកឆ្នាំងឡើយ៖ «ពិបាកណាស់សព្វថ្ងៃនេះ មានតែនាំគ្នាទៅធ្វើការស៊ីឈ្នួលថៃវិលល្ងាចទេ គ្មានបានអីទេ បានតែហូបប្រចាំថ្ងៃហ្នឹងឯង ហ៊ានតែអត់បានទៅធ្វើការមួយថ្ងៃគឺអត់បានអីហូបទេ បើមិនទៅគ្មានការងារអ្វីធ្វើទេ ខ្លះទៀតទៅធ្វើការរោងចក្រ ខ្លះទៀតស៊ីឈ្នួលគេកាត់ដើមអំពៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៧ ធ្នូ ថា វិស័យធំៗ៣ កំពុងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ រួមមាន ចំណូលពីវិស័យកសិកម្មចំនួន ២៥%ក្នុងមួយឆ្នាំ ឧស្សាហកម្មជាង៣០% និងសេវាកម្ម រាប់ទាំងសេវាកម្មទេសចរណ៍រួមចំណែកជាង ៤៥%។ ក៏ប៉ុន្តែលោក ហ៊ុន សែន អះអាងថា ចំណូលពីវិស័យកម្មនេះ កាន់តែថយចុះពីមួយឆ្នាំទៅមួយឆ្នាំ តែពុំមានន័យថា កម្ពុជាអត់បាយនោះទេ។
ទោះបីជាលោក ហ៊ុន សែន លើកឡើងពីវិស័យទាំងបីនៅតែមានឥទ្ធិពលក្នុងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិក្ដី ប៉ុន្តែ ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ព្យាករណ៍សេដ្ឋកិច្ចឆ្នាំ២០១៧ បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៦ ដោយសារតែបញ្ហាអស្ថិរភាពនយោបាយនាពេលបច្ចុប្បន្ន និងកត្តាផ្សេងៗទៀត។
ទាក់ទងនឹងសិទ្ធិសេរីភាពវិញ លោក យ៉ង សាំងកុមារ អះអាងថា លោក ហ៊ុន សែន ដឹកនាំប្រទេសកាន់តែរឹតត្បិតសិទ្ធិសេរីភាព ក្នុងនោះមានទាំងសិទ្ធិនយោបាយដោយស្មើភាព សិទ្ធិជួបប្រជុំ និងសិទ្ធិធ្វើបាតុកម្ម ពិសេសរដ្ឋាភិបាលបានរំលាយគណបក្សប្រឆាំងដ៏ធំជាងគេជាដើម៖ «នៅក្នុងប្រទេសប្រជាធិបតេយ្យទាមទារឲ្យមានការប្រកួតប្រជែងដោយស្មើភាព មិនមែនទុកឲ្យមេដឹកនាំផ្ដាច់ការ មានបក្សតែមួយផ្ដាច់មុខគ្មានការប្រកួតប្រជែងដោយស្មើភាពនោះទេ។ ហើយយើងចង់ឃើញគណបក្សសង្គ្រោះជាតិ មានការចូលរួមមានការប្រកួតដែរ យើងចង់ឲ្យមានការប្រកួតប្រជែងដោយយុត្តិធម៌ ហើយប្រជាពលរដ្ឋផ្ដល់សិទ្ធិអំណាចបក្សណាចំនួន ៥ឆ្នាំម្ដង ជាសិទ្ធិរបស់ពលរដ្ឋ»។
របាយការណ៍សេរីភាពក្នុងពិភពលោកឆ្នាំ២០១៨ មានចំណងជើងថា «ប្រជាធិបតេយ្យកំពុងស្ថិតក្នុងវិបត្តិ» របស់អង្គការ Freedom House បានដាក់ប្រទេសកម្ពុជា កម្ពុជាជាប្រទេសសេរីភាពតិចតួចបំផុត ប្រទេសកម្ពុជា ឈរក្នុងចំណាត់ថ្នាក់ជាប្រទេសដែលមិនមានសេរីភាព ដូចគ្នាទៅនឹងប្រទេសហ្ស៊ីមបាវ៉េ និងម៉ូរីតានី ដែលសុទ្ធតែជាប្រទេសផ្ដាច់ការ ព្រមទាំងបណ្ដាប្រទេសក្នុងប្លុកកុម្មុយនិស្តដទៃទៀត រួមមាន ប្រទេសចិន រុស្សី និងប្រទេសកូរ៉េខាងជើងជាដើម»។
លោក យ៉ង សាំងកុមារ ថែមទាំងព្រមានទៀតថា បើសិនជារដ្ឋាភិបាលមិនបើកឲ្យពលរដ្ឋនិងគណបក្សនយោបាយចូលរួមប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០១៨ ឲ្យបានទូលំទូលាយទេ គណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក នឹងមិនចូលរួមការបោះឆ្នោតឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments