RFA | កម្ពុជា-បង់ក្លាដេស​គ្រោង​ចុះ​ហត្ថលេខា​​យោគយល់ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម | hot news

By , Comment
Share on Facebook Tweet on Twitter

ប្រទេស​បង់ក្លាដេស (Bangladesh) និង​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយ​ចំនួន ក្នុង​អំឡុង​ពេល​ទស្សនៈ​កិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​បង់ក្លាដេស អ្នកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) មក​កាន់​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី៣ ដល់​ថ្ងៃ​ទី៥ ខែ​ធ្នូ។

សារព័ត៌មាន​អនឡាញ​របស់​បង់ក្លាដេស បាន​ស្រង់​ប្រសាសន៍​រដ្ឋមន្ត្រីការបរទេស​បង់ក្លាដេស លោក អាប៊ុល ហាសាន មាហ៍មូដ អាលី (Abul Hassan Mahmood Ali) កាល​ពី​ពេល​ថ្មីៗ​នេះ ថា កិច្ចព្រមព្រៀង​ទាំងនេះ នឹង​ផ្ដោត​លើ​កិច្ចសហការ​រវាង​ស្ថាប័ន​ធុរកិច្ច​កំពូលៗ​របស់​ប្រទេស​ទាំងពីរ បង់ក្លាដេស និង​កម្ពុជា និង​ការ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន។

អនុស្សារណៈ​យោគយល់​ចំនួន​៩ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ទស្សនកិច្ច​នេះ នឹង​ផ្ដោត​ទៅ​លើ ការ​បង្កើត​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​រួម រវាង​បង់ក្លាដេស និង​កម្ពុជា ការ​ជំរុញ​កិច្ច​សម្របសម្រួល​ក្នុង​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ត្រឹម​ឆ្នាំ​២០៣០ ការ​បណ្ដុះបណ្ដាល​ការងារ និង​វិជ្ជាជីវៈ បច្ចេកវិទ្យា​ព័ត៌មាន និង​សារ​គមនាគមន៍ វិស័យ​ទេសចរណ៍ ការ​ការពារ​កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ និង​ស្លាកស្នាម​សង្គ្រាម ការពង្រីក​ការ​វិនិយោគ​លើ​វិស័យ​ជលផល និង​ជល​វប្បកម្ម។ ជាមួយ​គ្នា​នេះ វិទ្យាស្ថាន​សិក្សា​អំពី​អន្តរជាតិ និង​យុទ្ធសាស្ត្រ របស់​បង់ក្លាដេស និង​រាជបណ្ឌិត្យសភា​កម្ពុជា ក៏​គ្រោង​នឹង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ស្ដីពី​ការធានា​កិច្ច​សហប្រតិបត្តិការ សម្រាប់​កិច្ចការ​សិក្សា​ស្រាវជ្រាវ​ផង​ដែរ។

ក្នុងអំឡុងពេល​ទស្សនៈ​កិច្ច​នេះ ប្រទេស​ទាំងពីរ ក៏​គ្រោង​នឹង​ប្រកាស​អំពី​ការ​យល់​ព្រម​ប្ដូរ​ឈ្មោះ​ផ្លូវ សំខាន់​មួយ​ក្នុង​រដ្ឋធានី​ដាកា និង​ភ្នំពេញ ទៅតាម​ឈ្មោះ​របស់​រដ្ឋបុរស​របស់​ខ្លួន​ទៅវិញទៅមក ដើម្បី​រឹត​បន្តឹង​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត។ វិថី​មួយ​ខ្សែ​ក្នុង​រដ្ឋធានី​ដាកា របស់​ប្រទេស​បង់ក្លាដេស ស្ថិត​ក្នុង​តំបន់​ការទូត បារីដារា (Baridhara Diplomatic Zone) នឹង​ត្រូវ​ប្ដូរ​មក​ដាក់ ព្រះនាម​របស់​អតីត​ព្រះមហាក្សត្រ​ខ្មែរ សម្ដេច នរោត្តម សីហនុ។ ដូចគ្នា​នេះ​ដែរ ប្រទេស​កម្ពុជា ក៏​នឹង​ប្ដូរ​ឈ្មោះ​វិថី​សំខាន់​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ដាក់ឈ្មោះ​អតីត​រដ្ឋបុរស​របស់​បង់ក្លាដេស គឺ​លោក បង់ហ្កាបានឌូ សេក្ខ មួជីប៊ួរ រ៉ាម៉ាន (Bangabandhu Sheikh Mujibur Rahman)

 

យ៉ាងណាក៏ដោយ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ថា​តើ មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នេះ គ្រោង​នឹង​លើក​យក​បញ្ហា​វិបត្តិ​រ៉ូហ៊ីងយ៉ា ក្នុង​ប្រទេស​ភូមា មក​ពិភាក្សា​ក្នុង​ជំនួប​ទ្វេភាគី​ខាងមុខនេះ​ដែរ​ឬ​យ៉ាងណា​នោះ។ ការ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​អ្នកស្រី នាយករដ្ឋមន្ត្រី​បង់ក្លាដេស​នេះ ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពេល​ដែល​លោក​បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​បង់ក្លាដេស កាលពី​ថ្ង​ទី​១៦ ដល់​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៤ កន្លងទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments