RFA | អាកាសធាតុ​ខេត្ត​ជាប់​មាត់​សមុទ្រ​ចុះ​ត្រជាក់​និង​មាន​ភ្លៀង​រលឹម​ជាប់​មិន​ដាច់ | hot news

By , Comment
Share on Facebook Tweet on Twitter

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ឲ្យ​បានជា​ប្រចាំ ពិសេស​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​សមុទ្រ។

ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មាន​លំនៅឋាន នៅ​ខេត្ត​កែប កំពត ព្រះសីហនុ និង​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា ស្ថានភាព​អាកាសធាតុ​នៅ​តាម​មូលដ្ឋាន​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤ គឺ​បាន​ចុះ​ត្រជាក់ និង​មាន​ភ្លៀងរលឹម​ជាប់​មិន​ដាច់​ទាំង​យប់​ថ្ងៃ។

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ខ្លះ និយាយ​ថា ស្ថានភាព​អាកាសធាតុ​បែបនេះ មិន​អំណោយផល​ល្អ សម្រាប់​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ និង​តាម​បណ្ដា​កោះ​នានា​នោះ​ទេ ព្រោះ​មាន​ភ្លៀងរលឹម​ជាប់​មិន​ដាច់​ទាំង​យប់​ថ្ងៃ៖ «សម្រាប់​អាកាសធាតុ​នា​ខេត្ត​ព្រះសីហនុ គឺ​មាន​ពពក​អួអាប់ ផ្ទៃមេឃ​ញ​ងងឹត និង​មាន​ភ្លៀង​តាំងពី​យប់​រហូត មកដល់​ព្រឹក​ម៉ោង ៦ គឺ​នៅ​មាន​ភ្លៀងរលឹម​ជាប់​មិន​ដាច់។ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ដំណើរ របស់​ប្រជាពលរដ្ឋ​ចេញ​ទៅតាម​បណ្ដា​កោះ​នានា គឺ​នៅ​មាន​ដំណើរការ​ជា​ធម្មតា​ទេ»

ទាក់ទិន​បញ្ហា​អាកាសធាតុ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ បាន​ផ្ញើ​សារ​តាម​បណ្ដាញ​ហ្វេសប៊ុក (Facebook) របស់​លោក ដោយ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ និង​ប្រកប​របរ​នៅ​តំបន់​មាត់​សមុទ្រ​ថា ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ការ​ប្រែប្រួល អាកាសធាតុ និង​កម្លាំង​សម្ពាធ​ខ្យល់។

សារ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល ដែល​ប្រទេស​កម្ពុជា កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ព្យុះ តឹមប៊ិន (TEMBIN) ដែល​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់ ពី​មធ្យម​ទៅ​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស និង​ខ្យល់​បោកបក់​ខ្លាំង នៅ​តាម​តំបន់​ឆ្នេរ និង​នៅ​លើ​លំហ​សមុទ្រ។

លោក​ក៏​រំលឹក​ដល់​អ្នកបើកបរ​ឆ្ងាយ​ជិត នៅ​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព នៃ​ការ​បើកបរ​ឲ្យ​បានជា​ប្រចាំ ដើម្បី​ជៀស​ផុត​ពី​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments