RFA | សហគមន៍​បឹងកក់​២២​គ្រួសារ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ក្រោយ​តវ៉ា​ជាច្រើន​ឆ្នាំ | hot news

By , Comment
Share on Facebook Tweet on Twitter

ពលរដ្ឋ​ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​តំបន់​បឹងកក់ ចំនួន​២២​គ្រួសារ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​រស់នៅ​លើ​ដី​របស់​ខ្លួន​វិញ ក្រោយ​ពួកគេ​ចេញ​តវ៉ា​ជាច្រើន​ឆ្នាំ។ ពលរដ្ឋ​នៅ​បឹងកក់​ថ្លែង​ថា ពួកគេ​មិនទាន់​សប្បាយចិត្ត​ខ្លាំង​ទេ ដោយសារ​អ្នក​បឹងកក់​ជាច្រើន​គ្រួសារ​ទៀត នៅ​មិនទាន់​ទទួល​បាន​ដី​កម្មសិទ្ធិ​របស់​ខ្លួន​មកវិញ។

ពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​តំបន់​បឹងកក់​ដែល​ទើប​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ ហៅ​លទ្ធផល​នេះ​ថា ជា​ការ​ប្រឹងប្រែង តស៊ូ ទាមទារ​ដី​របស់​ពួកគេ​មកវិញ។ អ្នក​បឹងកក់​អះអាង​ថា ដី​នោះ មិនមែន​សាលាក្រុង​ផ្ដល់​ឲ្យ​នោះ​ទេ តាម​ពិត​ដី​មាន​ជម្លោះ​ជា​ដី​របស់​ពួកគេ​តាំង​ពី​ដើម​មក ប៉ុន្តែ​ក្រុមហ៊ុន​បាន​ទៅ​រំលោភបំពាន​ដី​របស់​ពួកគាត់ ក្រោម​លេស​ថា អភិវឌ្ឍន៍។

តំណាង​សហគមន៍​បឹងកក់​ម្នាក់​ក្នុងចំណោម ២២​គ្រួសារ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ លោក ចាន់ ពុទ្ធិស័ក្កិ ឲ្យ​ដឹង​ថា អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា សរសើរ​ពួកគាត់​ថា លែង​ឃើញ​ដើរ​តវ៉ា​តាម​ចិញ្ចើម​ផ្លូវ​ទៀ​។ លោក​ថា អភិបាលរង​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​អ្នក​បឹងកក់​ទាំង ២២​គ្រួសារ ដែល​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​រួចហើយ ឈប់​ដើរ​តវ៉ា​តទៅទៀត។

បើ​ទោះ​ជា​មានការ​អំពាវនាវ​បែបនេះ​ក្ដី លោក ចាន់ ពុទ្ធិស័ក្ក ប្រាប់​ថា ពួកគាត់​មិនទាន់​សប្បាយចិត្ត​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះ​ទេ។ លោក​ថា អ្នកមាន​ជម្លោះដីធ្លី​តំបន់​បឹងកក់ ចង់​ឃើញ​ម្ចាស់​ដី​នៅ​បឹងកក់​ទាំងអស់ ទទួល​បាន​កម្មសិទ្ធិ​ទាំងអស់​គ្នា​វិញ បើ​មិន​ដូច្នេះ​ទេ ពួកគាត់​នៅតែ​គាំទ្រ​អ្នកមាន​ជម្លោះ​ដទៃ​ទៀត ឲ្យ​ទាមទារ​ដី​របស់​ខ្លួន​មកវិញ​ដែរ។ បន្ថែម​លើស​ពី​នេះ អ្នកមាន​ជម្លោះដីធ្លី​នៅ​បឹងកក់ ក៏​ចង់​ឃើញ​ការ​ដោះលែង​ស្ត្រី​តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ជា​បន្ទាន់។

មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹងកក់​ដោះ​មិន​ចេញ​នេះ គឺ​នៅ​ក្រោយ​ពេល​រដ្ឋាភិបាល បានសម្រេច​ផ្ដល់​ការ​វិនិយោគ​ក្រោម​ហេតុផល​ថា សម្បទាន​ដី​សេដ្ឋកិច្ច កាលពី​ឆ្នាំ​២០០៧ រយៈពេល ៩៩​ឆ្នាំ។ ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នេះ គឺ​បាន​ទៅ​ក្រុមហ៊ុន​ដែល​ជា​មនុស្ស​ស្និត​នឹង​លោក ហ៊ុន សែន ឈ្មោះ​ក្រុមហ៊ុន ស៊ូកាគូ របស់​សមាជិក​ព្រឹទ្ធសភា លោក ឡៅ ម៉េងឃីន ពី​ខាង​បក្ស​ប្រជាជន​កម្ពុជា។ អស់​រយៈពេល​ប្រមាណ ១០​ឆ្នាំ​កន្លង​ទៅ​នេះ ពលរដ្ឋ​រាប់រយ​គ្រួសារ បាន​ក្លាយ​ជា​ជនរងគ្រោះ​មក​ដល់​សព្វថ្ងៃ ហើយ​ក្នុងចំណោម​នោះ ម្ចាស់​ដី​ខ្លះ​ធ្លាប់​រង​ការ​វាយ ជេរ ប្រមាថ និង​ជាប់ពន្ធនាគារ​ថែមទៀត។

តំណាង​អ្នក​បឹងកក់ លោក ចាន់ ពុទ្ធិស័ក្ក ប្រាប់​ទៀត​ថា អភិបាលរង​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់​ពួកគាត់​ទាំង ២២​គ្រួសារ​ថា ដី​ជម្លោះ​នៅ​បឹងកក់​ស្មុគស្មាញ ដោយសារ​បច្ចេកទេស និង​ដោយសារ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ប៉ុន្តែ អ្នកមាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​បឹងកក់ អះអាង​ដូចៗ គ្នា​ថា អាជ្ញាធរ​ជា​អ្នក​ផ្សារភ្ជាប់ និង​លាប​ពណ៌​ពួកគាត់ ជាមួយ​នយោបាយ ព្រោះ​ពួកគាត់​ទាមទារ​តែ​ដីធ្លី​របស់​ពួកគាត់​ទេ។ ទោះជា​យ៉ាងណាក្ដី លោក ចាន់ ពុទ្ធិស័ក្ក ថា អាជ្ញាធរ​សន្យា​ទៅ​ពិនិត្យ​មើល​ដី​របស់​អ្នក​បឹងកក់ ៧​គ្រួសារ​ទៀត ដែល​សាលាក្រុង​ធ្លាប់​ប្រកាស ដាក់​ឱសានវាទ​កាលពី​ខែ​មេសា​ថា លែង​ដោះស្រាយ​ឲ្យ។

អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មើល​ឃើញ​ថា ការ​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​ទាំង ២២​គ្រួសារ​នៅ​បឹងកក់​ជា​សញ្ញា​ល្អ។ លោក​ចង់​ឃើញ​ការ​ដោះស្រាយ​មួយ​ដែល​គ្រប់​ភាគី​ទទួលយក​លទ្ធ​ផល​បាន​បែបនេះ ពី​សំណាក់​គ្រប់​គ្រួសារ ដែល​កំពុង​មាន​ជម្លោះ​រ៉ាំរ៉ៃ​រាប់​ឆ្នាំ​នៅ​បឹងកក់។ «»

អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​ដែល​ស្ថានការណ៍​នយោបាយ​ឡើង​កម្ដៅ​ខ្លាំង អាជ្ញាធរ​ហាក់​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រ៉ាំរ៉ៃ​កន្លងមក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​សង្គម​ស៊ីវិល មើល​ឃើញ​ថា ការ​យកចិត្តទុកដាក់​ដោះស្រាយ​នេះ អាច​ជា​ផ្នែក​មួយ​នៃ​ការ​រង​សម្ពាធ​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments