កម្មករជិត ១០០នាក់ នៅរោងចក្រ ជូហួយ រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មករ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅភូមិរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ត្រី ឯម កុសល ត្រូវបានកាសែតគាំទ្រលោកនាយករដ្ឋមន្ត្រី FreshNews ដកស្រង់សម្ដីថា គ្រោះថ្នាក់ចរាចរណ៍នោះបណ្ដាលមកពីអ្នកបើកបរឈ្មោះ ឆៃ គីមហេង បានបត់ឆ្វេងបម្រុងចូលរោងចក្រ ជូហួយ មួយកន្លែង ប៉ុន្តែពេលបត់ចូលអ្នកបើកបរបួងចង្កូតខ្លាំងពេកបណ្ដាលឲ្យក្រឡាប់តែម្ដង។ លោកបន្តថា ក្នុងចំណោមអ្នករងរបួសទាំងនោះ មាន ៤នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះជាបន្ទាន់នៅមន្ទីរពេទ្យក្រុងភ្នំពេញ។ ចំណែកអ្នករបួសស្រាលៗ សមត្ថកិច្ចបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យស្រុក និងខេត្តកំពង់ចាម។
អតីតប្រធានសហជីពសេរីកម្មករកម្ពុជា និងបច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា លោក ជា មុនី មានប្រសាសន៍ប្រាប់អាស៊ីសេរីថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំពោះការដឹកកម្មករនេះ គឺមានកើតឡើងស្ទើរតែរៀងរាល់ខែ គ្រាន់តែតិច ឬច្រើន។ លោកសំណូមពរឲ្យសមត្ថកិច្ចចរាចរណ៍ចាត់វិធានការត្រួតពិនិត្យរថយន្តដឹកកម្មករហួសចំណុះ និងអ្នកបើកបរ៖ «»។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៧ មានចំនួន ៨២៤លើក សម្លាប់មនុស្ស ៤២៦នាក់ និងរបួសធ្ងន់ស្រាលចំនួនជាង ១.២០០នាក់។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្ដាលមកពីការបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធអាទិភាព និងបើកបរពេលស្រវឹងជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments