សមាគមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាល ចេញសេចក្ដីថ្លែងការណ៍រួមគ្នាសំដែងការព្រួយបារម្ភ ចំពោះការប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។ អង្គការទាំងនោះថា បណ្ដឹងរំលាយបក្សប្រឆាំង ជាការមិនគោរពឆន្ទៈពលរដ្ឋប្រមាណ ៣លាននាក់ ដែលបានបោះឆ្នោតគាំទ្របក្សប្រឆាំង។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១៩ តុលា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន(YRDP) សម្ព័ន្ធសហគមន៍កសិករកម្ពុជា អង្គការនិកហ្វិក អង្គការខុមហ្វ្រែល និងអង្គការមួយចំនួនទៀត លើកឡើងថា តំណាងរាស្ត្រឯកបក្សនៃបក្សកាន់អំណាច បានធ្វើវិសោធនកម្មអនុម័តសេចក្ដីស្នើសច្បាប់កែប្រែ រូបមន្តថ្មី នៃការបែងចែកអាសនៈ រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាឃុំ-សង្កាត់នៃគណបក្សត្រូវរំលាយ ហើយមិនអាចចូលរួមបោះឆ្នោតឆ្នាំ២០១៨នោះ នឹងនាំឲ្យមានបញ្ហា នៃភាពត្រឹមត្រូវតាមច្បាប់ជាតិ អន្តរជាតិ។
ម្យ៉ាងទៀត ការអនុវត្តរូបមន្តថ្មី ដើម្បីបែងចែកអាសនៈនេះ នឹងធ្វើឲ្យប៉ះពាល់ជាអវិជ្ជមាន និងអយុត្តិធម៌ធ្ងន់ធ្ងរ ចំពោះសំឡេងម្ចាស់ឆ្នោត តំណាងឆន្ទៈម្ចាស់ឆ្នោត ដែលមិនឆ្លុះបញ្ចាំងសមាមាត្រសន្លឹកឆ្នោតនៃភាពជាតំណាងរាស្ត្រ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញជំពូក៤ ដែលចែងពី ប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសរបស់ខ្លួន និងអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។
ម្យ៉ាងទៀត ការំលាយគណបក្សនយោបាយបែបនេះ នឹងនាំឲ្យធ្លាក់ចុះខ្លាំងនៃដំណើរការប្រជាធិបតេយ្យ ដែលទាមទារឲ្យមានសេរីពហុបក្ស តម្លាភាព និងសុចរិតភាព ត្រូវមានការចូលរួមពិភាក្សា ជាមួយគណបក្សនយោបាយនានា និងការអនុម័តយ៉ាងហោចណាស់ដឹកនាំរដ្ឋាភិបាល និងគណបក្សមានអាសនៈក្នុងរដ្ឋសភា ដែលមិនចូលរួមដឹកនាំរដ្ឋាភិបាល ដូចមានចែងក្នុងជំពូក៥ នៃរដ្ឋធម្មនុញ្ញ។
ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល ក៏នឹងជួបការលំបាកក្នុងការសង្កេតការណ៍ និងការវាយតម្លៃថា ការបោះឆ្នោតនៅពេលខាងមុខ មានភាពត្រឹមត្រូវតាមច្បាប់ ដោយសេរី និងយុត្តិធម៌មួយ ដែលការចូលរួមរបស់គណបក្សប្រជែងសំខាន់ ដោយសារតែការរំលាយ និងការចោទប្រកាន់មេបក្សប្រឆាំងបែបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments