ពលករខ្មែរធ្វើការងារនៅប្រទេសថៃភាគច្រើន ពុំទាន់បានទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅឡើយ ខណៈរយៈពេលចុះឈ្មោះនៅសល់មិនដល់មួយខែទៀត។ ពលករមួយចំនួនលើកឡើងថា ពួកគាត់ចង់ទៅចុះឈ្មោះដែរ ប៉ុន្តែដោយសារជាប់រវល់ការងារ ហើយពិបាកសុំច្បាប់ថៅកែ ទើបធ្វើឲ្យពួកគាត់មិនអាចមកចុះឈ្មោះបោះឆ្នោតបាន។
ពលករធ្វើការងារនៅប្រទេសថៃមួយចំនួនអះអាងថា កំពុងរកវិធីដើម្បីទៅចុះឈ្មោះបោះឆ្នោតឲ្យបាននៅមុនថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោត។
ពលការិនីម្នាក់ធ្វើការថែសួននៅខេត្តនន់ថាក់បូរី (Nunthaburi) ជាប់ទីក្រុងបាងកក អ្នកស្រី អ៊ំ សារ៉ាត់ ឲ្យដឹងនៅថ្ងៃទី១៣ តុលាថា អ្នកស្រីមកធ្វើនៅប្រទេសថៃជាមួយកូន និងសាច់ញាតិមានគ្នាចំនួន ៤នាក់ រយៈពេល៦ឆ្នាំហើយ។ អ្នកស្រីបន្ថែមថា កន្លងមកពួកគាត់តែងតែទៅបោះឆ្នោតមិនខាននោះទេ ប៉ុន្តែនៅពេលនេះ ពួកគាត់មិនទាន់បានទៅចុះឈ្មោះបោះឆ្នោតនៅឡើយ។
ស្រដៀងគ្នានេះដែរ ពលការិនីម្នាក់ទៀតកញ្ញា ចាន់ ដាវ ថ្លែងថា កញ្ញានិងមិត្តភ័ក្ដិចំនួន ២នាក់ ធ្វើការផ្នែកលក់ម្ហូបអាហារនៅទីក្រុងបាងកកប្រទេសថៃ គឺពួកគាត់ចង់ទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដែរ ក៏ប៉ុន្តែដោយសារពួកគាត់ពុំមានអត្តសញ្ញាណប័ណ្ណ ហើយម្យ៉ាងទៀតជាប់រវល់ការងារផង ទើបមិនអាចទៅចុះឈ្មោះបាន។ កញ្ញាបន្ថែមថា ពួកគាត់កំពុងរកពេលធ្វើយ៉ាងណាទៅចុះឈ្មោះបោះឆ្នោត ឲ្យបានទាន់ពេលកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា មួយរយៈចុងក្រោយនេះឃើញមានពលករមកពីប្រទេសថៃនាំគ្នាមកចុះឈ្មោះបោះឆ្នោតខ្លះៗដែរ ក៏ប៉ុន្តែមិនច្រើននោះទេ។ លោកបន្ថែមថា ពលករត្រូវរកវិធីមកចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការបោះឆ្នោតលើកនេះមានសារៈសំខាន់ដល់ប្រទេសជាតិ។
ពលករធ្វើការងារនៅប្រទេសថៃប្រមាណ ១លាន កន្លះ (១,៥០០,០០០) ក្នុងនោះប្រមាណ ៧០ម៉ឺននាក់ធ្វើការស្របច្បាប់ និងពលករខុសច្បាប់ជាង ៣០ម៉ឺននាក់។ លោក ស៊ុំ ច័ន្ទគា លើកឡើងថាពួកគាត់ភាគច្រើនពុំបានមកចុះឈ្មោះបោះឆ្នោតនៅឡើយទេ។ របាយការណ៍គណៈកម្មការជាតិរៀបចំការបោះឆ្នោតបង្ហាញថា គិតត្រឹមថ្ងៃទី១០ តុលា ពលរដ្ឋដែលបានមកចុះឈ្មោះមានជាង ៣៦ម៉ឺននាក់ (៣៦០,០០០) ក្នុងនោះអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួនជិត ៤ពាន់នាក់ និងកែតម្រូវឈ្មោះជាង ៣ពាន់ ក្នុងចំណោមពលរដ្ឋដែលត្រូវចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីសរុបជាង ១លាន ៦សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments