ព្រឹទ្ធសភាចាប់ផ្ដើមពិនិត្យសេចក្ដីស្នើច្បាប់បោះឆ្នោតទាំង៤យ៉ាងប្រញាប់ប្រញាល់
ដោយ អាស៊ីសេរី RFA 2017-10-17
រដ្ឋសភា បានបញ្ជូនសេចក្ដីស្នើសុំធ្វើវិសោធនកម្មច្បាប់ចំនួន៤ ពាក់ព័ន្ធនឹងយុទ្ធនាការរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីឆកយកអាសនៈរបស់បក្សនេះទៅឲ្យបក្សផ្សេងទៀតនោះ បានទៅដល់ដៃព្រឹទ្ធសភា ហើយព្រឹទ្ធសភា បានចាប់ផ្ដើមពិនិត្យលើសេចក្ដីស្នើច្បាប់យ៉ាងប្រញាប់ប្រញាល់តែម្ដង។
សេចក្តីស្នើសុំឲ្យធ្វើវិសោធនកម្មច្បាប់ទាំង៤ នោះរួមមាន ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ត្រូវបានសារព័ត៌មានថ្មីៗ ដកស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី១៧ ខែតុលា នេះថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្ដីស្នើច្បាប់ទាំង៤ នេះរួចហើយ ។ លោកបន្តថា សេចក្ដីស្នើច្បាប់ទាំង៤ខាងលើ ត្រូវបានបញ្ជូនបន្តទៅកាន់គណៈកម្មការជំនាញទី៦ នៃព្រឹទ្ធសភា ដើម្បីសិក្សា និងពិនិត្យលម្អិតហើយ ៥ថ្ងៃក្រោយ ពីពិនិត្យចប់ សេចក្ដីស្នើច្បាប់ទាំងនេះ នឹងត្រូវដាក់ចូលរបៀបវារៈដើម្បីបើកកិច្ចប្រជុំពេញអង្គតែម្ដង៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments