លោកបណ្ឌិត សុខ ទូច ដែលសព្វថ្ងៃជាប្រធានរាជបណ្ឌិត្យសភា និយាយថា សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស នៅពេលនេះគ្រាន់តែជានិមិត្តរូបចំពោះកម្ពុជា ប៉ុណ្ណោះ ដែលមិនអាចយកមកប្រើប្រាស់បានទៀតទេ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ។ ប៉ុន្តែអតីតសមាជិកភាគីនៃសន្ធិសញ្ញាទីក្រុងប៉ារីស សម្ដែងការហួសចិត្តទៅនឹងការលើកឡើងរបស់លោក សុខ ទូច និងយល់ថា កម្ពុជានៅតែត្រូវការសន្ធិសញ្ញានេះ។
សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមានអាយុជាង ២៥ឆ្នាំ ត្រូវប្រធានរាជបណ្ឌិត្យសភា លោកបណ្ឌិត សុខ ទូច ថាសន្ធិសញ្ញានេះ បើធៀបទៅនឹងមនុស្សគឺបាត់បង់ជីវិតទៅហើយ ដែលសព្វថ្ងៃគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ លោក សុខ ទូច ថា កម្ពុជាមិនអាចយកសន្ធិសញ្ញានេះមកប្រើ ឬអនុវត្តទៀតនោះឡើយ ខណៈកម្ពុជា មានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន៖ «»។
លោក សុខ ទូច ប្រាប់អ្នកកាសែតដូចនេះ ក្នុងពេលដែលលោករៀបចំធ្វើសន្និសីទសារព័ត៌មានថ្ងៃទី១ ខែកញ្ញា។ លោក សុខ ទូច ចេញមុខបកស្រាយពីសន្ធិសញ្ញាទីក្រុងប៉ារីស នៅរាជបណ្ឌិត្យសភា ក្នុងទីក្រុងភ្នំពេញ ថា ចាប់ពីឆ្នាំ១៩៩៣ មក កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ត្រូវបានបញ្ចប់ហើយ។
លោក សុខ ទូច និយាយថា រដ្ឋធម្មនុញ្ញគ្រាន់តែជានិមិត្តរូបដូចនេះ ដោយលោកយកមាត្រា ១ នៃសន្ធិសញ្ញានេះដែលចែងថា កិច្ចព្រមព្រៀងនេះត្រូវបញ្ចប់នៅពេលដែលមានសភាធម្មនុញ្ញដែលបានជាប់ឆ្នោតតាមរយៈនៃការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដែលរៀបចំឡើង និងបញ្ជាក់ដោយអង្គការសហប្រជាជាតិ បានអនុម័តពីរដ្ឋធម្មនុញ្ញ ហើយបានក្លាយខ្លួនឯងទៅជាសភានីតិប្បញ្ញត្តិ រួចបន្ទាប់មករដ្ឋាភិបាលថ្មីមួយត្រូវបានបង្កើតឡើង។
ផ្ទុយពីទស្សនៈលោក សុខ ទូច អ្នកនយោបាយជើងចាស់ និងជាអ្នករៀបចំឯកសារបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មកពីភាគីគណបក្សហ៊្វុនស៊ិនប៉ិច លោក លឺ ឡាយស្រេង មានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពជារៀងរហូត។ លោកថា ការអនុវត្តសន្ធិសញ្ញានេះមិនទាន់បានពេញលេញនៅឡើយទេ។ ជាងនេះទៅទៀត លោក លឺ ឡាយស្រេង ពន្យល់ថា ប្រសិនមានករណីប្រទេសក្បែរខាងរំលោភបំពាន កម្ពុជាអាចប្ដឹងទៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ «»។
កាលពីឆ្នាំ១៩៩១ សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បានផ្ដល់កំណើតថ្មីដល់ប្រទេសកម្ពុជា ដោយគ្រប់ភាគីសន្យាថា នាំមកនូវលទ្ធិប្រជាធិបតេយ្យក្រោយពីគ្រាំគ្រាដោយសង្គ្រាមជាច្រើនទសវត្ស។ ប្រទេសហត្ថលេខីទាំង១៩ រួមទាំងកម្ពុជា ផងនោះ ប្ដេជ្ញាពីការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិមនុស្សនៅកម្ពុជា ឲ្យបានពេញលេញ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និយាយថា ចំពោះគណបក្សសង្គ្រោះជាតិ កិច្ចព្រមព្រៀងនេះគឺនៅតែជាក្របខ័ណ្ឌច្បាប់មួយដែលជាមូលដ្ឋានក្នុងតម្រង់ទិសប្រទេសកម្ពុជា ឲ្យប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដ។ លោកបន្តថា បើពិនិត្យមើលស្ថានភាពនយោបាយបច្ចុប្បន្នទៅនឹងកិច្ចព្រមព្រៀង គឺកាន់តែឃ្លាតឆ្ងាយពីគ្នា ដូច្នេះលោកទាមទារឲ្យប្រទេសហត្ថលេខីទាំងអស់ត្រូវពិនិត្យពិចារណាឡើងវិញ៖ «»។
ដ្បិតរដ្ឋធម្មនុញ្ញសព្វថ្ងៃកើតឡើងពីការច្របាច់ចេញពីសន្ធិសញ្ញាទីក្រុងប៉ារីសក្តី ប៉ុន្តែសន្ធិសញ្ញាមានវិសាលភាពធំទូលាយ ដោយចងកាតព្វកិច្ចគ្រប់ប្រទេសហត្ថលេខីឲ្យតាមដានត្រួតពិនិត្យការអនុវត្តរបស់កម្ពុជា។ ឧទាហរណ៍ក្នុងករណីមានប្រទេសណាមួយរំលោភបូរណភាព ឬអធិបតេយ្យភាពកម្ពុជា ប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងនេះ មានកាតព្វកិច្ចក្នុងការការពារកម្ពុជា ពីការរំលោភបំពានទាំងអស់នេះ។ រដ្ឋាភិបាលនៅយកថ្ងៃនេះ ជាថ្ងៃបុណ្យជាតិ ដែលអនុញ្ញាតឲ្យឈប់សម្រាកមួយថ្ងៃ នៅថ្ងៃទី២៣ ខែតុលា ជារៀងរាល់ឆ្នាំ។
ក្រៅពីសង្គមស៊ីវិលតែងតែងស្នើសុំទៅប្រទេសហត្ថលេខី ជំរុញទៅរដ្ឋាភិបាលកម្ពុជា ឲ្យអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឲ្យបានពេញលេញ គណបក្សដែលមានសំឡេងរបស់ខ្លួនជិតពាក់កណ្ដាលនៅក្នុងរដ្ឋសភា ក៏តែងទទូចសុំអន្តរាគមន៍ទៅប្រទេសទាំងនោះប្រាប់ទៅរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះឲ្យបានពេញលេញដោយគោរពសិទ្ធិមនុស្សប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments