តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចំនួន ៣៣នាក់ នៅថ្ងៃសុក្រ ទី១១ ខែសីហា បានផ្ញើលិខិតមួយទៅកាន់ប្រធានរដ្ឋសភា លោក ហេង សំរិន ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដើម្បីអនុញ្ញាតឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិចូលរួមការបោះឆ្នោត។
សំណើនេះធ្វើ ដោយផ្អែកតាមមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា ពលរដ្ឋខ្មែរដែលកំពុងរស់នៅបរទេស ត្រូវបានគាំពារដោយរដ្ឋ ហើយពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត។ តំណាងរាស្ត្រទាំងនេះជំរុញឲ្យ គ.ជ.ប សម្រេចបង្កើតការិយាល័យមួយ ឬច្រើន នៅតាមច្រកព្រំដែនអន្តរជាតិ ស្ថានទូត ស្ថានកុងស៊ុល ប្រចាំប្រទេសនីមួយៗដែលមានពលរដ្ឋខ្មែរកំពុងធ្វើការ ឬរស់នៅ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេក្នុងការចុះឈ្មោះបោះឆ្នោត និងទៅបោះឆ្នោត។
មន្ត្រី គ.ជ.ប ធ្លាប់បញ្ជាក់ថា ដើម្បីកែប្រែច្បាប់បោះឆ្នោតបាន គឺទាល់តែមានសំណើសុំធ្វើវិសោធនកម្មពីតំណាងរាស្ត្រនៃបក្សនយោបាយដែលជាប់ឆ្នោត។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវការសំឡេងគាំទ្របន្ថែមពីគណបក្សកាន់អំណាច ទើបមានសំឡេងគ្រប់គ្រាន់ក្នុងការកែប្រែច្បាប់បោះឆ្នោតនេះបាន។
អាស៊ីសេរី នៅមិនទាន់អាចសុំការអត្ថាធិប្បាយពីប្រធានរដ្ឋសភា លោក ហេង សំរិន អំពីស្នើកែប្រែច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលស្នើឡើងដោយក្រុមតំណាងរាស្ត្របក្សប្រឆាំងនៅឡើយទេ នៅថ្ងៃសុក្រ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments