RFA | គណបក្ស​ប្រឆាំង​រំពឹង​​ទទួល​បាន​តំណែង​អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា | hot news

By , Comment
Share on Facebook Tweet on Twitter

គណបក្ស​ប្រឆាំង​រំពឹង​ថា ខ្លួន​នឹង​ទទួល​បាន​តំណែង​អនុ​ប្រធាន​ទី​១ និង​ប្រធាន​គណៈកម្មការ​ចំនួន​ពី ៤ ទៅ ៥ នៃ​គណៈកម្មការ​ជំនាញ​នៅ​ក្នុង​ព្រឹទ្ធសភា ក្នុង​ការ​បោះឆ្នោត​អសកល​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា នៅ​ដើម​ឆ្នាំ​២០១៨ ខាង​មុខ។ ការ​រំពឹង​ដូច្នេះ ក្រោយ​ពេល គ.ជ.ប ប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ទូទាំង​ប្រទេស​មាន​សំឡេង​ប្រកៀកប្រកិត​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

​ទោះ​សល់​ពេល​៦​ខែ​ទៀត ទើប​មានការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​១៤ ខែ​មករា ឆ្នាំ​២០១៨ ខាង​មុខ​ក្តី ក៏​សមាជិក​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល ឲ្យ​អាស៊ីសេរី ដឹង​ថា បើ​ផ្អែក​ចំនួន​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​កាល​ពី​ពេល​ថ្មីៗ និង​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន ២៦​អាសនៈ នៃ​ចំនួន​អាសនៈ​ចំនួន​៥៨។ លោក​ថា ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​សមាជិក​សភា​គឺ​ជា​អង្គ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធ​សភា៖ «»។

​បើ​តាម​លោក ទាវ វណ្ណុល ចំនួន​អាសនៈ​នៅ​ព្រឹទ្ធ​សភា​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​មាន​ត្រឹមតែ​៥៧ ប៉ុន្តែ​ដោយសារ​ខេត្ត​ព្រះសីហនុ ទើប​បន្ថែម​អាសនៈ​រដ្ឋ​សភា​មួយ​ទៀត ដូច្នេះ​ចំនួន​អាសនៈ នៅ​ព្រឹទ្ធ​សភា​នឹង​កើន​ឡើង​មួយ​អាសនៈ​បន្ថែម​ទៀត។

សព្វថ្ងៃ​សមាជិក​ព្រឹទ្ធ​សភា​នៃ​នីតិកាល​ទី​៣ មាន​ទាំង​អស់​ចំនួន ៦១​រូប ឬ ៦១​អាសនៈ។ ក្រៅ​ពីរ​អាសនៈ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​នៃ​សមាជិក​ចំនួន​ក្រុមប្រឹក្សា​ក្នុង​មុខ​តំណែង និង​សមាជិក​រដ្ឋសភា​សមាជិក​ព្រឹទ្ធ​សភា​ពីរ​រូប ត្រូវ​តែងតាំង​ដោយ​ស្ថាប័ន​ព្រះរាជវាំង និង​សមាជិក​ព្រឹទ្ធសភា​ពីរ​រូប​ទៀត តែង​តាំង​ពី​រដ្ឋ​សភា។

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល អះអាង​ថា ចំនួន​អាសនៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ទទួល​បាន​មាន​ចំនួន​២៦ គឺ​បាន​តិច​ជាង​គណបក្ស​ប្រជាជន​កម្ពុជា ត្រឹមតែ ៥​អាសនៈ។ ដូច្នេះ​ហើយ​ទើប​លោក​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ទទួល​បាន​តំណែង​អនុប្រធាន​ទី​០១ នៃ​ព្រឹទ្ធសភា ឬ​យ៉ាង​ហោច​បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​តំណែង​ជា​អនុ​ប្រធាន​ទី​២ ដែរ។

ទាក់ទង​ការ​អះអាង​ពី​ការ​ទទួល​អាសនៈ និង​តួនាទី​អនុ​ប្រធាន​ព្រឹទ្ធសភា​របស់​ពី​មន្ត្រី​គណបក្ស​ប្រឆាំង​ដូច្នេះ អាស៊ីសេរី​សុំ​ការ​បញ្ជាក់​ពី​អគ្គលេខាធិការ​នៃ​ព្រឹទ្ធ​សភា លោក អ៊ុំ សារិទ្ធ ប៉ុន្តែ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​រង់ចាំ​ការ​បោះឆ្នោត​ផ្លូវ​របស់​ព្រឹទ្ធ​សភា​សិន។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ការ​បោះឆ្នោត​ក៏​មិន​​អាច​សន្និដ្ឋាន​ពី​ចំនួន​អាសនៈ​ដែល​គណបក្ស​ប្រឆាំង​កើន​កៅអី និង​ការ​ថយ​ចុះ​នៃ​អាសនៈ​របស់​គណបក្ស​កាន់​អំណាច​នៅ​ឡើយ​ដែរ។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា បើ​តាម​ការ​គណនា​របស់​លោក​ផ្ទាល់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​អាសនៈ​ក្នុង​អាណត្តិ​ទី​៤ ខាង​មុខ​ចំនួន ៣២​អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ អាច​ទទួល​បាន​ជាង ២០​អាសនៈ ដែល​ដូច​ទៅ​គណបក្ស​ប្រឆាំង​លើក​ឡើង​ដែរ។ លោក សុខ ឥសាន ចំនួន​កៅអី​ដែល​គណបក្ស​ទទួល​បាន​នេះ គ្រប់គ្រាន់​អាច​ឲ្យ​គណបក្ស​របស់​លោក​ក្នុង​ការ​អនុម័ត​អ្វី​មួយ​នៅ​ស្ថាប័ន​នេះ​ដដែល៖ «»។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ​និយាយ​ថា ទោះ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ឈ្នះ​បាន​កៅអី ៣២​ក្តី ប៉ុន្តែ​លោក​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា នៅ​មាន​អាសនៈ​ចំនួន​៤ មក​ពី​ស្ថាប័ន​រាជវាំង និង​រដ្ឋ​សភា។ លោក​ថា សមាជិក​ព្រឹទ្ធ​សភាព​ពីរ​រូប​មក​ពី​ព្រះរាជវាំង គ្មាន​គោលការណ៍​អ្វី​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច​ទេ។ ចំណែក​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​រដ្ឋ​សភា ទោះ​គ្មាន​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​ក៏​គណបក្ស​ប្រជាជន ស្នើ​សមាជិក​ព្រឹទ្ធ​ពីរ​រូប​បាន​ដែរ៖ «»។

ចំពោះ​ការ​អះអាង​ថា នឹង​ទទួល​បាន​តំណែង​អនុប្រធាន​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រឆាំង លោក សុខ ឥសាន ថា គឺ​អាស្រ័យ​លើ​ការ​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​សិន។

សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​នេះ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ចំនួន ៤៦​រូប ចំណែក​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី មាន​ចំនួន ១១​រូប​ប៉ុណ្ណោះ នៃ​ចំនួន​សមាជិក​សរុប​ចំនួន ៦១ នៅ​ក្នុង​ព្រឹទ្ធសភា។ ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​ទាំង​១០ នៅ​ព្រឹទ្ធសភា គណបក្ស សម រង្ស៊ី បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​បាន​តែ​ពីរ​ប៉ុណ្ណោះ គណៈកម្មការ​ប្រាំបី​ផ្សេង​ទៀត​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។

លទ្ធផល​ផ្លូវការ​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​អាណត្តិ​ទី​៤ ដែល គ.ជ.ប ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​នាំ​មុខ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទទួល​បាន​តំណែង​មេ​ឃុំ-​ចៅសង្កាត់​ចំនួន ១.១៥៦ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៤៨៩។ ​ក្រៅ​ពី​មេ​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា មាន​ជំទប់​ទី​១ ចំនួន ១.១៣៩ និង​ជំទប់​ទី​២ ចំនួន ៥១០។ រី​ឯ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​តំណែង​ជំទប់​ទី​១ ចំនួន ៥០៣ និង​ជំទប់​ទី​២ ចំនួន ១.០៨៧។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ឬ​ហៅ​ថា អង្គការ​និកហ្វិច (NICFEC) លោក សំ គន្ធាមី យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ប្រគល់​តំណែង​អនុ​ប្រធាន​ទី​១ ព្រឹទ្ធ​សភា​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ព្រោះ​តួនាទី​នេះ​សំខាន់ ត្បិត​អី​អនុ​ប្រធាន​ទី​១ នឹង​ក្លាយ​ជា​ប្រធាន​ស្តីទី​នៅ​ពេល​វត្តមាន​ប្រធាន​ព្រឹទ្ធ​សភា៖ «»។

លោក សុខ ឥសាន ព្រមាន​គណបក្ស​ប្រឆាំង​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​តួនាទី​ហួសហេតុ​​ក្នុង​ព្រឹទ្ធសភា នោះ​នឹង​មិន​ទទួល​បាន​អ្វី​ទាំង​អស់ ខណៈ​គណបក្ស​នេះ​មិន​ទាន់​ទទួល​បាន​សំឡេង​ឆ្នោត ៥០​ភាគរយ​នៅ​ក្នុង​ព្រឹទ្ធសភា​នៅ​ឡើយ។

បើ​តាម​ការ​អះអាង​នៃ​គណបក្ស​ទាំង​ពីរ ចំនួន​កៅអី​សមាជិក​ព្រឹទ្ធ​សភា​នៅ​អាណត្តិ​ទី​៤ ខាង​មុខ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រហាក់ប្រហែល​ទៅ​នឹង​ចំនួន​កៅអី​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ពេល​នេះ​ដែរ។ ក្រោយ​មាន​កិច្ច​ព្រមព្រៀង​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា និង​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ចំនួន​៥ នៅ​ក្នុង​សភា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments