RFA | សង្គម​ស៊ីវិល​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​ច្រក​របៀង​តាម​ព្រំដែន​ខ្មែរ-ថៃ​ឡើង​វិញ | hot news

By , Comment
Share on Facebook Tweet on Twitter

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​ព្រំដែន​ខ្មែរ-ថៃ ស្នើ​ឲ្យ​អាជ្ញាធរ​ពិចារណា​បើក​ច្រក​របៀង​តាម​ព្រំដែន​នោះ​ឡើង​វិញ ក្រោយ​ពី​អាជ្ញាធរ​បាន​បិទ​ជាង​កន្លះ​ខែ​មក​ហើយ​នោះ។

សមត្ថកិច្ច​តាម​ព្រំដែន មិន​ទាន់​ឆ្លើយតប​ចំពោះ​សំណើ​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​ត្រូវ​រង់ចាំ​បទបញ្ជា​ពី​ក្រសួង​ពាក់ព័ន្ធ ឬ​រដ្ឋាភិបាល​ជា​អ្នក​សម្រេច។

សង្គម​ស៊ីវិល​ធ្វើ​ការ​តាម​ខេត្ត​ជាប់​ព្រំដែន​ភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា បាន​អង្កេត​ឃើញ​ថា ការ​បិទ​ច្រក​របៀង បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រក​ស៊ី​ដោះដូរ​កសិផល និង​ធ្វើ​ការ​តិចតួច​ជាមួយ​ពលរដ្ឋ​ថៃ នៅ​តំបន់​ព្រំដែន។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៧ កក្កដា ថា ការ​បិទ​ច្រក​មួយ​រយៈពេល​នេះ ពលរដ្ឋ​ខ្លះ​បាន​ប្រឈម​នឹង​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ព្រោះ​មិន​អាច​រក​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​ដូច​មុន​បាន៖ «ដូច្នេះ​អ្នក​ធ្វើ​ការ​ព្រឹក​វិល​ល្ងាច​ហ្នឹង ប៉ះពាល់​ជីវភាព ព្រោះ​គាត់​ពឹង​លើ​ទីផ្សារ​ទៅ​កាប់​អំពៅ​នៅ​ប្រទេស​ថៃ ដើម្បី​យក​ប្រាក់​កម្រៃ មក​ដល់​ពេល​បិទ​អ៊ីចឹង គាត់​បាន​អី​ទៅ​រក​ស៊ី​បាន»

លោក​បន្ត​ថា បើ​ពឹង​លើ​ច្រក​ធំ ឬ​ច្រក​អន្តរជាតិ គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីលំនៅ​របស់​ពួក​គាត់ ត្រូវ​ចំណាយ​ពេល និង​សោហ៊ុយ​ធ្វើ​ដំណើរ​នោះ​ក៏​ច្រើន។

សមត្ថកិច្ច​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៣ កក្កដា បាន​សម្រេច​បិទ​ច្រក​របៀង​ព្រំដែន​ជាប់​ប្រទេស​ថៃ មួយ​រយៈពេល ចាប់​ពី​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​ច្រក​របៀង​ព្រំដែន​ទំនប់​ដាច់​ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ លោក រ័ត្ន វាសនា មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៣ កក្កដា ថា មូលហេតុ​ដែល​បិទ​ច្រក​នេះ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តទៅទៀត នៅ​ខណៈ​ថៃ កំពុង​តែ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​មិន​ស្រប​ច្បាប់​មក​កម្ពុជា វិញ៖ «បិទ​ទាំង​ចេញ​ទាំង​ចូល​តែ​ម្ដង មិន​អាច​ឆ្លង​កាត់​បាន​ទេ គឺ​អ្នក​ដែល​ត្រឡប់​មក​ពី​ធ្វើ (ការ) ប្រទេស​ថៃ អាច​ចូល​បាន តែ​មិន​ទៅ​មិន​បាន​ទេ។ ទំនិញ​ទាំង​របស់​ខ្មែរ និង​របស់​ថៃ ក៏​មិន​អាច​ចេញ​ចូល​បាន​ដែរ ហើយ​ពលរដ្ឋ​ដើរ​ទៅ​ទិញ​ទំនិញ​ក្នុង​ដី​ថៃ ក៏​មិន​បាន​ដែរ»

លោក ស៊ុំ ច័ន្ទគា ថា បច្ចុប្បន្ន​នេះ សកម្មភាព​ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​នោះ បាន​ស្ងប់ស្ងាត់ និង​វិល​ទៅ​រក​សភាព​ធម្មតា​វិញ​ហើយ ដូច្នេះ​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​តែ​ពិភាក្សា​កំណត់​ពេល​បើក​ច្រក​របៀង​នោះ​ឡើង​វិញ ដោយ​ផ្តល់​អាទិភាព​ដល់​ពលរដ្ឋ​ក្រីក្រ​ទៅ​ធ្វើ​ការ និង​លក់ដូរ​ទំនិញ​នៅ​ព្រំដែន​ប្រទេស​ថៃ វិល​ល្ងាច ហើយ​លោក​មិន​គាំទ្រ​ឲ្យ​មាន​អំពើ​ពុក​រលួយ បើក​ឲ្យ​ក្រុម​ឈ្មួយ​ធំៗ​នាំ​ទំនិញ​គេច​ពន្ធ ទំនិញ​ខូច​គុណភាព​ចូល​ស្រុក​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ទេ៖ «យុទ្ធសាស្ត្រ​ជៀសវាង​បិទ​ច្រក​របៀង​ហ្នឹង គឺ​ពឹង​លើ​ភាព​ស្មោះត្រង់​របស់​មន្ត្រី​នៅ​តាម​ច្រក​ហ្នឹង​ដែល​ត្រូវ​ធានា​ថា មិន​មាន​ទំនិញ​ខូច​គុណភាព​នាំ​ឲ្យ​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ ទំនិញ​គេច​ពន្ធ​ផ្សេង​ឲ្យ​ចេញ​តាម​ហ្នឹង​ត្រូវ​ធានា​ឲ្យ​បាន»

មន្ត្រី​អាជ្ញាធរ​ទទួល​បន្ទុក​ឃ្លាំ​មើល​ពលករ​ចំណាក​ស្រុក​នៅ​ច្រក​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ អ្នកស្រី ស៊ិន ណាំយ៉ុង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ថា នៅ​តំបន់​នេះ​ការ​បិទ​ច្រក​របៀង​មិន​មាន​ផល​ប៉ះពាល់​ច្រើន​នោះ​ទេ ព្រោះ​ច្រក​របៀង​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ច្រក​ធំ​ប៉ុន្មាន​ឡើយ។

សមត្ថកិច្ច​ប្រចាំ​ការ​តាម​ច្រក​ព្រំដែន​សំខាន់ៗ​ក្នុង​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ មិន​ហ៊ាន​ឆ្លើយតប​យ៉ាង​ណា​ឡើយ​ចំពោះ​សំណើ​សុំ​បើក​ច្រក​របៀង​ឡើង​វិញ​នេះ។

ច្រក​របៀង​នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ-ថៃ ភាគ​ពាយព្យ​មាន​ប្រមាណ​ជាង ៤០​ច្រក។ ការ​បិទ​ច្រក​របៀង​នេះ មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់លាស់​ថា​នឹង​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​នៅ​ពេល​ណា​នៅ​ឡើយ។

ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​នៅ​ព្រំដែន​ថៃ ភ្លាម នៅ​តាម​តំបន់​ខ្លះ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង មាន​សភាព​ស្ងប់ស្ងាត់ ពុំ​សូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments