អស់រយៈពេល ១ឆ្នាំហើយ ដែលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានជម្នះបង្កើតរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សអាណត្តិទី៦ ក្រោយពីបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត «ក្លែងក្លាយ» ធ្វើឡើងដើម្បីតែបង្គ្រប់កិច្ច ហើយត្រូវរងការរិះគន់ និងថ្កោលទោសជុំទិសនោះ។ សហគមន៍ជាតិ និងអន្តរជាតិចាត់ទុក របបថ្មីនេះ ថា ខ្វះភាពស្របច្បាប់ ហើយកំពុងទាមទារឱ្យរបបនេះងាកមកស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវឡើងវិញ។
តើអ្នកជំនាញវាយតម្លៃយ៉ាងដូចម្តេចដែរ ចំពោះស្ថានភាពដែលកម្ពុជាបានជួបប្រទះ ក្នុងរយៈពេល១ឆ្នាំក្រោយការបង្កើតរដ្ឋសភាឯកបក្ស និងរដ្ឋាភិបាលអាណត្តិទី៦ខ្វះភាពស្របច្បាប់នេះ?
មួយឆ្នាំក្រោយរបបឯកបក្សរបស់លោក ហ៊ុន សែន ជម្នះដំណើរការ បើទោះបីជាខ្វះការទទួលស្គាល់ពេញមុខពេញមាត់ពីសំណាក់សហគមន៍អន្តរជាតិនោះ អ្នកជំនាញមើលឃើញថា កម្ពុជាកំពុងតែញាំញីដោយបញ្ហាចាក់ស្រេះស្ទើរគ្រប់វិស័យ។ ពួកគេយល់ស្របគ្នាថា ប្រសិនបើគ្មានចំណាត់ការជាក់លាក់ណាមួយក្នុងការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឱ្យបានត្រឹមត្រូវឡើងវិញ ទាំងពីសហគមន៍អន្តរជាតិ និងពីប្រជាពលរដ្ឋកម្ពុជាខ្លួនឯងនោះទេ នោះហេតុការណ៍នេះ នឹងរឹតធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពកាន់តែអាក្រក់ ដែលធ្វើឱ្យប្រទេសនេះ អាចផុងខ្លួនចូលក្នុងអន្ទាក់ដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចសាជាថ្មី ដូចដែលកម្ពុជាបានហែលឆ្លងកាលពីពេលអតីតកាល។
លោក គល់ បញ្ញា អតីតនាយកប្រតិបត្តិអង្គការគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) មើលឃើញថា កម្ពុជា បានហែលឆ្លងនូវបញ្ហា និងផលប៉ះពាល់ជាអវិជ្ជមាន ចំនួន៥ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ។ ថ្លែងក្នុងវេទិកាអ្នកស្ដាប់អាស៊ីសេរី កាលពីយប់ថ្ងៃទី០៦ កញ្ញា ចំខួបគម្រប់មួយឆ្នាំនៃការជម្នះបង្កើតរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន នោះ លោក គល់ បញ្ញា ថា ផលប៉ះពាល់ទាំង៥នោះ រួមមានដូចជា ផលប៉ះពាល់ផ្នែកច្បាប់ ដោយសារតែការមិនគោរពរដ្ឋធម្មនុញ្ញជាតិ និងច្បាប់អន្តរជាតិ ព្រោះគ្មានភាពសេរីពហុបក្ស ការបន្តអូសបន្លាយវិបត្តិនយោបាយ ការរុញច្រានកម្ពុជាឱ្យធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច និងអស្ថិរភាពផ្នែកសន្តិសុខទាំងក្នុងប្រទេស និងក្នុងតំបន់ជាដើម៖ «ប្រជាពលរដ្ឋម្នាក់ៗជាបុគ្គលពីគណបក្សប្រឆាំង ពីសង្គមស៊ីវិល ពីអ្នកសារព័ត៌មាន គឺថាជួបនូវការគំរាមកំហែងជានិច្ចពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន នេះជារឿងដែលកើតឡើង ហើយការគំរាមកំហែងចេះតែកើនឡើងជានិច្ច។ មួយវិញទៀតបញ្ហាសន្តិសុខជម្លោះក្នុងតំបន់ក៏ចេះតែកើនឡើងដែរ ព្រោះបានរុញប្រទេសកម្ពុជាយើងធ្លាក់ ឬអាចប្រឈមទៅក្នុងជម្លោះនៅក្នុងតំបន់ ធ្វើឱ្យមានការបារម្ភក្នុងចំណោមប្រទេសអាស៊ាន ឬប្រទេសនានាថា ប្រទេសកម្ពុជាយើងងាកទៅរកចិន ហើយបានបង្កើននូវការទំនាក់ទំនងខាងវិស័យការពារអីជាដើម ធ្វើឱ្យប្រទេសក្នុងអាស៊ានមួយចំនួន គេមិនសប្បាយចិត្ត»។
បើតាមលោក គល់ បញ្ញា ដដែល បញ្ហាអវិជ្ជមានចុងក្រោយដែលលោកមើលឃើញ ១ឆ្នាំក្រោយការជម្នះបង្កើតរដ្ឋសភា និងរដ្ឋាភិបាលឯកបក្សខ្វះភាពស្របច្បាប់នេះ នោះគឺមានការកើនឡើងការរំលោភអំណាចកាន់តែខ្លាំងទៅលើស្ថាប័នរដ្ឋ ជាពិសេសការរំលោភដែនអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ និងកងកម្លាំងប្រដាប់អាវុធ៖ «គឺរឿងបញ្ហានៃការកើនឡើងការរំលោភអំណាចរបស់មន្ត្រីជាន់ខ្ពស់នៅក្នុងស្ថាប័នទាំងអស់នេះ ហើយនឹងការកើនឡើងនៃអំពើពុករលួយ និងការកើនឡើងនៃការលម្អៀងខាងនយោបាយ ទាំងខាងតុលាការ កងកម្លាំងប្រដាប់អាវុធ គឺថាមានបញ្ហាលម្អៀងទៅខាងនយោបាយ ធ្វើឱ្យស្ថាប័នដំណើរការមិនមានប្រសិទ្ធភាព»។
បន្ថែមលើការវាយតម្លៃរបស់លោក គល់ បញ្ញា នេះ បណ្ឌិត មាស នី មើលឃើញពីកត្តាពីរធំៗ ក្នុងរយៈពេលមួយឆ្នាំក្រោយការជម្នះបង្កើតរដ្ឋសភា និង រដ្ឋាភិបាលថ្មីមកនេះ។ កត្តាធំៗទាំងពីរនោះ លោកថា បញ្ហាប្រទាញប្រទង់នៃការរៀបចំការបោះឆ្នោត បង្កឱ្យសហគមន៍ជាតិ និងអន្តរជាតិនៅតែមិនសប្បាយចិត្ត និងការដឹកនាំប្រទេសតាមបែបឯកបក្សផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាហេតុធ្វើឱ្យរដ្ឋាភិបាលអាណត្តិថ្មីនេះ ប្រញាប់ប្រញាល់ទៅបង្កើតស្ថាប័នក្រុមប្រឹក្សាជាតិពិគ្រោះ និងផ្តល់យោបល់ ដែលជាស្ថាប័នមិនទៀងទាត់៖ «សម្រាប់មតិអន្តរជាតិ គឺគេនៅតែបង្ហាញនូវភាពមិនទុកចិត្ត ហើយក្នុងហ្នុងក៏យើងឃើញមាននូវភាពមិនសប្បាយចិត្តក្នុងចំណោមពលរដ្ឋ គាំទ្រគណបក្សប្រឆាំងផងដែរ ក្រោយពេលដែលគណបក្សរបស់ពួកគាត់ត្រូវបានគេរម្លាយ។ នេះគឺដោយសារតែការបោះឆ្នោតហ្នុង មិនមានស្ថាប័នឯករាជ្យណាមួយ ដែលចេញមុខមកអះអាងដ៏គួរឱ្យទុកចិត្តបានថា ការបោះឆ្នោតនេះពិតជាសេរី និងយុត្តិធម៌។ ទាំងនេះសុទ្ធតែជាភាពចម្រូងចម្រាស»។
អាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មតបពីមន្ត្រីនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។ ក៏ប៉ុន្តែ កាលពីថ្ងៃទី៥ កញ្ញា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ» រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ងី ចន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អះអាងថា ប្រជាធិបតេយ្យនៅកម្ពុជា កំពុងរីកដុះដាលទៅមុខជានិច្ច ពោលគឺមិនបានដើរថយក្រោយដូចការចោទប្រកាន់ពីមជ្ឈដ្ឋានមួយចំនួននោះឡើយ៖ «តាំងពីយើងបោះឆ្នោតឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ ប្រជាធិបតេយ្យយើងមានការជំរុញប្រកបដោយផ្លែផ្កា នីតិរដ្ឋ សេរីភាពគ្រប់យ៉ាងរបស់ប្រជាជន សេរីភាពរបស់សារព័ត៌មាន និងការបញ្ចេញមតិ សកម្មភាពរបស់បណ្ដាញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល និងរាល់សេវាសាធារណៈ និងសុវត្ថិភាពសំឡេងប្រឆាំងនៃការបោះឆ្នោត សុទ្ធតែបានការពារ»។
ផ្ទុយពីការអះអាងរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ លោក គល់ បញ្ញា យល់ថា សហគមន៍ជាតិ និងអន្តរជាតិ នឹងនៅតែបន្តការថ្កោលទោស និងទិតៀនជាបន្តបន្ទាប់ទៅទៀត ដែលអាចធ្វើឱ្យប្រទេសកម្ពុជា ជាពិសេសរដ្ឋាភិបាល នឹងជួបប្រទះនូវការបាត់បង់កិត្តិយស និងថា កម្ពុជាលែងជាប្រទេសមួយដែលមានការគោរពច្បាប់ និងសិទ្ធិមនុស្សត្រឹមត្រូវនោះទេ។ លោក គល់ បញ្ញា ព្រមានថា កម្ពុជានឹងជៀសមិនផុតពីបញ្ហាអស្ថិរភាពផ្នែកនយោបាយ ដោយសារការផ្ទុះការទាមទារ និងការតវ៉ាកាន់តែខ្លាំងឡើងពីសំណាក់ក្រុមនយោបាយបក្សប្រឆាំង៖ «ប៉ុន្តែឥឡូវនេះ ខ្ញុំឃើញថា ការទាមទារ ខ្ញុំឃើញកាន់តែកើនឡើងដោយសារការស្ងៀមស្ងាត់របស់គេ មិនទទួលបានលទ្ធផលនោះទេ។ ម្ល៉ោះហើយពួកគេ បង្កើននូវការទាមទារយ៉ាងខ្លាំងក្លា ដើម្បីដាក់សម្ពាធធ្វើយ៉ាងម៉េចឱ្យគេអាចបានចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យ ដំណើរការបោះឆ្នោតមួយឱ្យបានត្រឹមត្រូវនាពេលខាងមុខ។ ទាំងនេះ ខ្ញុំមើលទៅ គឺថាអាចមានផលប៉ះពាល់ខ្លាំងទៅលើបញ្ហាស្ថិរភាពនយោបាយ ដោយសារតែពួកគេនឹងអាចប្រើកម្លាំងតទល់ជាមួយនឹងកម្លាំងខាងអ្នកមានអំណាច ដើម្បីឱ្យប្រាកដប្រជាថា ពួកគេនឹងបានចូលរួមក្នុងដំណើរការនាពេលខាងមុខនេះ»។
បណ្ឌិត មាស នី ហៅហេតុការណ៍នយោបាយបច្ចុប្បន្ននេះថា កំពុងដើរដល់ដំណាក់កាលទ័លច្រក ស្របពេលដែលសហភាពអឺរ៉ុបកំពុងអនុវត្តនីតិវិធីថ្លឹងថ្លែងថា តើត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬយ៉ាងណា ខណៈសហរដ្ឋអាមេរិកឯណោះដំណើរការនីតិវិធីអនុម័តច្បាប់ដាក់ទណ្ឌកម្មរបបក្រុងភ្នំពេញ រួមមានការរឹតត្បិតទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ។ លោកថា ដំណោះស្រាយយ៉ាងណានោះ ភាគីខ្មែរនឹងចៀសមិនផុតពីការប្រឈមមុខដាក់គ្នាក្នុងពេលខាងមុខ ដែលគេមិនអាចទស្សន៍ទាយដឹងជាមុនថា នឹងមានព្រឹត្តិការណ៍អ្វីកើតមានឡើងនោះទេ៖ «រឿងសំខាន់ហ្នឹងសួរថា តើពលរដ្ឋខ្មែរខ្លួនឯងត្រូវគិត ឬទុកឱ្យអន្តរជាតិគិត? យើងដឹងហើយថា បើយើងទុកឱ្យអន្តរជាតិគិត គឺមិនមែនជារឿងរបស់គេទេ។ តែជារឿងរបស់យើង។ អ៊ីចឹងអ្វីដែលគេធ្វើ គឺគេធ្វើទៅតាមដំណើរ ទៅតាមនីតិវិធីរបស់គេ។ ដូច្នេះយើងត្រូវទទួលស្គាល់។ ខ្ញុំគិតថាការបណ្ដុះនូវគំនិតពឹងផ្អែកលើបរទេសដែលយើងមានច្រើនជំនាន់មកហើយនោះ គួរតែនាំគ្នាកាត់បន្ថយដើម្បីទុកឱកាសសម្រាប់ឱ្យខ្មែរនិងខ្មែរចេះនិយាយគ្នាផង។ ដោយសារតែយើងពឹងគេច្រើនពេកហ្នឹងហើយ ដែលយើងលែងពឹងលើគ្នាឯង លែងនិយាយរកគ្នាឯង ហើយឈ្លោះគ្នា ឈ្លោះឥតមានពេលបញ្ចប់»។
យ៉ាងណាក៏ដោយ បណ្ឌិត មាស នី ចង់ឃើញពលរដ្ឋខ្មែរបំពេញតួនាទីរបស់ខ្លួនឱ្យកាន់តែសកម្មនៅក្នុងសង្គម និងនយោបាយតាមបែបអហិង្សា តែមិនមែនតាមបែបបដិវត្តពណ៌នោះទេ ព្រោះលោកថា បើកើតមានរឿងនោះមែន បើកម្ពុជាដោះស្រាយរួចនោះ វាមិនជាបញ្ហានោះទេ តែបើដោះស្រាយមិនរួច ការណ៍នោះអាចបណ្ដាលឱ្យកម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិលបង្ហូរឈាមគ្នាគ្មានទីបញ្ចប់។ លោកស្នើឱ្យពលរដ្ឋ និងអ្នកនយោបាយខ្មែរ មិនត្រូវបណ្ដែតបណ្ដោយឱ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងស្ថានភាពភូមិសាស្ត្រនយោបាយជាថ្មីម្ដងទៀត ដែលជាការដណ្ដើមឥទ្ធិពលគ្នារបស់ប្រទេសមហាអំណាចនោះ ព្រោះលោកថា មហាអំណាចនឹងទាញកម្ពុជាឱ្យបម្រើផលប្រយោជន៍របស់ប្រទេសគេ ហើយអ្នកដែលបន្តចាញ់គឺពលរដ្ឋខ្មែរខ្លួនឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments