មនុស្សម្នាដើរកម្សាន្តមុខព្រះបរមរាជវាំង ក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៥ ដែលនៅម្ខាងទៀតនៅទន្លេសាប មានអគារសណ្ឋាគារសុខាដែលទើបសាងសង់រួចលូតផុតឡើង។ (អូន ឆេងប៉រ/VOA) |
អូន ឆេងប៉រ VOA Khmer 31 ឧសភា 2017
លោក សាយ ឈុំ ដែលជាអនុប្រធានបក្សផង និងជាប្រធានក្រុមការងារថ្នាក់មជ្ឈឹមបក្សចុះជួយរាជធានីផងនោះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងរក្សាប្រៀបឈ្នះក្នុងរាជធានីបន្តទៅទៀត ដោយហេតុថាបក្សកាន់អំណាចយូរឆ្នាំមួយនេះ បាននាំមកឱ្យប្រជាពលរដ្ឋរាជធានី នូវសេចក្ដីសុខកាយសប្បាយចិត្ត។
ភ្នំពេញ — នៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋខ្មែរពេញសិទ្ធិនៅទូទាំងប្រទេសដែរ នឹងត្រូវចេញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅទូទាំងរាជធានីដ៏ចំណាស់មួយនេះ។ តំណាងគណបក្សធំៗ សុទ្ធតែបង្ហាញជំនឿចិត្តថា ខ្លួនអាចនឹងកើបប្រមូលជ័យជម្នះបានក្នុងភូមិសាស្ត្ររាជធានីដ៏ចំណាស់មួយនេះ ខណៈដែលអ្នកវិភាគទាយទុកមុនពីការប្រកួតប្រជែងដ៏តានតឹងសម្រាប់ទីក្រុងភ្នំពេញមួយនេះ។
នៅចំពោះមុខសមាជិកបក្សនិងអ្នកគាំទ្រ ដែលប្រមូលផ្ដុំគ្នានៅកោះពេជ្រ អំឡុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី២០ ខែឧសភា លោកប្រធានព្រឹទ្ធសភា សាយ ឈុំ បានពោលសរសើរក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងរាជធានីដែលគ្រប់គ្រងដោយបក្សប្រជាជនសុទ្ធសាធ ថាបានបម្រើផលប្រយោជន៍ប្រជាជនក្នុងមូលដ្ឋានរាជធានី«ពិតៗ»។
លោក សាយ ឈុំ ដែលជាអនុប្រធានបក្សផង និងជាប្រធានក្រុមការងារថ្នាក់មជ្ឈឹមបក្សចុះជួយរាជធានីផងនោះ បានប្រកាសថា គណបក្សប្រជាជនកម្ពុជា នឹងរក្សាប្រៀបឈ្នះក្នុងរាជធានីបន្តទៅទៀត ដោយហេតុថាបក្សកាន់អំណាចយូរឆ្នាំមួយនេះ បាននាំមកឱ្យប្រជាពលរដ្ឋរាជធានី នូវសេចក្ដីសុខកាយសប្បាយចិត្ត។
លោក សាយ ឈុំ ថ្លែងទៅកាន់អ្នកគាំទ្រថា៖
«គណបក្សយើងពិតជាឈ្នះដាច់ខាត ដោយមូលហេតុ យើងមានគោលនយោបាយត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅតាមស្ថានភាពជាក់ស្ដែងនៃការអភិវឌ្ឍឃុំសង្កាត់បន្តទៅមុខទៀត»។
លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំ សង្កាត់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA) |
ដោយមិនអាចប្រកែកបាន រាជធានីភ្នំពេញជាមណ្ឌលបោះឆ្នោតតែមួយគត់នៅទូទាំងប្រទេស ដែលទទួលផល និងផ្លែផ្កាច្រើនជោគជាំពីកំណើនសេដ្ឋកិច្ចដ៏លឿនរហ័សរបស់ប្រទេស និងដែលបានប្រែក្លាយមុខមាត់ថ្មីជាមួយនឹងអគារខ្ពស់ៗ មណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម អប់រំសិក្សាធិការ និងទេសចរណ៍ ដែលស្រូបទាញនូវប្រជាជនដែលបម្លាស់ទីមកពីគ្រប់ទិសទីនៃប្រទេសចូលមករកការងារធ្វើ និងបន្តការសិក្សា។
សាលារាជធានីភ្នំពេញ ដឹកនាំដោយអភិបាលរាជធានីដែលចូលមកកាន់តំណែងនេះ តាមរយៈការចាត់តាំងស្របខ្សែបណ្ដាញពីថ្នាក់រាជរដ្ឋាភិបាលគណបក្សប្រជាជនទៅ បានដឹកនាំការដោះស្រាយនូវបញ្ហាមួយចំនួនចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដូចមានបញ្ហាស្ដារប្រព័ន្ធរំដោះទឹកជំនន់ ការជួសជុលផ្លូវនានាក្នុងក្រុង និងការដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។
ក៏ប៉ុន្តែ បើទោះជាការអភិវឌ្ឍលឿនរហ័សយ៉ាងណាក្ដី សម្រាប់គណបក្សប្រជាជន ដែលគ្រប់គ្រងរដ្ឋបាលគ្រប់ថ្នាក់ក្នុងរាជធានី តាំងពីថ្នាក់រាជធានី ដល់ថ្នាក់ភូមិសង្កាត់ តែងតែប្រឈមនឹងការគាំទ្រមិនប្រាកដប្រជាពីសំណាក់ប្រជាពលរដ្ឋនៅភ្នំពេញកាលពីការបោះឆ្នោតកន្លងមក។
ក្នុងចំណោមការបោះឆ្នោត៨លើក តាំងឆ្នាំ១៩៩៣មក ដែលមានទាំងការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតជាតិ គណបក្សដែលកាន់អំណាចយូរឆ្នាំមួយនេះ ទទួលនូវសំឡេងគាំទ្រភាគច្រើនដាច់ខាត តែបានបួនលើកប៉ុណ្ណោះគឺក្នុងឆ្នាំ២០០២ ឆ្នាំ២០០៧ ឆ្នាំ២០០៨ និងឆ្នាំ២០១២។
ក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ បក្សប្រជាជនធ្វើបានល្អបំផុត ដោយកើបប្រមូលកៅអីចៅសង្កាត់ទាំង៩៦សង្កាត់នាពេលនោះ ដែលជាពេលដែលគណបក្សសង្គ្រោះជាតិមិនទាន់មានរូបច្បាស់លាស់នៅឡើយ និងគ្រប់គ្រងសំឡេងគាំទ្រឈ្នះដាច់ដល់ទៅ ៦៣%នៃសំឡេងឆ្នោតសរុប។
កន្លងមកត្រឹមតែមួយឆ្នាំ ពោលគឺក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សប្រជាជនដែលបាត់បង់អស់កៅអីរដ្ឋសភា២២អាសនៈនៅទូទាំងប្រទេស បានចាញ់យ៉ាងធ្ងន់ធ្ងរនៅរាជធានីភ្នំពេញ ខណៈដែលបក្សសង្គ្រោះជាតិប្រមូលបានជ័យជម្នះត្រឡប់ទៅវិញជាមួយនឹងសំឡេងឆ្នោតគាំទ្រ៥៨%សម្រាប់នៅមណ្ឌលភ្នំពេញមួយ។
នេះមិនមែនជាលើកទីមួយទេ ដែលបក្សប្រជាជនមិនអាចទទួលបានការគាំទ្រច្រើនលើសលប់ នៅទីក្រុងដែលមានកំណើនអភិវឌ្ឍខ្ពស់មួយនេះ រាប់តាំងពីឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និងឆ្នាំ២០១៣ បក្សដែលមិនមែនគណបក្សប្រជាជនបានស្រូបទាញកម្លាំងគាំទ្រច្រើនជាងបក្សកាន់អំណាចមួយនេះជានិច្ច។
ហើយសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ខាងមុខនេះ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិជាបក្សជំទាស់ នឹងចូលរួមជាមួយនឹងគណបក្សផ្សេងទៀត ប្រកួតប្រជែងយកកៅអីក្រុមប្រឹក្សាសង្កាត់ចំនួន៨៩៩កន្លែង នៅ១០៥សង្កាត់ទូទាំងរាជធានីភ្នំពេញ។
ការប្រទាញប្រទង់ប្រផិតប្រផើយនៃសំឡេងគាំទ្ររបស់បក្សកាន់អំណាចនៅភ្នំពេញ គឺដោយសារតែបក្សមួយនេះបានអនុវត្តយុទ្ធសាស្ត្រទាក់ទាញសំឡេងឆ្នោត ដែលមិនមានប្រសិទ្ធភាព និងឥទ្ធិពលអ្វីជាដុំកំភួនដល់សតិអារម្មណ៍អ្នកបោះឆ្នោតក្នុងទីក្រុងឡើយ។ នេះបើតាមលោកបណ្ឌិត Markus Karbaum អ្នកជំនាញការម្នាក់ផ្នែកនយោបាយ និងសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោក Karbaum បានប្រាប់ VOA តាមសារអេឡិចត្រូនិចក្នុងន័យដើមថា៖
«នៅពេលដែលអ្នកបោះឆ្នោតមានជំនឿចិត្តកាន់តែខ្លាំងលើខ្លួនឯង ហើយអាចពិនិត្យពិច័យយ៉ាងល្អិតល្អន់ លើមេដឹកនាំដែលមានចរឹតដាច់ណាត់ (ដោយសារតែកម្រិតវប្បធម៌ពួកគេខ្ពស់) លទ្ធភាពដែលពួកគេនឹងបោះឆ្នោតជូនបក្សមិនមែនរដ្ឋាភិបាលមានកាន់តែខ្ពស់»។
អ្នកជំនាញរូបនេះបាននិយាយបន្ថែមថា អ្នកបោះឆ្នោតនៅភ្នំពេញបានទទួលព័ត៌មានគ្រប់គ្រាន់ អំពីបញ្ហានានាដែលប្រឈមឡើងចំពោះមុខពួកគេ ក្នុងពេលដែលទីក្រុងកំពុងរីកដុះដាល រួមមានបញ្ហាចរាចរណ៍ បញ្ហាចម្រូងចម្រាសនៃគម្រោងអភិវឌ្ឍដ៏ប្រទាញប្រទង់មួយចំនួនក្នុងទីក្រុងមួយនេះ និងបញ្ហាសន្តិសុខ។
ក៏ប៉ុន្តែការប្រើប្រាស់កងកម្លាំងសន្តិសុខរើសថ្មីនៅតាមខណ្ឌ ដើម្បីវាយបង្ក្រាបមិនប្រណីដៃលើការតវ៉ានានាក្នុងទីក្រុងចាប់តាំងពីក្រោយការបោះឆ្នោតមក ក្រោមហេតុផលរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បាននាំឱ្យប្រជាប្រិយភាព និងស្នាដៃកសាងនានាក្នុងទីក្រុងស្ថិតក្នុងចម្ងល់មួយថា តើអាចទទួលបានការគាំទ្រឬអត់។
លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស បានបដិសេធមិនធ្វើអត្ថាធិប្បាយសម្រាប់អត្ថបទរាយការណ៍មួយនេះរបស់ VOA ទេ ដោយថា វាមិនមានប្រយោជន៍អ្វីដែលលោកគ្រាន់តែលើកសរសើរស្នាដៃខ្លួនឯងនោះ ហើយលោកថា បើឱ្យលោកនិយាយ លោកមុខជានឹងត្រូវ«អួត»ខ្លួនឯងហើយ។
ថ្មីៗនេះ ការថ្លែងនានាអំពីគំនិតផ្ដួចផ្ដើមមួយចំនួនសម្រាប់ការគ្រប់គ្រងរាជធានីភ្នំពេញ របស់លោកអភិបាល ប៉ា សុជាតិវង្ស បានទទួលការសរសើរផង ចំអកពេបជ្រាយផង ដូចយ៉ាងការណ៍ដែលលោកចង់ឱ្យមានការបញ្ឈប់ការនាំចូលឡានជជុះដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ការហាមឃាត់សត្វសុនខមិនឱ្យឡើងសួនសាធារណៈ ការចង់ហាមមិនឱ្យមានស្ថានីយ៍ជួសជុលរថយន្តនៅក្នុងក្រុង និងការព្រមានម្ចាស់គ្រឹះស្ថានធនាគារក្នុងការដាក់ទូរដកលុយ ATM នៅកន្លែងដែលមិនមានការយាមកាមត្រឹមត្រូវ។
ការកើនឡើងនៃសំណង់អគារខ្ពស់ៗនៅបុរីកីឡា តាមបណ្តោយផ្លូវលេ១៦៩នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណា/VOA) |
លោក ហុក ឆាយឡេង ជាពលរដ្ឋម្នាក់អាយុ២២ឆ្នាំ ដែលត្រូវបោះឆ្នោតនៅក្នុងខណ្ឌទួលគោក បានឱ្យដឹងថា ការថ្លែង គំនិតផ្ដួចផ្ដើម និងក៏ដូចជាសកម្មភាពនានានៅថ្នាក់រាជធានី និងថ្នាក់ខណ្ឌ ក៏អាចមានឥទ្ធិពលមកដល់ការសម្រេចចិត្តរបស់លោកក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់នៅថ្ងៃអាទិត្យនេះដែរ។
និស្សិតឆ្នាំបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មរូបនេះ បាននិយាយប្រាប់ VOA ថា៖
«ដោយសារនេះវាស្ថិតនៅក្នុងរាងតំបន់ដែរ ដូចយើងនៅក្រុងភ្នំពេញអ៊ីចឹង ការងាររបស់អភិបាលក្រុង ការងារអី អាចប៉ះពាល់ទឹកចិត្តយើងដែរ ដោយសារតែយើងជិតដិតនឹងគាត់ យើងរស់នៅក្នុងតំបន់របស់គាត់។ បើគាត់ធ្វើការរាងពិបាកទៅ វារាងទើសទាល់ពេកទៅ យើងរាងបាក់ទឹកចិត្តដែរ យើងថា ហ្អេ៎ អត់ចង់ឱ្យគាត់នៅទៀតទេ»។
លោក ឆាយឡេង បានបន្ថែមថា ជួនកាលការថ្លែងនានារបស់ថ្នាក់ដឹកនាំរាជធានី ធ្វើឱ្យលោកមានការអស់សំណើចហើយគិតថា ជួនកាលមានអារម្មណ៍ថា ធ្វើការងារហាក់ដូចជា«ក្មេងលេង»។
ក៏ប៉ុន្តែពលរដ្ឋផ្សេងទៀតដូចជាលោក ឃុន វិសាល វ័យ៤៥ឆ្នាំ ដែលរស់នៅភ្នំពេញតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ហាក់មានក្ដីសមានចិត្ត និងកោតសរសើរចំពោះការដឹកនាំរាជធានី និងការផ្លាស់ប្ដូរមុខមាត់ថ្មីដ៏រហ័សរបស់ទីក្រុងមួយនេះ។
ថ្លែងនៅគេហដ្ឋានរបស់លោក ក្បែរវត្តប្រយូរវង្ស ក្នុងសង្កាត់ទន្លេបាសាក់ លោក វិសាល បាននិយាយថា៖
«អគារកាន់តែធំៗទៅ ជុំវិញឡើងសុទ្ធតែអគារអស់ហើយឥឡូវ ... ហ្អេ ឃើញខ្ពស់ៗអ៊ីចឹងចេះតែសប្បាយចិត្តទៅ បានកុំតែអត់មានអ្វីសោះ»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថា សកម្មភាពមួយចំនួនរបស់មន្ត្រីអនុវត្តច្បាប់នៅថ្នាក់ក្រោម ចង់មិនចង់ តែងតែបង្កនូវសតិអារម្មណ៍មិនពេញចិត្តពីចំណោមមហាជនដែលរងផលប៉ះទង្គិច ដោយលោកសំអាងហេតុផលថា គ្មានអ្នកធ្វើណាអាចធ្វើល្អឥតខ្ចោះនោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បាននិយាយថា គណបក្សបានទទួលស្គាល់នូវចំណុចឆកល្វែង ក្រោយពីទទួល«ពីរបីដំបង»ពីសំណាក់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតឆ្នាំ២០១៣ ហើយបានខិតខំកែប្រែចំណុចខ្វះខាតជាបន្តបន្ទាប់ដើម្បីទាក់ទាញការគាំទ្របន្តទៅទៀត ទាំងនៅរាជធានី ទាំងនៅទូទាំងប្រទេស។
លោក សុខ ឥសាន ថ្លែងប្រាប់ VOA ថា៖
«គណបក្សប្រជាជនដាច់ខាតត្រូវតែឈ្នះឆ្នោតហើយ ដោយសារយើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងមានឧត្តមគតិស្នេហាជាតិស្នេហាប្រជាជនពិតប្រាកដ»។
លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិ បាននិយាយថា ការកែប្រែចំណុចខ្វះខាតរបស់គណបក្សប្រជាជន ទំនងជាមិនអាចកែកុនបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅភ្នំពេញបាននោះទេ។
បន្ថែមពីនេះ លោក ម៉ន ផល្លា បាននិយាយថា ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើបក្សក្រៅរដ្ឋាភិបាលមួយនេះ បាននឹងនាំឱ្យលោកមានទំនុកចិត្តបន្ថែមទៀតក្នុងការបោះឆ្នោតថ្ងៃទី៤ ខែមិថុនាខាងមុខ ហើយលោកជឿថា ប្រជាពលរដ្ឋភ្នំពេញដែលទទួលបានព័ត៌មានគ្រប់គ្រាន់ នឹងផ្ដល់ការសម្រេចចិត្តដ៏ត្រឹមត្រូវ។
លោក ម៉ន ផល្លា បានប្រាប់ VOA ថា៖
«ខ្ញុំយល់ថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានសេដ្ឋកិច្ច មានការអប់រំ មានព័ត៌មាន មានការវិភាគ មានឧត្តមគតិ នឹងបន្តគាំទ្របោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ នាពេលខាងមុខនេះ ជាពិសេសនៅថ្ងៃទី៤ ខែមិថុនាខាងមុខនេះ នឹងធ្វើឱ្យគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញឈ្នះច្រើនភ្លូកទឹកភ្លូកដីបាទ»។
នៅថ្ងៃសុក្រ ទី២ ខែមិថុនាខាងមុខនេះ ដែលជាថ្ងៃយុទ្ធនាការចុងក្រោយ ខណៈដែលគណបក្សសង្គ្រោះជាតិ នឹងហែរបញ្ចប់យុទ្ធនាការឃោសនារបស់ខ្លួននៅភ្នំពេញ ដោយគ្រោងទុកអ្នកចូលរួម១សែននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានបក្សកាន់អំណាច បានបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់លោកតាំងពីឆ្នាំ១៩៩៨មក ដោយដាក់ចេញគម្រោងការដឹកនាំអ្នកគាំទ្រ១សែន៥ម៉ឺននាក់ កាត់ដងផ្លូវនានានៅភ្នំពេញដូចគ្នាដែរ។
ក៏ប៉ុន្តែសម្រាប់លោក Markus Karbaum ដែលជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងដែលទាយទុកថា បក្សសង្គ្រោះជាតិនឹងឈ្នះ«ភ្លូកទឹកភ្លូកដី»មិនត្រឹមតែនៅភ្នំពេញ តែក៏នៅតាមបណ្ដាទីប្រជុំជនធំៗនៅទូទាំងប្រទេសនោះ បានយល់ថា ការចេញដង្ហែរបស់លោកប្រធានបក្សប្រជាជន នឹងមិនបង្កការប្រែប្រួលខ្លាំងទេ ដល់សតិអារម្មណ៍អ្នកបោះឆ្នោតនៅភ្នំពេញ ខណៈដែលប្រជាជនមួយចំនួនបានសម្រេចចិត្តរួចទៅហើយថា នឹងបោះឆ្នោតឱ្យបក្សណានោះ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments