សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដាក់លិខិតប្ដឹងទៅព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង ស្នើអន្តរាគមន៍ករណីសមត្ថកិច្ចវាយពលរដ្ឋម្នាក់ផុងលលាដ៍ក្បាល បណ្ដាលឲ្យរបួសធ្ងន់ដេកពេទ្យអស់ជាច្រើនថ្ងៃកាលពីយប់ថ្ងៃទី១៩ ខែមេសា កន្លងទៅ។
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា មូលហេតុដែលប្ដឹង ដោយសារចង់ឲ្យស្ថាប័នតុលាការស៊ើបអង្កេតករណីនេះដើម្បីពង្រឹងការអនុវត្តច្បាប់។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការវាយប្រជាពលរដ្ឋឲ្យរងរបួសដោយសមត្ថកិច្ចនេះ ថាជាការប្រើប្រាស់កម្លាំងហួសហេតុផ្ទុយនឹងច្បាប់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍នៅថ្ងៃទី៣ ខែឧសភា ថា លោកបានដាក់ពាក្យប្ដឹងទៅព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង រួចហើយ កាលពីរសៀលថ្ងៃទី៣ ខែឧសភា។ លោកសង្កត់ធ្ងន់ថា មូលហេតុដែលប្ដឹងបញ្ហានេះ ដោយសារការអនុវត្តច្បាប់របស់មន្ត្រីប៉ូលិសស្រុកភ្នំព្រឹក ធ្វើឡើងដោយខុសច្បាប់៖ «»។
ខ្លឹមសារក្នុងពាក្យបណ្ដឹងរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បង្ហាញថា កាលពីថ្ងៃទី១៩ ខែមេសា វេលាម៉ោងប្រមាណ ៧យប់ ពលរដ្ឋឈ្មោះ លី រ៉ាស៊ា ភេទប្រុសអាយុ ៣៨ឆ្នាំ រស់នៅភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានរងរបួសជាច្រើនកន្លែងលើក្បាលដេកសន្លប់ស្ដូកស្ដឹងនៅលើកគ្រែក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ក្នុងពាក្យបណ្ដឹងឲ្យដឹងទៀតថា ប្រពន្ធជនរងគ្រោះឈ្មោះ ជាង ជ្រឿន បាននិយាយថា កាលពីថ្ងៃទី១៩ ខែមេសា នោះ គ្រួសាររបស់លោកស្រីកំពុងហូបបាយជុំគ្នានៅផ្ទះ ពេលនោះស្រាប់តែមានគេទូរស័ព្ទមកប្ដីលោកស្រី ហើយគាត់ក៏ជិះម៉ូតូចេញទៅ។ ក្រោយមកប្រជាពលរដ្ឋប្រាប់ថា ប្ដីរបស់អ្នកស្រីត្រូវមនុស្សមួយក្រុម មានទាំងសមត្ថកិច្ចផង ព្រួតគ្នាវាយ។ នៅក្នុងពាក្យបណ្ដឹងឲ្យដឹងទៀតថា ក្នុងចំណោមនគរបាលដែលវាយប្ដីលោកស្រីនោះ មានគេស្គាល់ម្នាក់ឈ្មោះ មៅ ជានគរបាលនៅអធិការដ្ឋានស្រុកភ្នំព្រឹក ជាអ្នកកាន់កាំភ្លើងខ្លីវាយទៅលើជនរងគ្រោះ និងបាញ់ចំនួន ២គ្រាប់ និងមានមនុស្សចំនួន ២នាក់ទៀតជាអ្នកចាប់ក្រៀកលោក លី រ៉ាស៊ាង។
អាស៊ីសេរី ពុំអាចទាក់ទងអធិការនគរបាលស្រុកភ្នំព្រឹក លោក សុង សុភ័ក្រ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣ ខែឧសភា ដោយលោកទទួលទូរស័ព្ទហើយតែបានបិទទៅវិញ។
ប៉ុន្តែកន្លងមក លោក សុង សុភ័ក្រ មានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកថា ពិតជាមានរឿងកើតឡើងមែន តែជាករណីបង្ក្រាបគ្រឿងញៀន។
លោកបន្ថែមថា នៅពេលបង្ក្រាបនោះ មានមន្ត្រីរបស់លោកម្នាក់ និងជនសង្ស័យម្នាក់ កំពុងប្រតាយប្រតប់គ្នា ស្រាប់តែមានអ្នកជិះម៉ូតូ ៣គ្រឿង កាន់កាំបិត ចង់ចូលជួយជនសង្ស័យទើបសមត្ថកិច្ចបាញ់ ២គ្រាប់តែម្ដង។ ចំណែកករណីដែលថា ប៉ូលិសវាយជនសង្ស័យផុងលលាដ៍ក្បាលនោះ លោក សុង សុភ័ក្រ បានបដិសេធការចោទប្រកាន់នេះ។
ទោះជាយ៉ាងនេះក្ដី សមាគមការពារសិទ្ធិមនុស្សអាដហុក សម្ដែងក្ដីបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់កម្លាំងហួសហេតុនេះ ថាផ្ទុយពីគោលការណ៍ជាមូលដ្ឋានស្ដីពីការប្រើកម្លាំង និងអាវុធ ព្រមទាំងក្រមសីលធម៌សម្រាប់មន្ត្រីអនុវត្តច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments