RFA | អភិបាល​ខេត្ត​ព្រះសីហនុ សុំ​ទោស​ចំពោះ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​កន្លង​មក | hot news

By , Comment
Share on Facebook Tweet on Twitter

អភិបាល​ខេត្ត​ព្រះសីហនុ និង​អង្គភាព​រដ្ឋាករ​ទឹក​ អះអាង​ថា បញ្ហា​កង្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ នៅ​ទី​ប្រជុំ​ជន​ក្រុងព្រះសីហនុ ទំនង​ជា​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ព្រោះ​ពេល​នេះ​អ្នក​បច្ចេកទេស​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​នេះ​ បាន​តភ្ជាប់​បណ្ដាញ​ចែក​ចាយ​ទឹក​មាន​ទំហំ​ទុយយោ​ធំ បាន​មួយ​ចំនួន និង​ដាក់​ឲ្យ​ដំណើរ​ការ​ចែកចាយ​ទឹក​វិញ​ហើយ។

បញ្ហា​ខ្វះខាត​ទឹក​ប្រាស់​នេះ អភិបាលខេត្ត​ព្រះសីហនុ ក៏​បាន​សុំ​អភ័យទោស​ពី​ប្រជាពល​រដ្ឋ​ ដែល​ក្នុង​ប៉ុន្មាន​ខែ​មក​នេះ មិន​មាន​ទឹក​ស្អាត​ប្រើប្រាស់​ឲ្យបាន​គ្រប់​ចំនួន។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​អះអាង​ថា ​កំពុង​ជំរុញ​ដល់​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​នេះ ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ឲ្យ​ពន្លឿន​ត​ភ្ជាប់​បណ្ដាញ​ចែក​ចាយ​ទឹក​ស្អាត ​ផ្ដល់​ជូន​ប្រជា​ពលរដ្ឋ​អាច​ប្រើប្រាស់​ឲ្យ​បាន​គ្រប់​ចំនួន​ឡើងវិញ។

លោក​បន្ត​ថា​​​ បច្ចុប្បន្ន​នេះ​អ្នក​បច្ចេកទេស​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​​ត​ភ្ជាប់​បណ្ដាញ​ទឹក​មេ ​មាន​ទុយយោ​ទឹក​មាន​ទំហំ​ធំ ចេញ​ពី​តំបន់​ក្បាល​ឆាយ ឆ្ពោះ​ទៅ​កាន់​ស្ថានីយ​អាង​ស្តុក​ទឹក​នៅ​តំបន់​វត្ត​លើ ស្ថិត​ក្នុង​ក្រុងព្រះសីហនុ​រួច​រាល់​ជា​ស្ថាពរ​ហើយ៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​ប្រឹងប្រែង​ខ្លាំង​ណាស់​រឿង​ទឹក​នេះ ហើយ​ការ​ផលិត​ទឹក​ស្អាត ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ គឺ​ទឹក​មិន​ខ្វះ​ទេ​នៅ​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​បញ្ហា​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​បញ្ហា​ទុយយោ​ចែកចាយ​ទឹក មាន​ទំហំ​តូច តែ​ពេល​នេះ​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ ក៏​ដូច​ជា រដ្ឋបាល​ខេត្ត​កំពុង​តែ​ជំរុញ​ឲ្យ​ត​ភ្ជាប់​បណ្ដាញ​ចែកចាយ​មាន​ទំហំ​ទុយយោ​។ រឿង​បញ្ហា​ទឹក​នេះ ដល់​ពេល​អ្នក​បច្ចេកទេស​ត​ភ្ជាប់​ទុយយោ​ធំ​រួច​ហើយ គឺ​មិន​មាន​បញ្ហា​ចែកចាយ​ទឹក​ជូន​ពលរដ្ឋ​ប្រើប្រាស់​ទៀត​ទេ ព្រោះ​ការ​ផលិត​ទឹក​មាន​មិន​ខ្វះ​ទេ​នៅ​ខេត្ត​ព្រះសីហនុ»

ទាក់ទិន​បញ្ហា​នេះ​ប្រធាន​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ ​ លោក ផន រតនៈ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បណ្ដាញ​ចែកចាយ​ទឹក​បំពាក់​ដោយ​ទុយយោ​ទឹក​មាន​ទំហំ​ធំ បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៩​ នេះ​រួចមក គឺ​អាង​ស្តុក​ទឹក​មាន​ទី​តាំង​នៅ​ចំណុច​វត្ត​លើ ក្នុង​ក្រុង​ព្រះសីហនុ គឺ​មាន​ចំនួន​២អាង ដែល​​អាច​ផ្ទុក​ទឹកបាន ១.០០០ ម៉ែត្រគីប សម្រាប់​បង្ហូរ​ទឹក​ទម្លាក់​ទៅ​កាន់​ទី​ប្រជុំ​ជន ក្នុង​ក្រុង​ព្រះសីហនុ។

លោក​អះអាង​ថា​ រាល់​ថ្ងៃ​នេះ ការ​ផ្តត់ផ្គង់​ទឹក​សម្រាប់​តម្រូវ​ការ​ប្រើប្រាស់​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ មួយ​ផ្នែក គឺ​ពឹង​ផ្អែក​ទៅ​លើ​ការ​ផលិត​ទឹក​ស្អាត របស់​ក្រុមហ៊ុន អាន​កូ មាន​ទី​តាំង​នៅ​តំបន់​ក្បាល​ឆាយ។ ដូច្នេះ​តម្រូវ​ការ​ទឹក​ប្រើ​ប្រាស់​គ្រប់​ចំនួន ឬ​ខ្វះ​ទឹក​ប្រាស់ គឺ​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត​ធំ គឺ​ចែកចាយ​មក​ពី​ក្រុមហ៊ុន​ អានកូ ជា​អ្នក​ផ្ដល់​ជូន​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​កង្វះ​ទឹក​ស្អាត ប្រសិន​បើ​ក្រុមហ៊ុន អានកូ មិន​ទម្លាក់​ទឹក ឲ្យ​បាន​គ្រប់​ចំនួន​ទេ៖ «ការងារហ្នឹងទី១ដង្ហើយនៅលើក្រុមហ៊ុនអានកូ ហើយ​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ​ជា​អ្នក​ដក។ ខ្ញុំ​និយាយ​ថា ដង្ហើម​នៅ​លើ​គេ​មាន​ន័យ​ថា ទឹក​នៅ​លើ​គេ វ៉ាន​នៅ​លើ​គេ និង​អ្វីៗ គ្រប់​បែប​យ៉ាង​ទៀត ក៏​នៅ​លើ​ក្រុមហ៊ុន អានកូ ដែរ។ ហើយ​ខាង​យើង​ចាំ​ទទួល​ជាវ​ទាំង​ដុំ ហើយ​ក្នុង​ករណី​ដែល​ក្រុមហ៊ុន អានកូ ពង្វាង​ទឹក​ដុំ​មិន​ផ្ដល់​ឲ្យ​មក​រដ្ឋាករ​ទឹក​យើង​ទាំង​ដុំ គឺ​មាន​បញ្ហា​ហើយ​ កង្វះ​ទឹក​ប្រើប្រាស់​នៅ​ក្រុង​ព្រះសីហនុ​នោះ។ ការ​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​នៅ​ក្រុង​ព្រះសីហនុ គឺ​មិន​មែន​​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ​ជា​អ្នក​បង្កើត​ឧបសគ្គ​នោះ​ទេ ប៉ុន្តែ​បើ​ក្រុមហ៊ុន អានកូ គាត់​ចង់​បង្កើត​ឧបសគ្គ​លើ​បញ្ហា​ចែកចាយ​ទឹក​នេះ គឺ​នឹង​មាន​ឧបសគ្គ​កើត​ឡើង​ភ្លាម ក្នុង​លក្ខខណ្ឌ​នេះ។ ប៉ុន្តែ​បញ្ហា​នេះ យើង​មិន​ហ៊ាន​ឆ្លើយ​ដាក់​ក្រុមហ៊ុន អានកូ ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​ស្ថានភាព​ហ្នឹង​វា​អាច​ទៅ​ជា​អ៊ីចឹង»

លោក ផន រតនៈ ឲ្យ​ដឹង​ទៀត​ថា​ តម្រូវ​ការ​ប្រើប្រាស់​ទឹក​នៅ​ទូទាំង​ក្រុង​ព្រះសីហនុ មាន​ចំនួន​ជិត ៤ម៉ឺន​ម៉ែត្រ​គីប ហើយ​ចំពោះ​ការ​ផលិត​ទឹក​ស្អាត របស់​រដ្ឋាករ​ទឹក​ខេត្ត​នេះ មាន​ចំនួន​ជិត ២ម៉ឺន​ម៉ែត្រ​គីប ហើយ​សល់​ពី​នេះ​អង្គភាព​ទិញ​បន្ត​បន្ត​ពី​ក្រុម​ហ៊ុន​ អានកូ។

លោក​បន្ត​ថា កង្វះ​ខាត​ទឹក​ស្អាត​ប្រើប្រាស់ នៅ​ក្នុង​ក្រុង​ព្រះសីហនុ រាល់​ថ្ងៃ​នេះ គឺ​បណ្ដាល​មក​ពី​បំពង់​ទុយយោ​ចាស់ៗ មាន​ទំហំ​តូច និង​បែក​ធ្លាយ​ច្រើន​កន្លែង ដែល​ជា​ដើម​ហេតុ​ធ្វើ​ឲ្យកម្លាំង​ទឹក​បញ្ជូន​ចេញ​ខ្សោយ​ និង​មិន​មាន​ទឹក​គ្រប់គ្រាន់​តាម​តម្រូវ​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ៖ រតន៖ «តម្រូវ​ការ​ទឹក​ប្រើប្រាស់ នៅ​ក្នុង​ក្រុង​ព្រះសីហនុ​រាល់​ថ្ងៃ​នេះ គឺ​ត្រូវ​ការ​ទឹក​ស្អាតចំនួន ៣ម៉ឺន ៨ ​ពាន់​ម៉ែត្រ​គីប។ ប៉ុន្តែ​ទឹក​ដែល​ផ្គត់ផ្គង់​រាល់​ថ្ងៃ​នេះ មាន​ចំនួន​ចន្លោះ​ពី ២ម៉ឺន ៧ពាន់ ទៅ ២ម៉ឺន ៩ពាន់​ម៉ែត្រ​គីប ហើយ​ទឹក​ដែល​បូម​យក​មក​ស្តុក​ក្នុង​អាង​មាន​ការ​កើន​ឡើង​បន្ត​នា​ពេល​នេះ គឺ​មាន​ចំនួន​ដល់ ២ម៉ឺន ៩ពាន់​ម៉ែត្រ​គីប ហើយ​បើ​គិត​ពី​ការ​ខ្វះ​ខាត​ទឹក​វិញ គឺ​នៅ​ខ្វះ​ប្រហែល ១ពាន់ម៉ែត្រគីប ឬ១ម៉ឺន ១ពាន់ម៉ែត្រ​គីប​ទៀត​ទេ នឹង​គ្រប់​ចំនួន​ហើយ។ ជា​ធម្មតា​អង្គ​ភាព​រដ្ឋាករ​ទឹក​ខេត្ត​យើង នៅ​បម្រើ​សេវាកម្ម​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​ស្រប​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ដាក់​ចេញ ​គឺ​នៅ​ជួយ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ជា​ប្រចាំ»

ទោះ​ជា​បែប​នេះ​ក្តី ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ទីប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ បាន​រិះគន់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​នេះ ដែល​មិន​អាច​ផ្គត់ផ្គង់​ទឹក​ចែក​ចាយ​ប្រើ​ប្រាស់​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ក្នុង​ប៉ុន្មាន​ខែ​មក​នេះ។

ក្រុមប្រជាពលរដ្ឋរស់នៅសង្កាត់លេខ១ ​សង្កាត់លេខ២ និងសង្កាត់លេខ៣ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មូលដ្ឋាន​នេះ​ខ្វះ​ទឹក​ប្រើប្រាស់​អូស​បន្លាយ​ពេល​ប្រមាណ ៦ខែ​មក​នេះ ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន រស់​នៅ​មូលដ្ឋាន​នេះ ​ចាប់​ផ្ដើម​បុក​អណ្ដូង ឬ​ខួង​អណ្ដូង ដើម្បី​យក​ទឹក​ប្រើប្រាស់។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ ប្រជាពលរដ្ឋ​ទទួល​ស្គាល់​ថា​ ទឹក​បាន​ចាប់​ផ្ដើម​បើក​ចេញ យក​មក​ប្រើប្រាស់​ឡើង​វិញ ចាប់ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ នេះ៖ «គេ​បុក​អណ្ដូង​ទឹក​ច្រើន​ណាស់​ប្រជា​ពលរដ្ឋ​រស់​នៅ​ម្ដុំ​សង្កាត់​ខ្ញុំ​រស់​នៅ​នេះ គឺ​នាំ​គ្នា​បុក​អណ្ដូង​ស្ទើរ​តែ​គ្រប់​ផ្ទះ​អស់​ហើយ ព្រោះ​ដោយសារ​ទឹក​នៅ​ម្ដុំ​ខ្ញុំ​រស់​នៅ​សង្កាត់​លេខ២ និង​សង្កាត់​លេខ២ នេះ​ដាច់​ទឹក​ខ្លាំង​ពេក។ ប៉ុន្តែ​ពេល​នេះ​ទឹក​បាន​ចេញ​វិញ​ហើយ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ»

យ៉ាង​នេះ​ក្តី លោក យន្ត​ មីន អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កំពុង​ជំរុញ​ដល់​អ្នក​បច្ចេកទេស​អង្គភាព​រដ្ឋាករ​ទឹក​ខេត្ត​នេះ ឲ្យ​បង្កើន​សកម្មភាព​ចុះ​ត​បណ្ដាញ​មេ ដើម្បី​ចែកចាយ​ទឹក​ស្អាត ឲ្យបាន​ច្រើន​ ដោយ​ប្ដូរ​ពី​ទុយយោ​ចែកចាយ​ទឹក​មាន​ទំហំ​តូច​ ផ្លាស់​ទៅ​ដាក់​ទុយយោ​មាន​ទំហំ​ធំ​ជំនួស​វិញ​ ឲ្យ​បាន​ឆាប់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments