RFA | អ្នក​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​​នៅ​អូស្ត្រាលី​បារម្ភ​ពី​កម្ពុជា កាន់តែ​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី និង​មន្ត្រី​បក្ស​ប្រឆាំង បង្ហាញ​ក្តី​ព្រួយបារម្ភ​ដូចៗ​គ្នា​ថា ប្រទេស​កម្ពុជា នឹង​កាន់តែ​ធ្លាក់​ចូល​ជ្រៅ​ក្នុង​វិបត្តិ​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដូច​អតីតកាល ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​គោរព​និង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ ពួកគាត់​បាន​លើកឡើង​ក្តី​ព្រួយបារម្ភ​ទាំងនេះ នៅក្នុង​ពិធី​ប្រារព្ធ​ខួប​៣៣​ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅ​វត្ត​ខ្មែរ​ក្នុង​ទីក្រុង​ម៉ែលប៊ន (Melbourne) នៅ​ព្រឹក​ថ្ងៃទី​២៧ ខែតុលា។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី បាន​ជ្រើសរើស​យក​ថ្ងៃអាទិត្យ ទី​២៧ ខែ​តុលា ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ពី​ការងារ​ដើម្បី​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅក្នុង​វត្ត​ពុទ្ធរង្សី​ក្រុង​ម៉ែលប៊ន។ ការ​ប្រារព្ធ​ខួប​នេះ រៀបចំ​ដោយ​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឬ​ហៅថា អង្គការ​២៣ តុលា។ ពិធី​នេះ មាន​ការ​ចូលរួម​ពី​តំណាង​សហគមន៍​ខ្មែរ​ល្បីៗ តំណាង​អង្គការ​ពាក់ព័ន្ធ តំណាង​គណបក្ស​នយោបាយ​មួយចំនួន ដូចជា​អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ព្រមទាំង​ពលរដ្ឋ​ប្រមាណ ១០០នាក់។

ដូច​រាល់​ឆ្នាំ​ដែរ ការ​ប្រារព្ធ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ប្រជាពលរដ្ឋ​ខ្មែរ អ្នក​នយោបាយ​បក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ មិនបាន​បង្ហាញ​អារម្មណ៍​រីករាយ​នោះ​ទេ ព្រោះ​ពួកគាត់ កំពុង​បារម្ភ​អំពី​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត កាន់តែ​បង្កើន​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ជាតិខ្មែរ​បែកបាក់ និង​ដើរ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​អាក្រក់​ឡើងវិញ។

ប្រធាន​អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក អ៊ិន ណាត ថ្លែង​ថា ការ​ជួប​ជុំគ្នា​ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពិតជា​មានតម្លៃ និង​ជា​សក្ខីភាព​នៃ​ការ​ផ្តល់​តម្លៃ​ដល់​កិច្ចព្រមព្រៀង​ជា​អន្តរជាតិ​មួយ​នេះ និង​ជា​ការ​យកចិត្តទុកដាក់​ឈឺឆ្អាល​ដល់​មាតុ​ភូមិកំណើត​របស់​ខ្លួន។ លោក​បន្ត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ គឺ​មាន​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​ដែល​បាន​ជួយ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម ទៅជា​ប្រទេស​ដែល​មាន​សន្តិភាព ប្រជាធិបតេយ្យ ការ​ឯកភាព​ជាតិ និង​បង្រួបបង្រួម​ជាតិ ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា​សម្រាប់​ខ្មែរ​គ្រប់​ជំនាន់។ ប៉ុន្តែ​លោក​ថា ជា​រឿង​សោកស្តាយ​ដែល​រដ្ឋាភិបាល​ឪពុក​កូន គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ព្យាយាម​លុបបំបាត់​កិច្ចព្រមព្រៀង​នេះ ដោយសារ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ​តវង្ស​ត្រកូល។

លោក អ៊ិន ណាត៖ «ជា​ការ​សោកស្តាយ​ណាស់​ដែល​រដ្ឋាភិបាល​មិនបាន​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ឲ្យ​បាន​ត្រឹមត្រូវ។ យើង​ឃើញ​ហើយ​កម្ពុជា បាន​ជួប​វិបត្តិ​ផ្ទួនៗ​ដូចជា​វិបត្តិ​នយោបាយ វិបត្តិ​សង្គម និង​វិបត្តិ​សេដ្ឋកិច្ច​។​មកដល់ពេលនេះ សូម្បី​អ្នកទេសចរ ក៏​គេ​មិន​ហ៊ាន​ធ្វើដំណើរ​ទៅ​លែង​កម្ពុជា​ហើយ។ មេដឹកនាំ​ប្រើប្រាស់​អំណាច​តាមតែ​អំពើ​ចិត្ត។ នេះ​ហើយ​ដែល​នាំ​ឲ្យ​មាន​អំពើពុករលួយ​ពេញទំហឹង​នៅ​កម្ពុជា។ ការ​ដាក់​ទណ្ឌកម្ម​ក៏​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​យើង​ចុះ​ខ្សោយ​ដែរ​។​ប្រជាជន​គ្មាន​ការងារ​ធ្វើ។ រោងចក្រ​បិទទ្វារ​ជា​បន្តបន្ទាប់ តែ​ប្តូរ​មកវិញ​នូវ​ការ​ឆបោក​តាម​អនឡាញ ការ​ចាប់​ជំរិត ការ​ជួញដូរ​មនុស្ស និង​ជួញដូរ​គ្រឿងញៀន ហើយ​បណ្តេញ​ប្រជាពលរដ្ឋ​ចេញពី​ដីធ្លី​ដោយ​គ្មាន​សំណង»

លោក អិន ណាត និង​អ្នកចូលរួម ក៏​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​សហការី ព្រមទាំង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជិត ១០០​នាក់​ផ្សេងទៀត។ ពួកគាត់ យល់​ថា សកម្មជន​ដែល​កំពុង​ជាប់ឃុំ​ទាំងនេះ ប្រសិនបើ​នៅ​ប្រទេស​អូស្ត្រាលី ឬ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងទៀត នឹង​ទទួល​បាន​ពានរង្វាន់​ថ្នាក់​ជាតិ ពោល​គឺ​មិនមែន​ផ្តល់​គុក​ច្រវាក់​ដូច​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នោះ​ទេ។

អនុប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក សុន ឆ័យ ថ្លែង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​បាន​ជួយ​ឲ្យ​កម្ពុជា បិទ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ជាមួយគ្នា ប៉ុន្តែ​ដើម្បី​ធានា​ឲ្យ​កម្ពុជា​មាន​សន្តិភាព​យូរអង្វែង​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ កម្ពុជា ត្រូវ​គោរព​សិទ្ធិមនុស្ស ប្រកាន់ខ្ជាប់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ត្រូវ​កសាង​ស្ថាប័ន​ជាតិ​ដូចជា​ស្ថាប័ន​តុលាការ រួម​ទាំង​ស្ថាប័ន​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​បាន​រឹងមាំ និង​ឯករាជ្យ ដើម្បី​បម្រើ​និង​ការពារ​ប្រជាពលរដ្ឋ។ ទោះជា​យ៉ាងណា លោក​ពិនិត្យ​ឃើញ​ថា គោលការណ៍​គ្រឹះ​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ពុំ​ត្រូវ​បាន​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ។ ប៉ុន្តែ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ជឿ​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ងាក មក​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ​វិញ ប្រសិនបើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស​បន្ត​តស៊ូ​មតិ​កាន់តែ​ខ្លាំង។

លោក សុន ឆ័យ៖ «ពិត​ណាស់​! ដោយសារតែ​មេរៀន​អតីតកាល​ដ៏​ជូរចត់​នេះ​ហើយ​បានជា​ទាំង​ភាគី​អន្តរជាតិ ទាំង​ភាគី​ខ្មែរ​ខ្លួនឯង​ជា​អ្នក​អនុវត្ត​អំពើ​កាប់សម្លាប់ ជាត​ស៊ូ​អំណាច​ដោយ​អំពើ​ហិង្សា​នេះ​សុខចិត្ត​ទទួល​ស្គាល់​ថា មានតែ​លទ្ធិប្រជាធិបតេយ្យ​នេះ​ទេ ដែល​អាច​ធានា​សុខ​សន្តិភាព​យូរអង្វែង។ ដូច​បាន​ជម្រាប​អ៊ីចឹង​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​សុខ​សន្តិភាព​យូរអង្វែង យើង​ត្រូវតែ​គោរព​សិទ្ធិមនុស្ស ត្រូវ​តែ​ពង្រឹង​ស្ថាប័ន​ជាតិ ឲ្យ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ។ កុំ​ឲ្យ​ស្ថាប័ន​ជាតិ​ទៅ​បម្រើ​អំណាច​ក្រុម​ខ្លួន ឬ​បក្ខពួក​ខ្លួន»

ទន្ទឹម​គ្នា​នេះ ប្រធាន​សមាគម​ខ្មែរ លោក ជា យូហ៊ន និង​អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​កំណើត​ខ្មែរ លោក ហុង លីម ព្រមទាំង​វាគ្មិនៗ​ផ្សេងទៀត បាន​ឡើង​បញ្ចេញមតិ​ម្នាក់​ម្តង​ប្រហាក់ប្រហែល​គ្នា​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​តម្លៃ​សម្រាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល។ ប៉ុន្តែ​ពួកគាត់ សោកស្តាយ​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​រដ្ឋធម្មនុញ្ញ​ពេញលេញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ បន្ត​រងគ្រោះ រស់នៅ​គ្មាន​សិទ្ធិ​សេរីភាព និង​បែកបាក់​ជាតិ ហើយ​ប្រទេស​កម្ពុជា បាត់បង់​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដូច​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការ​ដាក់​ខេត្ត​ខ្មែរ​ចំនួន​៤​ក្នុង​គម្រោង​រកស៊ី​រួមគ្នា​ជាមួយ​វៀតណាម (Vietnam) និង​ឡាវ (Lao) ពួកគាត់​យល់ស្រប​គ្នា​ថា មធ្យោបាយ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ត្រកូល «ហ៊ុន» អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ គឺ​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស ត្រូវតែ​សកម្ម និង​រួបរួម​តស៊ូ​មតិ​ជាមួយគ្នា។

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ដើរ​ប្រាសចាក​ច្រើន​ពី​គោលការណ៍​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដោយសារ​រដ្ឋាភិបាល​ឪពុក​កូន​គឺ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បន្ត​ធ្វើទុក្ខបុកម្នេញ និង​បង្ក្រាប​ឥត​ឈប់ឈរ​ទៅ​លើ​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​ឯករាជ្យ សហជីព​និង​សកម្មជន​បរិស្ថាន ជាដើម ហើយ​រៀបការ​បោះឆ្នោត​ក្លែងក្លាយ ដើម្បី​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន។

លោក ស៊ឹង សែនករុណា៖ «ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​គេ​រស់នៅ​ដោយ​ក្តី​សុខ គឺ​គេ​ធានា​នូវ​ប្រព័ន្ធ​សុវត្ថិភាព សន្តិសុខ ការអនុវត្ត​ច្បាប់​អី​ផ្សេងៗ​គឺ​មាន​ភាព​ល្អ​ប្រសើរ មានការ​ទទួលខុសត្រូវ​ខ្ពស់។ បើ​យើង​មើល​ប្រទេស​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​អំណាច​មិនអាច​ស្ថិត​នៅ​លើ​មេដឹកនាំ​ប្រទេស​ទេ គឺ​អំណាច​នៅក្នុង​ដៃ​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ គឺជា​ម្ចាស់​ប្រទេស​ម្ចាស់​វាសនា​របស់​ខ្លួនឯង។ តែ​ប្រសិនបើ​ប្រទេស​មិន​បាន​ដើរ​តាម​ប្រជាធិបតេយ្យ ដូច្នេះ​គឺ​ប្រជាពលរដ្ឋ នឹង​ក្លាយទៅជា​កញ្ជេះ ឬ​អ្នកបម្រើ​ឲ្យ​អ្នកនយោបាយ ឬ​ហៅ​ថា ដឹកច្រមុះ​តាមចិត្ត។ការដឹកនាំ​របៀប​នេះ​មិន​រីកចម្រើន​ទេ គឺ​រីកចម្រើន​តែ​មេដឹកនាំ​ប្រទេស​មួយ​ក្តាប់​តូច និង​ក្រុម​គ្រួសារ​មេដឹកនាំ​ដូចដែល​យើង​មើលឃើញ​សព្វថ្ងៃ»

ក្រោយពី​ការ​ឡើង​សម្ដែង​មតិ​របស់​វាគ្មិន​រួច អង្គការ​សម្ពន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ក៏បាន​រៀបចំ​វេទិកា​ពិភាក្សា​គ្នា​ដើម្បី​ប្រមូល​មតិយោបល់ ពី​អ្នក​ចូលរួម​ទាក់ទង​នឹង​វិធីសាស្ត្រ​ទាមទារ​ឲ្យ​រដ្ឋាភិបាល ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឲ្យ​ស្របតាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ពួកគាត់​ភាគច្រើន​បាន​ផ្ដោត​ទៅ​លើ​ការ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ ចូលរួម​ឈឺឆ្អាល​បញ្ហា​ប្រទេសជាតិ​ឲ្យ​កាន់តែ​សកម្ម ហើយ​បញ្ឈប់​ខ្វែងគំនិត ឬ​បែកបាក់​គ្នា​ហើយ​ងាក​មក​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ឡើងវិញ ដើម្បី​តតាំង​នឹង​ការដឹកនាំ​បែប​ផ្ដាច់ការ​របស់​រដ្ឋាភិបាល​ត្រកូល «ហ៊ុន»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments