អង្គការតម្លាភាពកម្ពុជានឹងដាក់អ្នកសង្កេតការណ៍ជាង១ពាន់នាក់ទូទាំងប្រទេស
ដោយ ថា កិត្យា RFA 2017-05-29
នៅថ្ងៃបោះឆ្នោតឃុំ-សង្កាត់ថ្ងៃទី៤ ខែមិថុនា ខាងមុខ អង្គការតម្លាភាពកម្ពុជា នឹងដាក់ពង្រាយអ្នកសង្កេតការណ៍ជាង ១ពាន់នាក់ទូទាំងប្រទេស ដើម្បីកត់សម្គាល់ភាពមិនប្រក្រតីដែលអាចកើតមានជាយថាហេតុនៅអំឡុងថ្ងៃបោះឆ្នោត។ អង្គការតម្លាភាពកម្ពុជា បញ្ជាក់ថា ការចូលរួមសង្កេតការណ៍បោះឆ្នោតឃុំ-សង្កាត់នេះ គឺដើម្បីទប់ស្កាត់អំពើពុករលួយនយោបាយ។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយនយោបាយ ហើយនិងលើកកម្ពស់សុចរិតភាព និងតម្លាភាពនៃដំណើរការបោះឆ្នោតឃុំ-សង្កាត់នៅកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ អង្គការតម្លាភាពកម្ពុជា នឹងត្រៀមបញ្ជូនអ្នកសង្កេតការណ៍ចំនួន ១.១០០នាក់ទៅការិយាល័យបោះឆ្នោតចំនួន ៤១០ការិយាល័យជាសំណាកដែលអាចតំណាងឲ្យលទ្ធផលនៅទូទាំងប្រទេស។
ការសង្កេតការណ៍របៀបនេះ លោក ព្រាប កុល ហៅថាជាវិធីសាស្ត្រសង្កេតការណ៍ដោយផ្អែកលើសំណាកតាមវិទ្យាសាស្ត្រស្ថិតិ ហៅកាត់ថា អែស.ប៊ី.អូ (SBO) ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ថាជាវិធីសាស្ត្រសង្កេតការណ៍បោះឆ្នោតដែលមានលក្ខណៈវិទ្យាសាស្ត្រ ត្រឹមត្រូវ និងអាចជឿទុកចិត្តបាន៖ «គោលបំណងដែលអង្គការតម្លាភាពធ្វើការសង្កេតការណ៍បោះឆ្នោត គឺដោយសារយើងមើលឃើញថា ភាពមិនប្រក្រតីនៃការបោះឆ្នោត ការលួចបន្លំសន្លឹកឆ្នោត គឺជាអំពើពុករលួយនយោបាយ ដែលយើងមានភារកិច្ចក្នុងការចូលរួមលុបបំបាត់ ហើយលើកកម្ពស់តម្លាភាព និងសុចរិតភាពនៃដំណើរការបោះឆ្នោត»។
ការលើកឡើងនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីការវិភាគទិន្នន័យនៃការបោះឆ្នោត និងវិធីសាស្ត្រសម្គាល់មើលភាពមិនប្រក្រតីដែលអាចកើតមានជាយថាហេតុនៅថ្ងៃបោះឆ្នោត ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ (SUNWAY) នៅព្រឹកថ្ងៃទី២៩ ខែឧសភា។
លោក ព្រាប កុល បញ្ជាក់ថា ពុករលួយនយោបាយ គឺសំដៅទៅលើការរំលោភសិទ្ធិអំណាច ការជ្រៀតជ្រែកស្ថាប័នផ្សេងៗដោយប្រើប្រាស់អំណាចលើសពីតួនាទីរបស់ខ្លួន ការប្រើលុយទិញសន្លឹកឆ្នោតតាមរូបភាពណាមួយ បញ្ហាលួចសន្លឹកឆ្នោត និងបន្លំសន្លឹកឆ្នោត និងភាពមិនប្រក្រតីធំៗដែលអាចជះផលប៉ះពាល់ដល់លទ្ធផលបោះឆ្នោត ជាដើម គឺសុទ្ធតែពុករលួយនយោបាយ។ ពុករលួយនយោបាយនេះ លោកបញ្ជាក់ថានាំឲ្យពុករលួយដទៃទៀត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា រូបនេះពន្យល់ដែរថា តួនាទីរបស់អ្នកសង្កេតការណ៍នៅថ្ងៃបោះឆ្នោតនោះ គឺពួកគេនឹងពិនិត្យមើលតាំងពីការបើកការិយាល័យបោះឆ្នោត ការបោះឆ្នោត ការបិទការិយាល័យបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត។ លោកបញ្ជាក់ដែរថា ការិយាល័យបោះឆ្នោតមិនបើកទ្វារឲ្យអ្នកសង្កេតការណ៍ចូល ការមិនបង្ហាញហិបឆ្នោតមុនពេលចាប់ផ្ដើមបោះឆ្នោត ការបាត់បង់សម្ភារបោះឆ្នោត ការឃោសនានៅថ្ងៃបោះឆ្នោត ការប្រើហិង្សា បញ្ហាគំរាមកំហែង ការបន្លំ និងការទិញសន្លឹកឆ្នោត ការប្រមូល ឬដឹកពលរដ្ឋទៅបោះឆ្នោត មានការរំខានដល់ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាដើម គឺសុទ្ធតែជាភាពមិនប្រក្រតីដែលអ្នកសង្កេតការណ៍យកចិត្តទុកដាក់ពិនិត្យមើល និងកត់ត្រាទុកយ៉ាងលម្អិត។
អ្នកសង្កេតការណ៍ ត្រូវផ្ញើសារទៅតាមពេលវេលាជាក់លាក់មួយមកមជ្ឈមណ្ឌលទិន្នន័យ ដើម្បីធ្វើការវិភាគ ហើយនិងធ្វើការវាយតម្លៃទៅលើដំណើរការរៀបចំការបោះឆ្នោតជូនទៅសាធារណជន និងអ្នកពាក់ព័ន្ធ។
អង្គការតម្លាភាពកម្ពុជា បញ្ជាក់ថា វិធីសាស្ត្រសង្កេតការណ៍តាមបែបវិទ្យាសាស្ត្រមួយនេះមានគោលបំណងធំ៣ គឺទី១ រកភាពមិនប្រក្រតីនៃដំណើរការបោះឆ្នោត។ ទី២ ផ្តល់នូវអនុសាសន៍សម្រាប់កែលំអនូវការរៀបចំការបោះឆ្នោតលើកក្រោយ និងទី៣ លើកកម្ពស់តម្លាភាព និងសុចរិតភាព៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments