សាលាដំបូងរាជធានីភ្នំពេញ កោះហៅលោកមេធាវី គី តិច ជាមេធាវីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅឆ្លើយបំភ្លឺជុំវិញបណ្ដឹងបរិហារកេរ្តិ៍លោក ហ៊ុន សែន ប្រឆាំងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៦ មករា ខាងមុខ។
កាលពីថ្ងៃទី១៨ ខែមករា លោក ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារ ក្រោយពីលោក សម រង្ស៊ី អះអាងក្នុងវេទិកាសាធារណៈមួយថា លោក ហ៊ុន សែន បានសូកប៉ាន់ស្ត្រីប្រធានអង្គការសង្គមស៊ីវិលម្នាក់ ១លានដុល្លារជាថ្នូរនឹងការវាយប្រហារគណបក្សប្រឆាំង។
លោក ហ៊ុន សែន បញ្ជាក់ក្នុងពាក្យបណ្ដឹងថា ការលើកឡើងរបស់លោក សម រង្ស៊ី ជាការអះអាងបំផ្លើស ទម្លាក់កំហុសក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។
ពាក់ព័ន្ធនឹងបណ្ដឹងបរិហារកេរ្តិ៍នេះ លោក សម រង្ស៊ី បន្តប្រកាន់ជំហរលោក ដោយគ្មានការកែតម្រូវ។ រហូតមកដល់ពេលនេះ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យវិលចូលស្រុក កំពុងជាប់បណ្ដឹងសរុបនៅក្នុងតុលាការចំនួន ៥ករណី។ បើគិតទាំងបណ្ដឹងថ្មីនេះផង គឺកើនឡើងដល់ ៦ករណីហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments