![]() |
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ Photo: RFA |
ដោយ ជាតិ ចំណាន RFA 2018-01-23
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការរៀបចំធ្វើអត្តសញ្ញាណប័ណ្ណថ្មី តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប និងព័ត៌មានវិទ្យា អាចធ្វើឲ្យអាជ្ញាធររដ្ឋគ្រប់គ្រងទិន្នន័យពលរដ្ឋបានត្រឹមត្រូវ និងមានលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងងាយស្រួលក្នុងការដាក់ផែនការដើម្បីអភិវឌ្ឍផងដែរ។
ក្រសួងមហាផ្ទៃបានបោះពុម្ពអត្តសញ្ញាណប័ណ្ណចំនួនជាង ៥ម៉ឺនសន្លឹកឡើងវិញ ដោយសារអត្តសញ្ញាណប័ណ្ណទាំងនោះ ខូចគុណភាព បាត់បង់ កែតម្រូវទិន្នន័យ និងខុសបច្ចេកទេស។
អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបោះពុម្ពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ បានចំនួនជិត ៩លាន ៧សែនសន្លឹកហើយ ដើម្បីផ្ដល់ជូនប្រជាពលរដ្ឋប្រើប្រាស់ ចាប់ពីឆ្នាំ២០១៤ រហូតដល់ចុងឆ្នាំ២០១៧ កន្លងមកនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោក ម៉ៅ ច័ន្ទតារា លើកឡើងនៅក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មរយៈពេល ៣ឆ្នាំ ២០១៤-២០១៧ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ នៅឯក្រសួងមហាផ្ទៃ ថាអត្តសញ្ញាណប័ណ្ណចំនួនជាង ៥ ម៉ឺនសន្លឹក ត្រូវបានបោះពុម្ពឡើងវិញ។ «»
លោកបន្ដទៀតថា ចាប់តាំងពីឆ្នាំ២០១២ មក ប្រព័ន្ធចុះបញ្ជីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានធ្វើទំនើបកម្មដោយប្រើប្រាស់បច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មានវិទ្យា ដោយអាចគ្រប់គ្រងបាននូវអត្តសញ្ញាណជាក់លាក់របស់បុគ្គល ធានាទប់ស្កាត់ភាពស្ទួនក្នុងការចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ដោយសារតែការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យានេះ អាជ្ញាធរបានរកឃើញទិន្នន័យស្ទួនប្រមាណជាង ៤០ម៉ឺននាក់ ដែលអាចទប់ស្កាត់បាននូវការប៉ុនប៉ងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយកែប្រែទិន្នន័យបុគ្គលខុសពីអត្តសញ្ញាណដើម។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ព្រុំ សុខា ថា កិច្ចការប្រឹងប្រែងធ្វើអត្តសញ្ញាណប័ណ្ណនេះគឺធ្វើយ៉ាងណាដើម្បីប្រមូលតួលេខមួយដែលជាក់លាក់ ហើយមិនត្រឹមតែជាការគ្រប់គ្រងប្រជាពលរដ្ឋនោះទេ តែមានភាពសុក្រឹតសម្រាប់ការលើកផែនការអភិវឌ្ឍនានា និងមានលក្ខណៈវិទ្យាសាស្ត្រផង។
ការធ្វើអត្តសញ្ញាណប័ណ្ណ ឬលិខិតស្នាក់នៅនាពេលកន្លងមក តែងមានការរិះគន់ពីមហាជនថា អាជ្ញាធរបានឃុបឃិត ទទួលសំណូកជាថ្នូរនឹងការផ្ដល់លិខិតស្នាក់នៅ ឬអត្តសញ្ញាណប័ណ្ណដល់ជនជាតិវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ពួកគេទាមទារឲ្យអាជ្ញាធររឹតបន្តឹងច្បាប់អន្តោប្រវេសន៍ និងច្បាប់ស្ដីពីសញ្ជាតូបនីយកម្ម។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានឲ្យដឹងថា ចំនួនដែលក្រសួងប្រកាសផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋនេះ គឺជាបរិមាណមួយដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែលោកនៅតែព្រួយបារម្ភពីគុណភាពអត្តសញ្ញាណប័ណ្ណនេះ ដោយសារតែអ្នកប្រើប្រាស់កន្លងមកបានខូច ឬគ្មានគុណភាពប្រើប្រាស់បានយូរជាដើម មិនត្រឹមប៉ុណ្ណោះក្រសួងក៏គួរត្រួតពិនិត្យមើលឲ្យបានច្បាស់ ចំពោះជនបរទេសដែលបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរកន្លងមក។ «»
លោកបន្តទៀតថា នៅពេលដែលអាជ្ញាធររដ្ឋចាត់វិធានការតឹងរ៉ឹងបែបនេះ គឺដើម្បីធានាតម្លៃអត្តសញ្ញាណប័ណ្ណជនជាតិខ្មែរ និងច្បាប់នៃសញ្ជាតិផងដែរ៕
From KI Media - Khmer Intelligence
via_IFTTT
0 Comments