RFA | កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦៥ករណី​ថែម​ទៀត | hot news

By , Comment
Share on Facebook Tweet on Twitter

កម្ពុជា​បន្ត​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ៦៥ករណី​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ។ អាជ្ញាធរ​ ក៏​បាន​បញ្ជូន អ្នក​ដែល​ពាក់ព័ន្ធ និង​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​ទៅ​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័ក​ជា​បន្ត​បន្ទាប់​ផង​ដែរ។ មន្ត្រី​ឃ្លាំមើល​សង្គម​យល់​ថា ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​ការពារ​នូវ​ជំងឺ​នេះ។

ករណី​ឆ្លង​ថ្មី ៦៥ករណី​នេះ មាន​ករណី​ចម្លង​ចូល​សហគមន៍​មាន ៥៨ករណី និង ៧ករណី​ទៀត ជា​អ្នក​ដំណើរ​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​ចំណោម​អ្នកជំងឺ​ទាំង ៥៨នាក់​នោះ មាន​ជន​ជាតិ​ចិន​ចំនួន ៤១នាក់ វៀតណាម ៩នាក់ ខ្មែរ ៥នាក់ សិង្ហបុរី​ម្នាក់ ជប៉ុន​ម្នាក់ និង​កូរ៉េ​ម្នាក់។

អ្នក​ជំងឺ​ទាំង​នោះ មាន​អាយុ​ចន្លោះ​ពី ២០ឆ្នាំ ទៅ ៤៦ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ និង​មាន​កុមារី​ជនជាតិ​វៀតណាម​ម្នាក់ អាយុ ១៦ខែ បាន​ឆ្លង​ជំងឺ​នេះ​ផង​ដែរ។ ពួកគេ​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ចត្តាឡីស័ក​រាជធានី​ភ្នំពេញ។

ចំណែក​អ្នក​ជំងឺ ៧នាក់​ទៀត​នោះ រួម​មាន​កងទ័ព​មួក​ខៀវ​បម្រើ​ការ​នៅ​អង្គការ​សហប្រជាជាតិ មក​ពី​ប្រទេស​អាហ្វ្រិក បន្ត​ជើង​ហោះ​ហើរ​ពី​ប្រទេស​ឥណ្ឌា មាន​ស្រុក​កំណើត​នៅ​ខេត្ត​រតនគិរី និង ៦នាក់​ទៀត​នោះ​ជា​ជនជាតិ​ចិន ស្នាក់​នៅ​ខេត្ត​ព្រះ​សីហនុ ដែល​បាន​ទៅ​ធ្វើ​តេស្ត​នៅ​មន្ទីរ​ពេទ្យ ដើម្បី​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ក្នុង​បំណង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​វិញ។ លទ្ធផល​តេស្ត​របស់​ពួកគេ គឺ​វិជ្ជមាន​ជំងឺ​កូវីដ១៩ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។ ថ្ងៃ​នេះ​មាន​អ្នក​ជំងឺ​ម្នាក់​បាន​ជា​សះ​ស្បើយ​ ជា​ស្ត្រី​ខ្មែរ​ អាយុ ១៩ឆ្នាំ​ ជា​អ្នក​ដំណើរ​មកពី​សហរដ្ឋ​អាមេរិក។ អ្នក​ជំងឺ​រូប​នេះ​ ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​រាជ​ធានី​ភ្នំពេញ​ហើយ។

ជា​មួយ​គ្នា​នេះ​ រដ្ឋបាល​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​កណ្ដាល និង​ខេត្ត​ព្រៃវែង បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ និង​បាន​បញ្ជូន​ពួក​គេ​ទៅ​ពិនិត្យ និង​ធ្វើ​ចត្តាឡីស័ក​ជា​បន្ត​បន្ទាប់ ។

រយៈ​ពេល ៦ថ្ងៃ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ថ្ងៃ​ទី២៥ កុម្ភៈ រដ្ឋបាល​ខេត្ត​កណ្តាល​បាន​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិ​ការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ៩៤២នាក់ ដែល​ភាគ​ច្រើន គឺ​ជា​ស្ត្រី។ អាជ្ញាធរ​កំពុង​ដាក់​អ្នក​ទាំង​នោះ ឲ្យ​ធ្វើ​ចត្តាឡីស័ក នៅ​តាម​មណ្ឌល​មួយ​ចំនួន និង​តាម​ផ្ទះ។ រដ្ឋបាល​ខេត្ត​នេះ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ម្នាក់ ជា​បុគ្គលិក​ក្លឹប N8 រស់នៅ​ក្រុង​តាខ្មៅ ដែល​បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​របេង និង​ហង់សិន រាជ​ធានី​ភ្នំពេញ។ រដ្ឋបាល​ខេត្ត​នេះ​ក៏​កំពុង​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ចំណែក នៅ​ស្រុក​ពារាំង ខេត្ត​ព្រៃវែង​វិញ ពលរដ្ឋ រួមមាន​សិស្ស​សាលា​ចំនួន ៧៧នាក់ បាន​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​ស្ត្រី​ម្នាក់​ឆ្លង​ជំងឺ​កូវីដ១៩ ដែល​បាន​មក​លេង​ស្រុក​កំណើត នោះ​ត្រូវ​អាជ្ញាធរ​បញ្ជូន​ពួក​គេ​ទៅ​រាជ​ធានី​ភ្នំពេញ ដើម្បី​តាម​ដាន​សុខភាព និង​ធ្វើ​ចត្តាឡីស័ក។ ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​ធ្ងន់ធ្ងរ​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង និង​រងគ្រោះ​ធ្ងន់ធ្ងរ។

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​លោកស្រី ហែម សិរីសោភា ថ្លែង​ថា លោកស្រី​បារម្ភ​ចំពោះ​ស្ថាន​ភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ​យ៉ាង​ខ្លាំង ហើយ​លោកស្រី​បារម្ភ​ពី​សុវត្ថិភាព​សុខភាព​កូនៗ លោកស្រី។ លោកស្រី​បន្ត​ថា លោកស្រី​កំពុង​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច និង​ជំពាក់​បំណុល​ធនាគារ​ បន្ទាប់​ពី​ជំងឺ​នេះ អូស​បន្លាយ​ជា​យូរ។ លោកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល​គួរ​ទប់​ស្កាត់​ជំងឺ​នេះ ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ជួយ​ស្ដារ​សេដ្ឋ​កិច្ច​ប្រជា​ពលរដ្ឋ​ឡើង​វិញ និង​គួរ​មាន​យន្ត​ការ​ជួយ​ដល់​ពលរដ្ឋ​ក្នុង​អំឡុង​ពេល​វិបត្តិ​នេះ​កើត​ឡើង៖ «សម្រាប់​ខ្ញុំ គឺ​ខក​ចិត្ត​ខ្លាំង​សម្រាប់​មន្ត្រី ដែល​ធ្វេស​ប្រហែស​ដែល​នាំ​ចត្តាឡីស័ក​គ្រប់គ្រង​អត់​បាន​ជាប់​លាប់ ធ្វើ​ឲ្យ​មាន​ការ​ចេញ​មក​រីក​រាល​ដាល​ឆ្លង​អ៊ីចឹង តែ​គ្រាន់​សំណូមពរ​ឲ្យ​ខាង​ក្រសួង​សុខាភិបាល​ហ្នឹង គាត់​ជួយ​ពង្រឹង និង​ដោះ​ស្រាយ​រឿង​ហ្នឹង​បាន​ឆាប់»

ការ​រីក​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូវីដ-១៩ បាន​ចម្លង​ចូល​សហគមន៍​ជា​លើក​ទី៣ កាល​ពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ដែល​រដ្ឋាភិបាល​ហៅ​ថា ព្រឹត្តិ​ការណ៍ ២០ កុម្ភៈ។ មក​ដល់​ពេល​នេះ​ ចំនួន​សរុប​នៃ​ករណី​ឆ្លង​ក្នុង​សហគមន៍ បាន​កើន​ដល់ ១៩៤នាក់ ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ដើម្បី​សួរ​នាំ​បន្ថែម​ពី​ករណី​នេះ​នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​លោក ប៉ិច ពិសី  មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​វិធានការ និង​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​មណ្ឌល​ចត្តាឡីស័ក​ទូទាំង​ប្រទេស​ដើម្បី​ធានា​ថា មិន​មាន​ករណី​លួច​រត់​ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​លើ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ដែល​ពុក​រលួយ នៅ​តាម​មូលដ្ឋាន ដែល​បង្ក​ឲ្យ​មាន​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ។ លោក​ទទូច​ឲ្យ​ពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺ​នេះ​ផង​ដែរ៖ «យើង​គួរ​តែ​រក​វិធី​ទប់​ស្កាត់​អំពី​ការ​រីក​រាល​ដាល​ហ្នឹង កុំ​ឲ្យ​វា​ធំ​ជាង​ហ្នឹង ហើយ​សំខាន់​គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស ពលរដ្ឋ​ទូទៅ​ហ្នឹង។ យើង​សោក​ស្ដាយ ហើយ​ដែល​បញ្ហា​នេះ​កើត​ឡើង ក៏​ប៉ុន្តែ​រឿង​ដែល​កើត​ហើយ យើង​គិត​ថា វិធី​ល្អ​ជាង​គេ គឺ​យើង​ព្យាយាម​ចូល​រួម​បញ្ឈប់​បញ្ហា​ហ្នឹង​ទៅ​វិញ។ ហើយ​រឿង ដែល​កើត​ឡើង​ហ្នឹង​បង្ក​ដោយ​មូល​ហេតុ​អី យើង​គួរ​ធ្វើ​ការ​សិក្សា​រក​ឲ្យ​ឃើញ​ច្បាស់​ហើយ​ទប់​ស្កាត់​កុំឲ្យ​បញ្ហា​ហ្នឹង​កើត​ឡើង​សារ​ជាថ្មី​ឡើង​វិញ»

ក្រោយ​ព្រឹត្តិការណ៍ ២០ កុម្ភៈ រដ្ឋាភិបាល បាន​សម្រេច​បិទ​ដំណើរ​ការ​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន​ជា​បណ្ដោះអាសន្ន រួម​មាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​​ទីតាំង​ជា​ច្រើន​កន្លែង​ទៀត ដូច​ជា ក្លឹប​កម្សាន្ត ហាង​ម៉ាស្សា ខារ៉ាអូខេ សណ្ឋាគារ និង​អគារ​ស្នាក់​នៅ​មួយ​ចំនួន។

គិត​ត្រឹម​ថ្ងៃ​ទី២៥ កុម្ភៈ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប ៦៩៧នាក់ ក្នុង​នោះ ព្យាបាល​ជា​សះ​ស្បើយ ៤៧៧នាក់ និង​កំពុង​សម្រាក​ព្យាបាល ២១៧នាក់៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments