RFA | អាមេរិក​រំឭក​របប​ភ្នំពេញ​ឱ្យ​គោរព​សិទ្ធិ​ការងារ ខណៈ​ការ​បន្ត GSP ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ | hot news

By , Comment
Share on Facebook Tweet on Twitter

សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្រឹងប្រែង​លើក​ស្ទួយ​សិទ្ធិ​ការងារ និង​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ទៅលើ​ជនល្មើស​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​កម្លាំង​ពលកម្ម និង​ជួញដូរ​មនុស្ស​។ ការ​លើក​ឡើង​នេះ គឺ​នៅ​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​មិនទាន់​បន្ត​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា​នៅឡើយ​។ សហជីព​ជឿ​ថា សារ​របស់​សហរដ្ឋអាមេរិក អាច​មាន​ជាប់​ទាក់ទង​នឹង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP

សហរដ្ឋអាមេរិក​ដាស់​តឿន​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ការពារ​សិទ្ធិ​កម្មករ កាត់បន្ថយ​ពលកម្ម​កុមារ និង​ពលកម្ម​ដោយ​បង្ខំ ដែល​ជា​លក្ខខណ្ឌ​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​ពាណិជ្ជម្ម តាមរយៈ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ហៅ​កាត់​ថា ជីអេសភី (GSP)​។ សហរដ្ឋអាមេរិក​គូស​បញ្ជាក់​ថា កម្ពុជា​បាន​ទាញ​យក​ប្រយោជន៍​ពេញលេញ​ពី​កម្មវិធី​នេះ ហើយ​បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង និង​បង្កើន​ឱកាស​ផ្នែក​ពាណិជ្ជកម្ម តាំងពី​កម្ពុជា​បំពេញ​បាន​តាម​លក្ខខណ្ឌ​កំណត់​នេះ​។ សហរដ្ឋអាមេរិក​ជឿ​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​គួរតែ​ផ្ដល់​ប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក មាន​តម្លាភាព ហើយ​គោរព​តាម​បទដ្ឋាន​ខ្ពស់​បំផុត ដោយ​រួម​ទាំង​សិទ្ធិ​ការងារ​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​របស់​មនុស្ស​ផង​ដែរ។

សហរដ្ឋអាមេរិក​បញ្ចេញ​សារ​បែបនេះ​តាមរយៈ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ក្រោយពី​លោក​ឯកអគ្គរដ្ឋទូត ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បាន​ជួប​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង កាលពី​ថ្ងៃ​ទី​២៣ កុម្ភៈ​។ មន្ត្រី​ទាំងពីរ​រូប​បាន​ពិភាក្សា​គ្នា​អំពី​សារសំខាន់​នៃ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ទាក់ទង​នឹង​ការ​កេងប្រវ័ញ្ច និង​ការ​ជួញដូរ​មនុស្ស ព្រមទាំង​ការ​ធ្វើ​ការ​ជាមួយគ្នា ដើម្បី​លើកកម្ពស់​សេរីភាព​នៃ​ការ​ចងក្រង​ជា​សមាគម និង​គុណ​តម្លៃ​ស្នូល​ដទៃ​ទៀត​នៃ​ពលកម្ម​នៅ​កម្ពុជា។

ស្ថានទូត​សហរដ្ឋអាមេរិក​លើកឡើង​ទៀត​ថា សហរដ្ឋអាមេរិក និង​កម្ពុជា មាន​គោលដៅ​រួមគ្នា ក្នុង​ការ​កាត់បន្ថយ​កម្លាំង​ពលកម្ម​កុមារ និង​ការ​ធ្វើ​ពលកម្ម​ដោយ​បង្ខំ ដោយ​រួម​ទាំង​ទម្រង់​នៃ​ទាសភាព​សម័យ​ទំនើប ដូចជា ទាសភាព​បំណុល ជាដើម​។ ប្រទេស​មហាអំណាច​មួយ​នេះ​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​កាត់ទោស​ជនល្មើស និង​ការពារ​ជនរងគ្រោះ ព្រមទាំង​ការពារ​កុំ​ឱ្យ​មាន​បទល្មើស​ជួញដូរ​មនុស្ស។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

ទោះជា​យ៉ាងណា ក្រសួង​ការងារ​បាន​ទទួល​ស្គាល់​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក​បាន​ចូលរួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា បើ​ទោះ​បី​ជា​ជំងឺ​កូ​វីដ​-១៩ កំពុង​បន្ត​គំរាមកំហែង​ក៏ដោយ។

ក្រសួង​ការងារ​ឱ្យ​ដឹង​តាម​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ​ថា កម្ពុជា​ពេញចិត្ត​នឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហរដ្ឋអាមេរិក ដែល​ជួយ​បង្កើត​ការងារ​ជូន​កម្មករ​និយោជិត​។ ក្រសួង​បញ្ជាក់​ថា បើ​ទោះ​ជា​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ក៏​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក មិនបាន​ធ្លាក់​ចុះ​ទេ មានតែ​កើន​ឡើង​ថែមទៀត បើ​ប្រៀបធៀប​នឹង​ទីផ្សារ​ប្រទេស​ដទៃ​។ ក្រសួង​ការងារ​បញ្ជាក់​ថា ក្រសួង​ឯកភាព​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បន្ត​ពិនិត្យ​ចំណុច​មួយ​ចំនួន​នៃ​ច្បាប់​ទាំងឡាយ​ដែល​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ការអនុវត្ត​កាន់តែ​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​នេះ ជា​សារ​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ពិនិត្យមើល​ចំណុច​ខ្វះខាត​ទាំងឡាយ​ពាក់ព័ន្ធ​វិស័យ​ការងារ និង​សិទ្ធិមនុស្ស​។ លោក​ជំរុញ​​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​ព្រមព្រៀង​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP បន្ត​ទៅ​ទៀត ព្រោះ​កម្ពុជា​បាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប ចំនួន​២០% រួច​ទៅ​ហើយ​៖ «ជាទូទៅ គឺ​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាង​លិច គេ​តែងតែ​រក​មធ្យោបាយ​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ កុំ​ឱ្យ​មានការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ដើម្បី​ផ្តល់​ឱ្យ​នូវ​កូតា ឬក៏​លក្ខខណ្ឌ​ផលប្រយោជន៍​មក​ឱ្យ​កម្ពុជា​ច្រើន​។ អ៊ីចឹង​ខ្ញុំ​គិត​ថា វា​ជា​ពេល​មួយ​សមរម្យ​ដែល​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​ឡើងវិញ​អំពី​ចំណុច​ខ្វះខាត​កន្លងមក ដែល​ខ្លួន​បាន​ធ្វើ​ទៅ វា​មិនបាន​ឆ្លើយតប​ទៅ​នឹង​កិច្ចព្រមព្រៀង​ផ្សេងៗ​ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជាដើម»

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ GSP របស់​សហរដ្ឋអាមេរិក បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​អភិវឌ្ឍ និង​ពង្រឹង​ការលូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​ក្រីក្រ។ សហរដ្ឋអាមេរិក​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ក្រោម​លក្ខខណ្ឌ​ដែល​ប្រទេស​ទទួល ត្រូវ​ធានា​គោរព​សិទ្ធិ​ការងារ និង​លុបបំបាត់​រាល់​ទម្រង់​នៃ​ពលកម្ម​កុមារ ព្រមទាំង​លក្ខខណ្ឌ​មួយចំនួន​ទៀត។

កម្ពុជា​ចាប់ផ្ដើម​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ GSP នៅ​ឆ្នាំ ១៩៩៧ ហើយ​តាមរយៈ​កម្មវិធី​នេះ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​សហរដ្ឋអាមេរិក គិត​ជា​ទឹកប្រាក់​ជាង ១៨០​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ។

ទោះជា​យ៉ាងណា កម្មវិធី​នេះ​បាន​ផុត​កំណត់​កាលពី​ថ្ងៃ​ទី៣១ ខែ ធ្នូ ឆ្នាំ ២០២០ ហើយ​គិត​មកដល់​ចុងខែ​កុម្ភៈ​ឆ្នាំ​២០២១ នេះ សហរដ្ឋអាមេរិក​មិន​ទាន់​បន្ត​សុពលភាព​ឱ្យ​កម្ពុជា​ទៀត​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

You Might Also Like

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments