![]() |
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកម្មវិធីមួយនៅកោះពេជ្រកាលពីឆ្នាំ ២០១៥។ ហុង មិនា |
Erin Handley ភ្នំពេញ ប៉ុស្តិ៍ Fri, 24 February 2017
ភ្នំពេញៈ តាមការសិក្សាស្រាវជ្រាវថ្មីមួយបានចាត់ទុកកម្ពុជាជាប្រទេសដែលគ្រប់គ្រងតាមបែបផ្តាច់ការដោយឯកបក្ស ដែលស្ថិតនៅក្រោមឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចេញផ្សាយកាលពីថ្ងៃអង្គារ និងនិពន្ធដោយអ្នកសិក្សាស្រាវជ្រាវជនជាតិអូស្រ្តាលីម្នាក់ឈ្មោះ Lee Morgenbesser របាយការណ៍នេះបាននិយាយថាមិនមែនគណបក្សប្រជាជនទេដែលផ្តាច់ការ នោះគឺលោក ហ៊ុន សែន ដែល «មានអំណាចផ្តាច់មុខ និងគ្មានដែនកំណត់» ទៅលើ «មន្រ្តីគោលនយោបាយ និងការបែងចែករង្វាន់»។
លោក Lee Morgenbesser បានសរសេរថា៖ «លោក ហ៊ុន សែន ធ្វើដូចនេះតាមរយៈការគ្រប់គ្រងការតែងតាំងចំពោះតំណែងខ្ពស់ៗ ការតែងតាំងសាច់ញាតិរបស់លោកឲ្យកាន់តំណែងខ្ពស់ក្នុងយោធាបង្កើតអំណាចយោធាសេចក្តីសម្រេចផ្តាច់មុខនៅក្នុងការដឹកនាំបក្ស និងគ្រប់គ្រងអ្នកដែលជាផ្នែកនៃការដឹកនាំ»។ របាយការណ៍បន្តថា៖ «ជនផ្តាច់ការដូចជាលោក ហ៊ុន សែន អាចទំនងនឹងត្រូវបញ្ចប់ដោយការសម្លាប់ការដាក់ពន្ធនាគារ ឬនិរទេសច្រើនជាងមេដឹកនាំយោធា ឬមេដឹកនាំផ្សេងៗទៀតក្នុងគណបក្សមិនថាការផ្លាស់ប្តូររបបកើតឡើងឬអត់នោះទេ»។
លោក Morgenbesser បានថ្លែងតាមអ៊ីមែលកាលពីម្សិលមិញថា៖ «នេះពិតណាស់ដាក់គាត់នៅក្នុងចំណោមជនផ្តាច់ការល្បីៗជុំវិញពិភពលោក»។ «ឧទាហរណ៍ច្បាស់មួយគឺការអះអាង [របស់គណបក្សសង្គ្រោះជាតិ] ដែលថាការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គំរាមកំហែងប្រជាធិបតេយ្យរបស់កម្ពុជា។ តើកម្ពុជាអាចជាប្រទេសមានប្រជាធិបតេយ្យយ៉ាងម៉េចទៅ ប្រសិនបើលោក ហ៊ុន សែន អនុវត្តអំណាចខ្លាំងបែបនេះ?»។
ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានរិះគន់ការវាយតម្លៃរបស់លោក Morgenbesser។ «ខ្ញុំពិតជាមិនចូលចិត្តនៅពេលពួកគេនិយាយថានាយករដ្ឋមន្រ្តីរបស់ខ្ញុំជាជនផ្តាច់ការ។ គាត់ជាវីរបុរសរបស់កម្ពុជា»។ លោក ស៊ីផាន បន្ថែមថាបើទោះបីជាគាត់ជាប្រធានគណបក្សកាន់អំណាច «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអាចធ្វើអ្វីដោយខ្លួនឯងទេ គាត់ត្រូវតែកោះប្រជុំគណបក្ស»។
របាយការណ៍នេះបានធ្វើឡើងនៅក្នុងសប្តាហ៍ដែលរដ្ឋសភាបានអនុម័តការធ្វើវិសោធនកម្មច្បាប់ដែលគំរាមរំលាយគណបក្សប្រឆាំងដែលជាគូប្រកួតប្រជែងរបស់លោក ហ៊ុន សែន ហើយដែលទង្វើនេះត្រូវបានអ្នកតាមដាននយោបាយរិះគន់ថាជា «ជ័យជម្នះនៃភាពផ្តាច់ការ»៕PS
From KI Media - Khmer Intelligence
via_IFTTT
0 Comments