តំណាងសហគមន៍ដីធ្លី ក្នុងខេត្តកោះកុង សម្រេចលុបចោលគម្រោងប្រារព្ធសិទ្ធិនារីអន្តរជាតិ ៨មីនា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
តំណាងសហគមន៍ ១៧៥គ្រួសារ លោកស្រី ផាវ ញើង ឱ្យដឹងថា ការលុបចោលគម្រោងប្រារព្ធទិវានេះ គឺដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងដើម្បីកុំឱ្យអាជ្ញាធរឃាត់ខ្លួនពួកលោកស្រី ដោយប្រើលេស អនុវត្តវិធានការកូវីដ។ លោកស្រីបន្តថា អាជ្ញាធរឃ្លាំមើល គំរាមតំណាងសហគមន៍ និងបិទទីតាំងមិនឱ្យមានការប្រមូលផ្តុំ ព្រមទាំងពង្រាយកម្លាំងដើម្បីត្រួតពិនិត្យរថយន្តធ្វើដំណើរចេញចូលក្នុងខេត្តកោះកុង មិនឱ្យជិះលើសពី២នាក់ឡើយ៖ «ពួកខ្ញុំចង់ប្រារព្ធទិវានេះ ដើម្បីលើកកង្វល់អំពីបញ្ហាដីធ្លី ឬក៏ការឃាត់ខ្លួន ចាប់ខ្លួន ឬក៏ឱ្យពួកខ្ញុំហ្នឹងទៅនៅក្រៅឃុំក្រោមការត្រួតពិនិត្យរបស់តុលាការ សួរថា ពួកខ្ញុំវាខុសអី? ពួកខ្ញុំតវ៉ាដី មិនមែនធ្វើរឿងនយោបាយទេ ទោះបីជារឿងនយោបាយក៏ដោយ ក៏ប្រជាពលរដ្ឋខ្មែរមានសិទ្ធិធ្វើនយោបាយដែរ។ អ្នកណាដែលជាប់ឆ្នោត អ្នកហ្នឹងត្រូវតែដោះស្រាយបញ្ហាឱ្យពួកខ្ញុំ អាហ្នឹងបានត្រឹមត្រូវ ហើយប្រើប្រាស់ប្រព័ន្ធតុលាការបែបនេះ គឺជាការបំភិតបំភ័យ គំរាមកំហែងខុសពីការពិត។ ពួកខ្ញុំស្អី ទៅបង្កភាពវឹកវរអសន្តិសុខសង្គមស្អី បើពួកខ្ញុំគ្រាន់តែទៅស្ថាប័នជំនាញ ដើម្បីទៅប្រាប់ថា ខ្ញុំមានកង្វល់ បាត់បង់ដី ឱ្យដោះស្រាយ រកយុត្តិធម៌ឱ្យពួកខ្ញុំផង អាហ្នឹងគឺជាការខុសច្បាប់ដែរមែន?»។
អាជ្ញាធរចាប់ផ្ដើមរឹតបន្តឹងសន្តិសុខ និងការធ្វើដំណើរចេញចូលខេត្តកោះកុង ដោយសារខេត្តនេះមានករណីចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ក្រុមសហគមន៍ដីធ្លីនៅខេត្តកោះកុង អះអាងថា ពួកគាត់នឹងប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនេះ ក្នុងពេលឆាប់ៗខាងមុខ ប្រសិនបើជំងឺកូវីដ១៩ ធូរស្បើយជាងនេះ។ ពួកគាត់គ្រោងប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត ចំនួនជាង៧រយ (៧០០)នាក់ ឆ្ពោះទៅទីក្រុងភ្នំពេញ ដើម្បីដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងយុត្តិធម៌ ដើម្បីឱ្យជួយរកយុត្តិធម៌ជូនសហគមន៍ដែលបានបាត់បង់ដីធ្លី។ ជាពិសេស ពួកគាត់ស្នើឱ្យអាជ្ញាធរបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែង ឬចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លីតទៅទៀត ប៉ុន្តែត្រូវជួយដោះស្រាយបញ្ហាដីធ្លីនេះជូនពួកគាត់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
From ព័ត៌មានថ្មីៗ | RFA
via_IFTTT
0 Comments