RFA | តំណាង​ពលរដ្ឋ​ច្រើន​​គ្រួសារ នៅ​ឃុំ​អំពៅព្រៃ ខេត្ត​កណ្ដាល ​តវ៉ា​នៅ​សាលា​ស្រុក​កណ្ដាល​ស្ទឹង ​ទាមទារ​សំណង​ដី ដែល​រដ្ឋ​គ្រោង​យក​ទៅ​ធ្វើ​ជា​​វាល​យន្ត​ហោះ​ថ្មី | hot news

By , Comment
Share on Facebook Tweet on Twitter

តំណាង​ពលរដ្ឋ​​​​នៅ​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល អះអាង​ថា ពលរដ្ឋ​ប្រមាណ ៤០០គ្រួសារ លើក​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​សាលា​ស្រុក​កណ្ដាល​ស្ទឹង​ នៅ​ព្រឹក​ថ្ងៃ​ទី៦ ឧសភា ដើម្បី​ស្នើ​សុំ​ដំណោះ​ស្រាយ ដី​សហគមន៍​សាមគ្គី​របស់​ពលរដ្ឋ ជា​ច្រើន​ហិកតារ ដែល​រដ្ឋ​សម្រេច​យក​ទៅ​អភិវឌ្ឍន៍​ជា​វាល​យន្តហោះ​ថ្មី។ អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង អះអាង​ថា ដី​វិវាទ​នោះ ធ្លាប់​ដោះ​ស្រាយ​ចប់​សព្វគ្រប់​ហើយ ដោយ​មក​ដល់​ពេល​នេះ គ្មាន​ដី​ណា​ជា​ដី​​សហគមន៍​សាមគ្គី​ទៀត​ទេ។

តំណាង​ពលរដ្ឋ​ឃុំ​អំពៅព្រៃ លោក ភោគ ផានី ប្រាប់​ថា ពលរដ្ឋ​ជាង ៦០ក្រុម​ រស់​នៅ ៣ភូមិ នៃ​ឃុំ​អំពៅ​ព្រៃ ទាមទារ​​ឲ្យ​អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង​សម្រប​សម្រួល​ឲ្យ​ក្រុមហ៊ុន ដែល​ទទួល​​បាន​សិទ្ធិ​វិនិយោគ​ប្រលាន​យន្តហោះ​ថ្មី ផ្ដល់​សំណង់​តាម​ទីផ្សារ​ជូន​ពលរដ្ឋ​លើ​ដី​សហគមន៍​សាមគ្គី​របស់​ពលរដ្ឋ​​ប្រមាណ ៤០០គ្រួសារ ដែល​ធ្លាប់​អាស្រ័យ​ផល​នៅ​ទី​នោះ។

តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ដី​មាន​ជម្លោះ​ជា​ប្រភេទ​ដី​សហគមន៍​សាមគ្គី​របស់​ពលរដ្ឋ​ ដែល​រដ្ឋ​បាន​ចែក​ឲ្យ​ពលរដ្ឋ និង​ចុះ​បញ្ជី​ នៅ​សម័យ​រដ្ឋ​កម្ពុជា គឺ​កំឡុង​ក្រោយ​ឆ្នាំ១៩៧៩។ កាល​ពី​ពេល​នោះ ពលរដ្ឋ​បាន​នាំគ្នា​ទៅ​កាប់​រាន ដើម្បី​ធ្វើ​កសិកម្ម។ ឃុំ​អំពៅ​ព្រៃ មាន​ភូមិ​ទាំង​អស់​ចំនួន ៩ភូមិ ហើយ​ដី​សហគមន៍​សាមគ្គី​ សរុប​មាន​ផ្ទៃ​ជាង ៨០០ហិកតារ​ ត្រូវ​បាន​អាជ្ញាធរ​ដោះ​ស្រាយ​បញ្ចប់​ជា​បន្ត​បន្ទាប់។ បច្ចុប្បន្ន​នៅ​សល់​ផ្ទៃ​ដី ៨៣ហិកតារ មិន​ទាន់​ដោះ​ស្រាយ។

លោក ភោគ ផានី ប្រាប់​ថា អាជ្ញាធរ​ស្រុក​កណ្ដាល​ស្ទឹង បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ និង​សន្យា​ដាក់​ជូន​ប្រធាន​គណៈកម្មការ​ទទួល​ញត្តិ​មុខ​ភូមិ​គ្រឹះ​នាយករដ្ឋមន្ត្រី និង​ប្រធាន​អគ្គនាយកដ្ឋាន​កង​អង្គរក្ស លោក ហ៊ីង ប៊ុនហៀង ស្នើសុំ​ដំណោះស្រាយ៖ «ប្រភេទ​ដី​ក្រុម​សាមគ្គី។ ពី​មុន​មក​ ក្រុម​សាមគ្គី​ទាំង​អស់​ហ្នឹង។ ប៉ុន្តែ​ដល់​ឆ្នាំ១៩៨៤ និង​៨៥ គាត់ (ពលរដ្ឋ) ចែក​ជា​ក្រុម​តូចៗ។ មុន​មក​ក្រុម​ធំ។ ពេល​ចែក​ជា​ក្រុម​តូច​អ៊ីចឹង​មក ដី​នោះ​ ជា​កំណត់​ព្រំ ដែល​លោក​មេឃុំ​បាន​ថែម​ថយ ​ឲ្យ​ក្រុម​សាមគ្គី»

អភិបាល​ស្រុក​កណ្ដាល​ស្ទឹង លោក បូ ណារ៉េត អះអាង​ប្រាប់​អាស៊ី​សេរី​ថា តំណាង​ដែល​មក​ដាក់​ញត្តិ​មិន​មែន ៤០០នាក់​ទេ គឺ​មាន​ពលរដ្ឋ​ប្រហែល ៣០នាក់ បាន​មក​សាលា​ស្រុក​នៅ​ព្រឹក​ថ្ងៃ​ទី៦ ឧសភា ហើយ ២៥នាក់ អះអាង​ថា ជា​អ្នក​តំណាង។

លោក​ថា អាជ្ញាធរ​បាន​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ​រួចហើយ និង​ឲ្យ​ខាង​​ផ្នែក​សុរិយោ​ដី​ផ្ទៀង​ផ្ទាត់​ ដើម្បី​ឲ្យ​ជាក់​ច្បាស់​ថា ពិត​ជា​ដី​របស់​ពលរដ្ឋ ឬ​យ៉ាង​ណា ព្រោះ​នៅ​ក្នុង​ដែនដី​រដ្ឋបាល​ស្រុក​កណ្ដាល​ស្ទឹង​ទាំង​មូល ​គ្មាន​ដី​ណា ជា​ប្រភេទ​ដី​សហគមន៍​​សាមគ្គី​ទៀត​ទេ គឺ​មាន​តែ​ដី​ឯកជន របស់​បុគ្គល​ម្នាក់ៗ និង​ដី​របស់​រដ្ឋ ដែល​​ច្បាប់​​ចែង ដូចជា បឹង​ ភ្នំ ទន្លេ ជាដើម។

ទោះ​យ៉ាងណា អភិបាល​ស្រុក​រូប​នេះ បន្ត​អះអាង​ថា ក្នុង​នាម​អាជ្ញាធរ​ត្រូវ​តែ​ទទួល​យក​ញត្តិ​របស់​ពលរដ្ឋ និង​ស្វែង​រក​ការ​ពិត ដើម្បី​បញ្ជាក់​ជូន​ពលរដ្ឋ។ លោក​ថា ក្រោយ​ពេល​មន្ត្រី​សុរិយោ​ដី ផ្ទៀង​ផ្ទាត់​រួច អាជ្ញាធរ​នឹង​កោះ​ហៅ​តំណាង​មក​ជួប​ពិភាក្សា៖ «យើង​កាន់​ជើង​ យើង​នៅ​ខាង​ប្រជាពលរដ្ឋ។ ឲ្យ​តែ​គាត់​ត្រឹម​ត្រូវ​ ពិនិត្យ​ហេតុផល​ហើយ ដាក់​ជូន​គាត់​ទៅ»

ជម្លោះ​ដីធ្លី​នៅ​ឃុំ​អំពៅព្រៃ និង​បណ្ដា​ឃុំ​មួយ​ចំនួន​ទៀត នៅ​ស្រុក​កណ្ដាល​ស្ទឹង ត្រូវ​បាន​អ្នក​ភូមិ​​ចោទ​ប្រកាន់​ថា ភាគច្រើន កើត​​មាន​ជម្លោះ ដោយ​សារ អាជ្ញាធរ​នៅ​មូលដ្ឋាន ឃុបឃិត​គ្នា ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ ហេង អភិវឌ្ឍន៍​ របស់ អ្នកស្រី សៀង ចាន់​ហេង។

ជម្លោះ​ដី​ធ្លី​នៅ​ស្រុក​កណ្ដាល​ស្ទឹង បាន​កក្រើក​ឡើង​វិញ ក្រោយ​ពេល លោក ហ៊ុន សែន មេ​ដឹកនាំ​របប​ក្រុង​ភ្នំពេញ បាន​ប្រកាស​ថា នឹង​បង្កើត​ប្រលាន​យន្តហោះ​ថ្មី ខ្នាត​អន្តរ​ជាតិ មាន​ទំហំ​ជាង ២ពាន់​ (.៦០០) ហិកតារ នៅ​ផ្នែក​ខ្លះ​នៃ​ក្រុង​តាខ្មៅ ស្រុក​កណ្ដាល​ស្ទឹង និង​ផ្នែក​ខ្លះ​នៃ​ស្រុក​បាទី ខេត្ត​តាកែវ។ លោក​អភិបាល​ស្រុក​កណ្ដាល​ស្ទឹង អះអាង​ថា មក​ដល់​ពេល​នេះ ខាង​អាជ្ញាធរ​ស្រុក​មិន​ទាន់​ដឹង​ព័ត៌មាន​អ្វី​ច្បាស់លាស់ ឬ​ទីតាំង​ណា នឹង​ត្រូវ​ធ្វើ​វាល​យន្ត​ហោះ​ថ្មី​ទេ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ជា​ការ​ល្អ ដែល​អាជ្ញាធរ​ព្រម​ទទួល​ញត្តិ និង​បញ្ជូន​ឲ្យ​ខាង​ជំនាញ​បញ្ជាក់​ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​មិន​គួរ​ទាន់​​អះអាង​ពី​ប្រវត្តិ​ដី​មាន​ជម្លោះ​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ។ តំណាង​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​អាជ្ញាធរ ហ៊ាន​ផ្ដល់​ដំណោះ​ស្រាយ​ឲ្យ​ពលរដ្ឋ ប្រសិន​បើ​រក​ឃើញ​ថា ពលរដ្ឋ​ធ្លាប់​អាស្រ័យ​លើ​ដី​នោះ​ពិត​មែន។

ពាក់​ព័ន្ធ​នឹង​គម្រោង​បង្កើត​ព្រះលាន​យន្តហោះ​វិញ លោក ស៊ឹង សែន​ករុណា សង្កេត​ឃើញ​ថា ​គម្រោង​របស់​រដ្ឋ​ភាគ​ច្រើន រដ្ឋាភិបាល និង​ក្រុមហ៊ុន មិន​ព្រម​បង្ហាញ​ព័ត៌មាន​តម្លាភាព របស់​គម្រោង​អភិវឌ្ឍន៍ ​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ដឹង​ឮ​ទេ។ លោក​ថា នេះ​ជា​ភាព​មិន​ស្មោះ​ត្រង់​របស់​​រដ្ឋាភិបាល ជាមួយ​ពលរដ្ឋ ទើប​បណ្ដាល​ឲ្យ​ពលរដ្ឋ​តែង​ខាត​​បង់​ប្រយោជន៍ ចាញ់​បោក​ឈ្មួញ និង​​ឲ្យ​តែ​ឮ​ពី​ការ​អភិវឌ្ឍន៍ គឺ​បារម្ភ​គ្រប់​គ្នា៖ «ត្រូវ​ធ្វើ​ការ​ប្រកាស​ជា​សាធារណៈ​រាល់​គម្រោង​ទាំង​ឡាយ​ណា ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​ការ​អភិវឌ្ឍន៍​ហ្នឹង ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​​ពី​សាធារណៈ​ជន ក៏​ដូច​ជា ប្រជាពលរដ្ឋ ដែល​រស់​នៅ​ក្នុង​តំបន់ ដើម្បី​ឲ្យ​ធ្វើ​យ៉ាង​ណា អ្នក​ដែល​រស់​នៅ​ក្នុង​តំបន់​ហ្នឹង អាច​ត្រៀម​ខ្លួន​របៀប​ម្ដេច​ខ្លះ ជាមួយ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ទាំង​អស់​ហ្នឹង។ តើ​គាត់​អាច​ដើរ​តួនាទី​អ្វី​ខ្លះ ក្នុង​​បញ្ហា​ទាំង​អស់​ហ្នឹង ឬ​ក៏​រក​ដំណោះស្រាយ នៅ​ក្នុង​ការ​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហ្នឹង»

តំណាង​ពលរដ្ឋ​ នៅ​ឃុំ​អំពៅព្រៃ លោក ភោគ ផានី អះអាង​ថា ពលរដ្ឋ​នឹង​មិន​សុខ​ចិត្ត​ទេ បើ​អាជ្ញាធរ​ មិន​ព្រម​ផ្ដល់​ដំណោះ​ស្រាយ ជា​ថ្នូរ​នឹង​យក​ដី​សហគមន៍​សាមគ្គី​របស់​ពលរដ្ឋ ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​ជា​ប្រលាន​យន្ត​ហោះ​នោះ។ លោក​ព្រមាន​ថា បើ​គ្មាន​ដំណោះស្រាយ​ទេ ពលរដ្ឋ​នឹង​ឡើង​ទៅ​តវ៉ា​នៅ​ស្ថាប័ន​ថ្នាក់​លើ ដូច​ជា សាលា​ខេត្ត​កណ្ដាល ក្រសួង​ដែន​ដី ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



From ព័ត៌មាន​ថ្មីៗ | RFA
via_IFTTT

Author

author
Sotheavy royalsRealase at

ប្រភពព័ត៌មានពី|RFA|VOA|RFI|KImedia|and mores.

0 Comments